ភ្នំពេញៈ គិតចាប់​តាំងពី​ដើម​រដូវ​វស្សា ក្នុង​ឆ្នាំ​ ២០២២ នេះ មានប្រជាពលរដ្ឋចំនួន​៩នាក់​បាន​ស្លាប់ និង​ជាង ​៨​ ម៉ឺន​នាក់ បាន​ទទួលរងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​ទឹកភ្លៀង ក្នុង​នោះ​បាន​ធ្វើឱ្យ​ដំណាំស្រូវ​ ៤៥ ​០០០ ​ហិកតា និង​ផ្ទះសំបែង​របស់​ប្រជា​ពលរដ្ឋ​ចំនួន​ជាង​ ៤​ ពាន់​ខ្នង​នៅ​ទូទាំង​ប្រទេស បាន​រង​ផល​ប៉ះពាល់​​​។

លោក​ សុទ្ធ គឹម​កុលមុន្នី អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​ គ្រប់​គ្រង​គ្រោះមហន្ត​រាយ បាន​ប្រាប់​កាល​ពី​ថ្ងៃទី ១៣ ខែកញ្ញ​ថា គិត​ចាប់​តាំង​ពីដើម​រដូវ​វស្សា ​រហូត​មក​ដល់​ពេល​នេះ ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​បាន​ធ្វើ​ឱ្យ​មានការ​ជន់លិច​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​ ១៩ ដោយ​ក្នុង​នោះ​មាន​ផល​ប៉ះ​ពាល់​កម្រិត​សា្រល និង​កម្រិត​មធ្យម​។

ជំនន់​ទឹក​ភ្លៀង​នេះ​ បាន​ធ្វើ​ឱ្យ​ប្រជាជន​រង​គ្រោះប្រ​មាណ​ជាង​ ៨ ​ម៉ឺន​នាក់ ដោយ​មាន​ស្លាប់​ចំនួន​ ៩ ​នាក់ ហើយ​ប្រជាជន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភា​ព​មាន​ចំនួន​ប្រមាណ​ជាង​ ១​ ពាន់​នាក់​។ ​ចំណែក​លំនៅឋាន​លិច​ទឹក​មាន​ចំនួន​ជាង​ ៣ ២០០​ ខ្ន​ង ក្នុង​នោះ​ខូច​ខាត​ចំនួន​៤​ខ្នង។ ចំពោះវិស័យ​កសិកម្ម​វិញ​ក៏មាន​រង​ផល​ប៉ះពា​ល់ផ​ងដែរ ជាពិសេសដំ​ណាំស្រូ​វ​ចំនួន ​៤៥ ០០០​ ហិក​តា ត្រូវបានទឹកជន់លិច​ ក្នុង​នោះខូច​ខាត​ចំនួន​ជិត​ ២ ម៉ឺន​ហិក​តា។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «ជា​រួម​តាម​ការ​វាយ​តម្លៃ​ពីស្ថាន​ភាព​ជន់​លិច​ នៅ​តាម​បណ្តា​ខេត្ត​ទាំង​អស់ មក​ដល់​ពេល​នេះ​ គឺមិន​ទាន់​មាន​ស្ថាន​ភាពធ្ង​ន់ធ្ងរ​នៅ​ឡើយ​នោះ​ទេ។​ ប៉ុន្តែ​ខេត្ត​កំពង់​ធំ ​ជាខេត្ត​ដែល​រង​គ្រោះខ្លាំង​ដែល​ធ្វើឱ្យ​ប៉ះពាល់​ទៅលើ​ដំណាំស្រូវ​ច្រើន​ជាង​គេ ដោយ​សារ​ស្ថាន​ភាព​ទឹក​នៅ​យូរ ហើយ​មក​ដល់​ពេល​នេះស្ថា​នភាព​នៅតែមាន​ក្នុង​កម្រិត​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​នៅឡើយ​»។

យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិ​យមបាន​ឱ្យដឹង​ថា ភ្លៀង​នឹង​បន្ត​មាន​ក្នុង​រយៈពេ​ល២​ខែ​ទៀត ក្នុងបរិមាណ​ពី​មធ្យម​ទៅ​ច្រើន​នៅទូទាំង​ប្រទេស ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​ជំនន់​ទឹក​ភ្លៀង​តាម​តំបន់​ទំនាប​ និង​អាច​មាន​ផល​ខូច​ខាត​ក្នុង​ចំនួន​កាន់​តែច្រើន ព្រោះតាម​វាល​ទំនាប​មាន​ទឹក​ដក់​ពេញក្នុង​កម្រិ​តហា​និភ័យខ្ព​ស់។

​លោក ​សុទ្ធ គឹ​មកុ​ល​មុន្នី​ បញ្ជាក់ថា​៖ «​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​សូម​អំពាវ​នាវ​ដ​ល់អា​ជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ​បន្តយ​កចិត្ត​ទុក​ដាក់ និង​ខិតខំ​ប្រឹង​ប្រែង​តាម​ដាន​សភាព​ការណ៍ ដោយ​មាន​ការ​ទទួល​ខុសត្រូ​វ​ខ្ពស់ ដើម្បី​ទប់​ទល់​នឹង​គ្រោះទឹក​ជំន​ន់ កាត់​បន្ថយ​ការ​លំបាក ​និង​ការ​ប៉ះពាល់​ទ្រព្យ​សម្បត្តិ អាយុជីវិត​របស់​ប្រជា​ពលរ​ដ្ឋ​។

ជាមួយ​គ្នានេះ​ដែរ ប្រជា​ពលរដ្ឋ​ត្រូវ​តាម​ដាន​ព័ត៌មាន​នានាទាក់​ទង​នឹង​ទឹក​ជំនន់ ត្រៀម​បម្រុង​ស្បៀង​អាហារ ត្រៀម​រៀបចំ​សម្ភារ និង​ឯក​សារសំ​ខាន់ៗ​ ត្រៀម​មធ្យោបាយ​ធ្វើដំណើរ និង​ជាពិសេស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះស្ត្រីមា​ន​ផ្ទៃពោះ ចាស់​ជរា ជន​ពិការ និង​កុមារ​»។

លោក​បញ្ជាក់​ថា ដើម្បី​ទប់​ស្កាត់ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ទៅ​លើអាយុ​ជីវិត​ប្រជា​ជន ​គណៈកម្មាធិ​ការជាតិ​គ្រប់​គ្រង​គ្រោះម​ហន្តរា​យ បាន​ត្រៀម​លក្ខណៈជា​និច្ច ដោយ​មាន​រៀបចំ​កម្លាំង​ មធ្យោបាយ​ប្រចាំការ​ តាម​ដាន​សភាព​ការណ៍ ​និង​ត្រៀម​ចេញ​សង្គ្រោះ​ប្រជា​ជន ក្នុង​ករណី​មាន​ទឹក​ជំន​ន់កើ​តឡើ​ងភ្លា​មៗ​។

លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​មាន​លេខា​ធិដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ នៃ​ក្រសួង​ការពារ​ជាតិ កង​រាជអាវុធ​ហត្ថ និង​ក្រុម​រុក​រ​ក​សង្គ្រោះ ដែលបាន​ត្រៀម​លក្ខណៈ​ជាស្រេច​នៅតាម​ភូមិ​សាស្ត្រឈរជើ​ង​ ទាំង​កម្លាំង សម្ភារ​ ក្រុម​គ្រូពេ​ទ្យ សម្រាប់​ចេញ​អន្តរា​គម​ន៍​សង្គ្រោះ​បន្ទាន់​ពេល​មាន​ទឹក​ជំនន់​កើត​ឡើង​ជាយថា​ហេតុ​»។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​ចុង​ក្រោយ​បង្អស់ បាន​ឱ្យដឹង​ថា កម្ពុជា​នឹង​បន្តរង​ឥទ្ធិពល​ពីជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ ដែល​នឹង​បណ្តាល​ឱ្យភ្លៀ​ង​បន្តធ្លាក់​ទូទាំ​ង​ប្រទេស​ពីកម្រិត​តិច​ទៅច្រើ​ន លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់​ពីថ្ងៃទី​ ១៤ ដល់​ថ្ងៃ​ទី​ ២០ ខែ​កញ្ញា៕​