ភ្នំពេញៈ ​ក្រុម​បច្ចេក​ទេស ​Malcolm របស់​អូស្ត្រាលី​នឹង​មក​បណ្តុះ​បណ្តាល​បន្ថែម​ដល់​មន្ត្រី​អគ្គ​នាយក​ដ្ឋាន ក​.​ប​.​ប​. អំពី​ការ​ត្រួត​ពិនិត្យ​រកសារ​ធាតុ​អាស​បេ​ស្តុ​ស​ក្នុង​ផលិត​ផល​នានា​ ខណៈ​អ្នក​បច្ចេក​ទេស​ពី​ស្ថា​ប័ន​ពាក់​ព័ន្ធ​បន្ត​ជជែក​គ្នា​ក្នុង​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ ​ដើម្បី​បង្កើត​ច្បាប់​ហាម​ឃាត់​ការប្រើ​ប្រាស់​ និង​ការ​នាំ​ចូល​ផលិត​ផល​ដែល​មាន​ផ្ទុក​សារ​ធាតុ​អាស​បេ​ស្តុ​ស​។​

​គិត​មក​ទល់​បច្ចុប្បន្ន​ កម្ពុជា​ពុំទាន់​មាន​ច្បាប់​ហាម​ឃាត់​ការ​ប្រើប្រាស់​ និង​ការ​នាំ​ចូល​ផលិត​ផល​ដែល​មាន​ផ្ទុក​សារ​ធាតុ​អាស​បេ​ស្តុ​ស​នៅ​ឡើយ​ទេ។ បើទោះ​ជា​បែប​នេះក្ដី ​អគ្គនាយក​ដ្ឋាន​ក​.​ប​.​ប​.ទើបតែ​ទទួល​បាន​មន្ទីរ

ពិ​សោធន៍​ក្នុងការ​វិភាគ​រកសារ​ធាតុ​អាស​បេ​ស្តុ​ស​ជា​លើក​ដំបូង​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិ​បាល​អូស្ត្រាលី កាល​ពី​ពេល​ថ្មីៗ​នេះ​។​

​កាល​ពី​ថ្ងៃទី​ ១៣ ​ខែ​កញ្ញា មន្ត្រី​អគ្គ​នាយក​ដ្ឋាន ក​.​ប​.​ប​. បាន​ជួប​ពិភាក្សា​ជា​មួយ​តំណាង​អង្គការ​ APHEDA និង​ទី​ភ្នាក់​ងារ​រដ្ឋ​បាល​ប្រទេស​អូស្ត្រាលី​ ដើម្បី​លុប​បំបាត់​សារ​ធាតុ​អាស​បេ​ស្តុ​ស (ASEA) នៅ​កម្ពុជា ​ហើយ​ជំនួប​នេះ ក៏​ដើម្បី​បញ្ជាក់​ពី​សមត្ថ​ភាព និង​សក្តានុ​ពល​របស់​មន្ទីរ​ពិសោ​ធន៍​អគ្គនាយក​ដ្ឋាន​ ក​.​ប​.​ប​. ក្នុងការ​វិភាគ​រកសា​រ​ធាតុ​អាស​បេ​ស្តុ​ស​នេះ​ផង​ដែរ​។

​លោក ​ផាន អូន ប្រតិភូ​រាជ​រដ្ឋាភិ​បាល​ទទួល​បន្ទុក​ជា​អគ្គ​នាយ ក​.​ប​.​ប​. បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤​ កញ្ញា​ថា នៅ​ខែ​តុលា​ខាង​មុខ ​ក្រុម​បច្ចេក​ទេស ​Malcolm របស់​អូ​ស្ត្រាលី ​នឹង​មក​បណ្តុះ​បណ្តាល​មន្ត្រី ក​.​ប​.​ប​. អំពី​បច្ចេក​ទេស​ថ្មីៗ និង​ការ​វិភាគ​រក​សារ​ធាតុ​អាស​បេ​ស្តុ​ស​។

លោក​បាន​បន្ត​ថា ការ​បណ្តុះ​បណ្តាល​នេះ គឺ​ផ្តោត​ទៅ​លើ​ជំនាញ​បច្ចេក​ទេសក្នុង​ការ​ប្រើ​ប្រាស់​មន្ទីរ​ពិសោធន៍​ដែល​រដ្ឋាភិ​បាល​អូស្ត្រា​លី​បាន​ផ្តល់​ឱ្យ​កម្ពុជា​កន្លង​មក​ ដើម្បី​ចៀស​វាង​ការ​ភាន់​ច្រឡំ​។ ក្នុង​នោះ​លោកអះ​អាង​ថា កម្ពុជា ក៏មាន​បំណង​ស្នើ​ឱ្យ​រដ្ឋាភិ​បាល​អូស្ត្រាលី​ផ្តល់​នូវ​បច្ចេកវិទ្យា​ថ្មី​នៃ​មន្ទីរ​ពិសោធន៍​សម្រាប់​ធ្វើ​ការវិភាគ​រក​សារ​ធា​តុនេះ​មក​កម្ពុជា​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖​ «​យើង​ចង់ឱ្យ​គាត់​មក​បង្រៀន​យើង​ឱ្យបាន​លម្អិត​បន្ថែម​ទៀត​ក្នុងការ​ប្រើ​ប្រាស់​មន្ទីរពិសោធន៍​នេះ​។ បើ​មិន​អ៊ីចឹង​ទេយើង​ក៏​នឹង​ស្នើ​សុំឱ្យ​ផ្តល់​ឧប​ករណ៍​មួយ​ទៀត​ ដែល​ទំនើប​ជាង​ហ្នឹង​ព្រោះ​បើ​ថ្ងៃក្រោយ​គាត់​

អាច​ជួយ​យើង​បាន​នោះ​នឹង​ធ្វើឱ្យ​យើង​កាន់​តែ​ពង្រឹង​បាន​ផ្នែក​សមត្ថ​ភាព​របស់ក​.​ប​.​ប​.​យើង​»​។​

​បើ​តាម​លោក ​ផាន អូន ក្នុង​វិស័យ​សំណង់​មិន​ទាន់​មាន​ការសិក្សា​លម្អិត​នៅ​ឡើយ​ទេ​ ចំពោះ​ផលិត​ផល​ដែល​កំពុង​មាន​វត្ត​មាន​នៅ​កម្ពុជា ខណៈ​ផលិត​ផល​ក្នុង​វិស័យ​គ្រឿង​សម្អាង ​ត្រូវបាន​ហាម​ឃាត់​មិន​ឱ្យ​ប្រើ​ប្រាស់​សា​រធាតុ​អាស​បេ​ស្តុ​ស​នោះ​ឡើយ​។លោក​ថា ក្នុង​ដំណាក់​កាល​នេះ ក្រុម​អ្នក​បច្ចេក​ទេស​មកពី​ស្ថា​ប័ន​ពាក់​ព័ន្ធ ក៏​កំពុង​ជជែក​គ្នា​ក្នុង​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​ដើម្បី​បង្កើត​ច្បាប់​គ្រប់​គ្រង​សារ​ធាតុ​នេះ​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ទោះជា​យ៉ាងនេះ​ក៏​ដោយ អគ្គនាយក​ដ្ឋាន ក​.​ប​.​ប​.បាន​ផ្សព្វ​ផ្សាយ ​និង​លើកទឹ​កចិត្ត​ដល់​ធុរជន​ដែល​ផលិតនិង​នាំចូល​ផលិត​ផល​គ្រឿង​សំណង់យក​ផ​លិ​ល​ផល​ខ្លួន​មក​វិភាគ​រក​វត្តមាន​សារធាតុ​អាស​បេ​ស្តុ​ស​នៅ​មន្ទី​រពិសោធន៍​អគ្គនាយក​ដ្ឋាន ក​.​ប​.​ប​.​ តាម​គោល​ការណ៍​ស្ម​គ្រ​ចិត្ត ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើ​ប្រាស់​ថា​ផលិត​ផល​ដែល​បាន​ចែក​ចាយ​មិន​មាន​វត្ត​មាន​សារ​ធាតុ​អាស​បេ​ស្តុ​ស​»​។​

​លោក ​សុខ គីន ប្រធាន​សហ​ព័ន្ធ​សហ​ជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជាបាន​ថ្លែង​ថា ​ការដែល​កម្ពុជាមាន​មន្ទីរ​ពិសោធន៍​ដើម្បី​វិភាគ​រកសា​ធាតុ​អាស​បេ​ស្តុ​ស គឺជា​ចំណុច​វិជ្ជ​មាន​មួយ​ដែល​នាំ​ឱ្យ​មាន​ភាព​ល្អប្រ​សើរ​ក្នុង​ការ​គ្រ​ប់គ្រង ឬ​ទប់​ស្កាត់​ការ​ផលិត​ផល និង​ការ​នាំចូល​សារ​ធាតុ​អាស​បេ​ស្តុ​ស​។​

​លោក​បាន​បន្តថា ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​សារ​ធាតុ​នេះ មិន​ត្រូវបាន​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​នោះ​ទេ ខណៈ​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា មាន​ផលិត​ផល​ជាង ​៣ ០០០ ​ប្រភេទ​ ត្រូ​វបាន​ផលិត​ឡើង​ដោយ​សារ​ធាតុ​អាស​បេ​ស្តុ​ស​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ច្បាស់​ថា ​កម្ពុជាមានការ​ប្រើប្រាស់​ផលិត​ផល​មាន​សារ​ធា​តុ​អាស​បេ​ស្តុ​ស​ប៉ុន្មាន​នោះ​ទេ​។ ប៉ុន្តែ​កម្ពុជាមាន​អត្រា​នាំ​ចូល​ផលិត​ផល​មាន​ផ្ទុក​សារ​ធាតុ​នេះ​ខ្ពស់​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​កាំ​កុង

​ត្រួ​ល​។ យើង​ត្រូវ​សិក្សា​ និង​ទទួល​យក​បទ​ពិសោធពី​​ប្រទេស​ដែល​គេ​លែង​ហ៊ាន​ប្រើ​ប្រាស់​សារធា​តុ​អាស​បេ​ស្តុ​ស​នេះ ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិ​បាលមាន​ច្បាប់​ ឬ​បទដ្ឋាន​គតិ​យុត្ត​ណា​មួយ​ឱ្យបាន​ជាក់​លាក់​ក្នុង​ការ​ហាម​ឃាត់​ការ​នាំ​ចូល​សារ​ធាតុ​អាស​បេ​ស្តុ​សមក​កម្ពុជា​តែ​ម្តង​»​។​

​លោក​ សុខ គីន បាន​បន្ថែម​ថា ផល​ប៉ះពាល់​ពី​ប្រើប្រាស់​ផលិត​ផល​ដែលមាន​សារ​ធាតុ​នេះ គឺ​មិនមា​ន​អ្នក​ណា​គេច​ផុត​នោះ​ទេ ​គឺ​ទាំង​អ្នក​ប្រើប្រា​ស់​ផ្ទាល់ ​និង​អ្នក​ប្រើ​ប្រាស់​ដោយ​ប្រយោល​ ដូច​ជា​កម្មករ​ក្នុង​វិស័​យ​សំណង់ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ​ព្រម​ទាំង​ម្ចាស់​គេហដ្ឋាន​ដែលមាន​វត្តមាន​ផលិត​ផល​ផលិត​ពី​អាស​បេ​ស្តុ​ស​នេះ​។

​លោក​ គីន បាន​ពន្យល់ថា​៖ «​សារ​ធាតុ​អាស​បេ​ស្តុ​ស គឺជា​សារ​ធាតុ​ម្យ៉ាង​មាន​កប់​នៅ​ក្រោម​ដី ហើយ​សារ​ធាតុ​នេះ ​មិន​ទាន់​មាន​ថ្នាំឬ​សារធាតុ​ណា​ដែល​អាច​ព្យា​បាល​វា​បាន​នៅ​ឡើយ​ទេ​។ នៅ​ពេល​វាបាន​ជ្រាប​ចូល​ទៅក្នុង​ខ្លួន​មនុស្ស​តាម​រយៈ​ផ្លូវ​ដង្ហើម ​ប្រឈម​មុខនឹង​ការ​កើត​ជំងឺ​មហា​រីក​សួត ​ដែល​អាច​នឹង​ស្លាប់ ​ក្នុង​រយៈ​ពេល ២០ ​ទៅ ​៣០ ឆ្នាំ​ខាង​មុខ​»​។​

​នៅ​ថ្ងៃទី​ ១៥ ​កញ្ញា ​ឆ្នាំ ២០២២​ ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​សិក្ខា​សាលា​មួយ​ស្តីពី​ការ​រៀប​ចំ​សេចក្តី​ព្រាង​ផែន​ទី​បង្ហាញ​ផ្លូវ​ស្តីពី​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​និង​ហានិ​ភ័យ​នៃ​ជំងឺ​ដោយ​សារ​សារ​ធាតុ​អាស​បេ​ស្តុ​ស​នៅ​កម្ពុជា​។ នេះ​បើ​តាម​របៀប​វារៈ​នៃ​សិក្ខា​សាលា​​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​។​

​សិក្ខា​សាលា​នេះ ​មាន​ការ​ចូលរួម​ពី​មន្ត្រី​បច្ចេក​ទេស​មកពី​ក្រសួង​ពាក់ព័​ន្ធ ដៃគូ​អភិ​វឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល សហជីព ​និយោ​ជក ដើម្បី​ជជែក​ពិភា​ក្សា និង​បង្ហាញ​ពី​ការ​ស្រាវ​ជ្រាវ​ជុំវិញ​សេចក្តី​ព្រាង​ផែន​ទី​បង្ហាញ​ផ្លូវ ដែល​មាន​សកម្ម​ភាពជា​តិ​ក្នុងការ​លុប​បំបាត់​ជំងឺ ​ដែល​ពាក់​ព័ន្ធ​នឹង​សារ​ធាតុ​អាស​បេ​ស្តុ​ស​នៅ​កម្ពុជា​៕