ក្រចេះ ​យុទ្ធ​នាការ​ ONE STEP NO PLASTIC ឬមួយ​ជំហាន​ទៅ​កាន់​ភាព​គ្មាន​សំណល់​ប្លា​ស្ទិ​ក​នឹង​រៀបចំ​ធ្វើជា​លើក​ទី​៣​ នៅ​ខេត្ត​ក្រចេះ​ នា​ថ្ងៃ​ទី ១៧ ​ខែកញ្ញា ឆ្នាំ​ ២០២២ ខាងមុខនេះ​ ​ដើម្បី​បន្ដ​សម្អាត​សំរាម​ទូទៅ​ ជា​ពិសេស​សំណល់​ប្លា​ស្ទិកតាម​ទីសា​ធារណៈ​នៅ​ក្នុង​ទឹក​ដី​នៃ​ខេត្ត​ក្រចេះ​។ ​

យុទ្ធ​នាការ​កម្ចាត់​សំណល់​ប្លា​ស្ទិក​មួយ​នេះ ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​បង្កើត​ឡើង​ដោយ All Dream Cambodia រួមគ្នា​នឹង​TosYerng​ កាលពី​​ខែ​កក្កដា ​ឆ្នាំ​ ២០២២​ កន្លង​ទៅ​​។ #ONE​STEP​NOPLA​STIC គឺជា​យុទ្ធនា​ការ​បរិស្ថាន​មួយ​ដែល​ផ្ដោត​សំខាន់​លើ​ការ​ប្រឆាំង​នឹង​ការ​បំពុល​ដោយ​សំណល់​ប្លា​ស្ទិក​ ព្រម​ទាំង​លើក​តម្កើង​ពីភាព​ទាក់​ទាញ​នៃ​តំបន់​ទេស​ចរណ៍​ទូទាំង​ប្រទេស​កម្ពុជា​។

​គិត​មក​ទល់​ពេល​នេះ ONE STEP NO PLASTIC បាន​បង្កើត​យុទ្ធនា​ការ​ប្រមូល​សំរាម​ចំនួន​ ២​ ដង​រួ​ចមកហើយ ​ដែល​មាន​ការចូល​រួម​ពី​សាធារ​ណជន​ចំនួន​ ៣៥៥ នា​ក់ និង​ប្រមូល​សំរាម​បាន​សរុប​ប្រហែល៣តោន​។ អ្ន​កស្ម័គ្រ​ចិត្ត​ដែល​បាន​ចូលរួម​ភាគ​ច្រើន​ជា​សិស្ស​និស្សិត​ទាំង​ខ្មែរ​ទាំង​បរទេស​ដែល​មាន​អាយុ​ចាប់​ពី​ ១៧​ ឆ្នាំ​ឡើង​។

ចំណែក​សំរាម​ដែល​ប្រមូល​បាន​ត្រូវ​បែង​ចែក​ជា ​២​ ​គឺ​ប្រភេទ​​ដែល​អាច​កែ​ច្នៃ​បាន​ និង​មិន​បាន​ ហើយ​សំណល់​ដែល​អាច​កែ​ច្នៃបាន​ត្រូវបាន​ដៃគូ​សហ​ការ​របស់​ ONE STEP NO PLASTIC យក​ទៅ​ច្នៃ​ឡើង​វិញ​។ ក្រៅពី​ការប្រ​មូល​សំរាម​ អ្នកស្ម័គ្រ​ចិត្ត​ក៏បាន​ចូល​រួម​ហូប​អាហារ​ថ្ងៃ​ត្រង់ ទស្សនា​ការ​សម្ដែង​ និង​ចូលរួម​លេង​ល្បែង​ផ្សេង​ៗដើម្បី​បង្ក​ឱ្យ​បរិយា​កាស​កាន់​តែ​រីករាយ​និង​ស្និទ្ធ​ស្នាល​ផង​ដែរ​។

​នា​យុទ្ធនា​ការ​លើកទី​៣​នេះ​ ONE​ STE​P NO​ PLA​STIC រើសយក​ខេត្ត​ក្រចេះ​ ដោយ​សារ​តែ​ទឹកដី​នេះ​ជា​គោល​ដៅ​ទេស​ចរណ៍​ដែល​ទទួល​បាន​ប្រជា​ប្រិយ​ភាព​មួយ​ក្នុង​ប្រទេស​។ យ៉ាង​ណា​មិញ​ ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​សំណល់​ប្លា​ស្ទិ​កមួយ​នេះ​សង្ឃឹម​ថា ​នឹង​មាន​ចំនួន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​ជា​មួយ​ពួកគេ​លើស​ពី​គ្រា​មុនៗ​។

​ដើម្បី​ចូលរួម​នៅ​ក្នុង​យុទ្ធ​នាការ​នេះ​លោក​អ្នក​អាច​ចុះ​ឈ្មោះ​តាមរយៈ​ការផ្ញើ​សារ​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​​ ONE ST​EP NO PLASTIC​ផ្ទាល់ ឬ​តាម​ទូរស័ព្ទ​លេខ 092 ​300 ​849 ​ឬ​អាសយ​ដ្ឋាន​អ៊ី​មែល ​one​stepn​oplasti​c@​gmail​.com ។

​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​នឹងមិន​ត្រឹមតែ​ទទួល​បាន​ឱកាស​ក្លាយ​ខ្លួន​ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការ​ប្រកប​ដោយ​និរន្តរ​ភាព​ក្នុង​ការ​ជួយ​វិស័យ​ទេស​ចរណ៍ប៉ុណ្ណោះ​ទេ​ តែ​ក៏​នឹង​ទទួល​បាន​វត្ថុ​អនុ​ស្សាវរីយ៍​ដូចជា​ អាវ​យឺត​ និង​ដប​ទឹក ​ហើយ​ថែមទាំង​បាន​ចូលរួម​ជា​បណ្ដាញ​មួយ​នៃ​សហ​គមន៍​បៃតង​ផង​ដែរ​។

លោក​ ឆាយ​ ឌួង​សាវុធ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​យុទ្ធ​នាការ​នោះ ដែល​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យុវជន​ជំនាន់​ក្រោយ​ពាក់​ព័ន្ធ​នឹង​បរិស្ថាន។​ លោក​បន្ត​ថា៖​ «ជារឿង​ល្អ ដែល​ក្រុម​របស់​ប្អូនៗ​ជា​និស្សិត​ដែល​រៀបចំកម្ម​វិធីនេះ សម្រាប់​បង្ហាញ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ក្នុង​ការ​កាត់​បន្ថយ​ថង់​ប្លា​ស្ទិក ​និង​ទុក​ដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូ​វនៅ​ក្នុង​ធុង»។

ពាក់​ព័ន្ធ​នឹងសំណល់​ប្លាស្ទិក​នេះ​ លោក​ ឌួង​សាវុធ ថ្លែង​ថា​ កន្លង​មក​មន្ទីរ​បរិស្ថាន​ខេត្ត​ និង​អភិបាល​ខេត្ត​ បាន​ធ្វើ​ការងារ​នេះ​ច្រើន​តាម​រយៈ​ការ​ចុះ​ផ្សព្វ​ផ្សាយ​អប់រំ ​បង្កើន​ការ​យល់​ដឹង ហើយ​ពលរដ្ឋ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ទម្លាប់​បន្តិចៗ​ម្តង​ផង​ដែរ។​