
លោក កឹម សុខា ពេលចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ ២០២២។ ហុង មិនា
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១៤ កញ្ញា បានបន្តបើកសវនាការលើកទី៥៦ លើសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ក្រោមបទចោទសន្ទិដ្ឋភាពជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែកញ្ញាថា សវនាការលោក កឹម សុខា លើកនេះ ផ្តោតលើការសាកសួរលើវីដេអូ នៃអំពើហិង្សានៅស្ពាននាគ និងវីដេអូនៃការដឹកនាំបាតុកម្មរំដោះទីលានប្រជាធិបតេយ្យដែលដឹកនាំដោយថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិចំនួន ១១ រូប ដែលមានរួមទាំងលោកស្រី មូរ សុខហួរ និងលោក ហូរ វ៉ាន់ ផងដែរ។
លោកស្រី ម៉េង សុភារី មេធាវីការពារសិទ្ធិឱ្យ លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មាននៅក្រៅតុលាការថា ពាក់ព័ន្ធនឹងបញ្ហានេះ សំណួរភាគច្រើនរបស់ចៅក្រម គឺជាសំណួរដាក់បន្ទុក ហើយវីដេអូក៏ជាវីដេអូដាក់បន្ទុកដែរ។
ក្នុងនាមជាមេធាវី ជនជាប់ចោទលោកស្រីមើលឃើញថា ការសួរសំណួរដាក់បន្ទុក គឺមិនអាចទទួលយកបាននោះទេ ដោយសារតែនីតិវិធី មិនថា ចៅក្រមស៊ើបសួរ ឬចៅក្រមជំនុំជម្រះទេ ត្រូវធ្វើការសួរសំណួរដែលមានទាំងដាក់បន្ទុក និងដោះបន្ទុក ដើម្បីស្វែងរកដំណោះស្រាយដល់ជនជាប់ចោទ និងភាគីពាក់ព័ន្ធដែរ ។
ជាមួយគ្នានេះ លោក ចាន់ ចេន មេធាវីលោក កឹម សុខា ១ រូបទៀត ថ្លែងថា សវនាការលោក កឹម សុខា នៅតែបន្តអូសបន្លាយកាន់តែយូរ។ ម៉្យាងលោក កឹម សុខា គឺជាប្រធានគណបក្សប្រឆាំងដ៏ធំមួយរបស់កម្ពុជា បើនៅតែបន្តពន្យារពេល ធ្វើឱ្យកូនក្តីរបស់លោកបាត់បង់ផលប្រយោជន៍ស្របច្បាប់។
លោកថ្លែងថា៖ «យើងចង់ណាស់ គ្មានហេតុអ្វីដែលសហមេធាវីឯកឧត្តម កឹម សុខា ចង់ពន្យាពេលនោះទេ យើងចង់បានឆាប់រហ័ស យើងធ្លាប់បាននិយាយជាច្រើនលើកច្រើនសារដែរថា បើតុលាការអាចបើកសវនាការ យើងបើកសវនាការជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ ឱ្យបាន ៣ ថ្ងៃ ក្នុង ១ សប្តាហ៍ដែរ»។
លោកបន្តថា ពាក់ព័ន្ធនឹងតំណាងអយ្យការ ភ្ជាប់លោក កឹម សុខា ទៅនឹងករណីបាតុកម្មនៅស្ពាននាគ និងផ្លូវវេងស្រេង គឺមិនត្រឹមត្រូវនោះទេ ព្រោះលោក កឹម សុខា ក៏ដូចជាគណបក្សសង្គ្រោះជាតិ ទទួលខុសត្រូវនៅតែទីតាំងទីលានប្រជាធិបតេយ្យតែប៉ុណ្ណោះ ក្នុងគោលបំណងបង្កើតគណៈកម្មការស៊ើបអង្កេត សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ទៀតថា រាល់បទចោទមកលើកូនក្តីរបស់លោក លោកមើលឃើញថា គ្មានភ័ស្តុតាងណាមួយជាដុំកំភួន ក្នុងការចោទប្រកាន់នោះទេ ហើយលោក ក៏មិនដែលឃើញ តុលាការណាដំណើការនីតិវិធីរហូតដល់ ៥ ឆ្នាំ និង ៥៦ លើកមិនទាន់ចប់បែបនេះដែរ។ សវនាការរបស់លោក កឹម សុខា គឺជាប្រវត្តិសាស្ត្រ សម្រាប់តុលាការជាតិនៃកម្ពុជារបស់យើង។ សវនាការរបស់លោក កឹម សុខា នឹងបន្តធ្វើនៅថ្ងៃទី ២១ ខែកញ្ញា ជាបន្តទៀត៕
វីដេអូ៖