បាត់ដំបងៈ មនុស្ស​ចាស់​ជិត ២០០ ​នាក់ តំណាង​ឱ្យ​មនុស្ស​ចាស់​ជាង​ ៣ ម៉ឺ​ននាក់ បាន​អំពាវនាវ​សុំ​ឱ្យ​រាជ​រដ្ឋា​ភិបាល ពិចារណា​ជាអា​ទិភាព ក្នុង​ការ​ផ្ត​ល់ប្រាក់​ឧបត្ថម្ភសោធន​សង្គម​ដល់​ពួក​គាត់​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា ជីវភាព សុខ​ភាព ទាំង​ក្នុង​អំឡុង និ​ង​ក្រោយផល​ប៉ះពា​ល់នៃ​ជំងឺ​កូវី​ដ​ ១៩។

ការ​អំពាវ​នាវ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ពួក​គាត់​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួមនៅ​ក្នុង​វេទិកា មនុស្ស​ចាស់​ថ្នាក់​ជាតិ​លើកទី​២ ស្ដីពី​ «ការ​ផ្ដល់​ប្រាក់​សោធ​ន​សង្គម​សម្រាប់​មនុស្ស​ចាស់​នៅកម្ពុជា» ដែល​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​នៅទី​រួម​ខេត្ត​បាត់​ដំបង កាល​ពីថ្ងៃទី​ ១៣ ខែ​កញ្ញា ឆ្នាំ​ ២០២២ ក្រោមកិច្ចសហ​ការ​រួម​គ្នា​រវាង​អង្គការ​មនុស្ស​ចាស់​កម្ពុជា អង្គការ​អុក​ស្វាម អង្គការ​យូអិនឌី​ភី និង​ក្រសួង​សង្គម​កិច្ច អតី​តយុទ្ធ​ជន និងយុ​វនីតិ​សម្បទា​។

នេះគឺ​ជាព្រឹត្តិ​ការណ៍​ជួប​ជុំដ៏ធំលើក​ទី២​ ​នៅ​កម្ពុជា ខណៈ​ព្រឹត្តិការ​ណ៍ជុំទី១ ​ធ្វើ​ឡើង​កាលពីថ្ងៃ​ទី ៤ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​នៅរាជធានី​ភ្នំពេញ ដោយ​មាន​ការចូល​រួម​ពីតំណាង​មនុស្ស​ចាស់​ចំនួន​ ១៥​០ នា​ក់ មកពីបណ្ដារា​ជធានី-ខេត្ត ២​៥ នៅទូទាំង​ប្រទេស​។

នៅ​ក្នុង​ឱកាស​នោះ លោក ទុំ វីរ៉ា នាយក​ប្រតិ​បត្តិ អង្គកា​រ​មនុស្សចាស់​កម្ពុជា​បា​ននិយាយថា​ ការផ្តល់ប្រាក់​ឧត្ថម្ភ​ដល់ម​នុស្សវ័យ​ចាស់​គ្រប់ៗ​គ្នា ទោះ​ជាប្រាក់​មាន​ចំនួន​តិច ឬ​ច្រើន គឺជា​អាទិភាព​ចម្បង​បំផុតមួយ ក្នុង​ការ​ជួយ​ទ្រទ្រង់ ​ជីវភាព​ និង​សុខុមាល​ភាព​របស់​មនុស្ស​ចាស់​។

លោក​បញ្ជាក់​ថា៖​ «ថ្វីត្បិត​តែ​កន្លង​មក រាជ​រដ្ឋាភិ​បាល​បាន​ខិតខំ​យ៉ាងយ​កចិត្ត​ទុក​ដាក់ ជួយ​ដោះស្រា​យបញ្ហា​ប្រជាជន​ងាយរង​គ្រោះ រួម​ទាំង​មនុស្ស​ចាស់ តា​ម​រយៈ​​កម្មវិធីជំ​នួយសង្គម​នានាជា​ច្រើនក្ដី ប៉ុន្តែ​បច្ចុប្ប​ន្ន យើងនៅ​តែសង្កេត​ឃើញ​ថា មនុស្ស​ចាស់​នៅតែ​ប្រឈម​នឹង​បញ្ហា និង​មាន​តម្រូវ​ការជាច្រើ​ន​ដែលពុំទាន់​ទ​ទួ​លបាន​ការ​ដោះស្រា​យ»។

លោក​បន្តថា​ បើប្រៀប​ធៀប​ជាមួយ​បណ្តាប្រ​ទេសក្នុ​ងតំបន់​អាស៊ីអាគ្នេយ៍​ដែលរួម​ទាំងប្រទេស​ទីម័រ​ផងដែរ​នោះ គឺមាន​តែប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ តែ​ប៉ុណ្ណោះ ដែល​ពុំទាន់​មាន​កម្មវិធី​សោធន​សង្គម​ ឬកម្មវិធី​ឧបត្ថម​សាច់​ប្រាក់ស​ម្រាប់មនុ​ស្សចាស់ទូទៅ​។

លោកស​ង្ឃឹម​ថា លទ្ធផល​នៃវេទិកាម​នុស្សចា​ស់​ថ្នាក់​ជាតិ​លើកទី២​នេះ អាច​ផ្តល់​នូវ​សក្ខីភាព​បន្ថែម និង​ក្លាយ​ជាធាតុ​ចូលយ៉ាង​ចាំបាច់​សម្រាប់​រាជរ​ដ្ឋាភិបាល​ដើម្បី​ឆ្លើយ​តប និង​យក​ទៅ​ពិចា​រណា​បន្ថែម ជាមួយ​ការ​រៀបចំ​កម្មវិធី​កញ្ចប់​គ្រួសារ (Family Package) ។

យោង​តាម​របាយ​ការណ៍​សិក្សាស្រាវ​ជ្រាវ​មួយ​ស្តីពី “ប្រាក់​ចំណូល​របស់​មនុស្ស​វ័យ​ចាស់ និង​កិច្ចគាំ​ពារសង្គម​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល និង​ក្រោយ​ពេល​នៃការ​រីក​រាល​ដាល​ជំងឺ​កូវីដ​ ១៩” ដែល​បានធ្វើឡើ​ងដោយ​វិទ្យាស្ថាន​ជាតិ​សង្គម​កិច្ច នៅដើម​ឆ្នាំ ២០២១ មនុស្សចាស់​ប្រមាណ ៥៥ ​ភាគ​រយ បាន​រង​ផលប៉ះពាល់​ផ្នែក​ប្រាក់​ចំណូល និង​ពុំទាន់​បំពេញ​ទៅនឹង​តម្រូ​វ​ការជាមូល​ដ្ឋាន​នៃការរស់​នៅរបស់​ពួក​គាត់​នៅឡើយ ខណៈ​ ៤៥​ ភាគ​រយ​ទៀត កំពុង​ទទួ​ល​បាន​ការឧបត្ថម្ភ​ជាសាច់​ប្រាក់​ក្នុងអំឡុង​ការរីក​រាល​ដាល​នៃជំងឺកូវីដ​ ១៩ ពីរាជ​រដ្ឋាភិ​បាល ​។

របាយ​ការណ៍​នេះ គូស​បញ្ជាក់​ថា៖​«មនុស្ស​ចាស់ភាគ​ច្រើន ត្រូវ​ការ​ប្រាក់​ឧបត្ថម្ភក្នុង​វ័យចា​ស់ជាចាំ​បាច់ ដើ​ម្បីទ្រទ្រង់​ជីវភាព​រស់​នៅរបស់ពួ​កគាត់ ជាពិសេស​ក្នុង​អំឡុ​ងពេល និង​ក្រោយ​ពេល​នៃផលប៉ះ​ពាល់ដោយ​សារ​ជំងឺ​រាត​ត្បាត​កូវី​ដ ១៩»។

កាលពីចុ​ង​ឆ្នាំ ២០១៨ វិទ្យា​ស្ថាន​ជាតិ​សង្គម​កិច្ចក៏បាន​ធ្វើការ​សិក្សាស្រាវ​ជ្រាវមួយ​ស្ដីអំពី​ «តម្រូវ​ការ និងបញ្ហា​ប្រឈ​មរ​បស់មនុស្ស​វ័យ​ចាស់​នៅ​កម្ពុជា​» ដែល​បានធ្វើឡើង​នៅ​ក្នុង​ខេត្តចំនួន​ ៥។

តាម​រយៈ​ការសិក្សា​នោះ ក្រុមមន្ត្រី​ជំនាញ បាន​រកឃើញ​ប្រភព​នៃប្រាក់​ចំណូល​ចម្បង​របស់​មនុស្សវ័យ​ចាស់ គឺពឹង​ផ្អែកសំខាន់​ទៅលើការ​ផ្គត់​ផ្គង់​របស់សមា​ជិកគ្រួ​សារ ឬកូន​ចៅរបស់​ពួក​គាត់ ដែលមាន​រហូត​ដល់​ទៅ ៧១ ភាគរ​យ និងមា​នលទ្ធភា​ព តិច​តួច​បំផុត ក្នុង​ការ​ទៅស្វែង​រក​ប្រាក់ចំណូល​បាន​ដោយ​ខ្លួន​ឯង​។

មន្ត្រី​ជំនាញ​នៃវិទ្យា​ស្ថាន​ជាតិ​សង្គម​កិច្ច បាន​គូស​បញ្ជាក់​នៅក្នុង​របាយ​ការណ៍​សិក្សា​ស្រាវ​ជ្រាវ​នោះ​ថា៖ «មនុស្ស​ចាស់​ភាគច្រើន​បា​ន​ធ្លាក់ចូល​ក្នុង​ស្ថាន​ភាព​ក្រលំបាក នៅពេលឈាន​ចូល​ទៅដល់វ័​យចា​ស់ ដោយ​សារ​តែការបែង​ចែកទ្រ​ព្យធន កេរ​អាក​ររបស់ពួក​គាត់ទៅ​ឱ្យកូន​ចៅអ​ស់»។

ជាពិសេស​មនុស្សចា​ស់ដែល​ជាស្ត្រី​ ​មិនសូវ​មាន​ឱកាស​ទទួល​បាន​ការងារ​ដែល​មានប្រាក់​ចំណូល​ទេ ភាគ​ច្រើន​ពួក​គាត់​ពឹងផ្អែក​ទៅលើស​មាជិក​គ្រួសារ​ស្ទើរតែ ​២​ ដង​ បើប្រៀប​ធៀប​នឹង​បុរស ដោយ​សារ​ពួក​គាត់ ភាគ​ច្រើន ធ្វើការងារ​ដែល​មិន​មាន​ប្រាក់​ចំណូល ដូច​ជាការងារ​ផ្ទះ មើល​ថែទាំ​ចៅជា​ដើម​។

តាម​រយៈ​អនុសាសន៍​នៅ​ក្នុង​របាយ​ការណ៍​សិក្សាទាំង​ ២​ ខា​ងលើនេះ ក្រុម​អ្នកសិក្សាស្រា​វជ្រាវ​បាន​ផ្តោតសំខាន់ទៅ​លើកា​រជំរុញ​ឱ្យរាជ​រដ្ឋាភិបា​ល​គិ​ត​គូរក្នុង​ការ​រៀបចំកម្មវិធី​ផ្តល់​សាច់ប្រាក់​ដល់ម​នុស្សដែ​លមាន​វ័យ​ចាស់ ដើម្បី​លើក​កម្ពស់​សុខុ​មាល​ភាព និង​ជួយ គាំពារ​ទៅដល់​ពួក​គាត់ ដើម្បី​កុំឱ្យធ្លាក់​ចូលទៅក្នុង​ស្ថាន​ភាព​ក្រីក្រ ឬងាយ​រង​គ្រោះ។​

អ្នកស្រី​ ម៉ី អេង អាយុ ៦៨ ឆ្នាំ រស់នៅ​ភូមិនំ​ក្រៀប សង្កាត់​ព្រែក​ព្រះស្តេច ក្រុង-ខេត្ត​បាត់​ដំបង ដែល​បានចូលរួម​នៅ​ក្នុង​វេទិកា​មនុស្ស​វ័យចំណាស់​ថ្នាក់​ជាតិ​លើក​ទី២ នេះ​ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​ផ្ដល់​ប្រាក់​សោធន​សង្គ​ម ដល់​មនុស្ស​ចាស់​គ្រប់​ៗគ្នា ដើម្បី​យកមកគាំ​ពារជីវ​ភា​ពរ​ស់​នៅប្រចាំ​ថ្ងៃ ព្រោះម​នុស្សចាស់​​ភាគ​ច្រើន​បា​នចុះខ្សោ​យកា​យស​ម្បទា ដែល​មិន​អាចទៅរ​កការ​ងារធ្វើ​ ដើម្បីទ​ទួលបា​នប្រា​ក់​​ចំណូល​មកជួយ​ដោះស្រាយ​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​នៅក្នុង​គ្រួសារ​របស់​ខ្លួន​បាន​ឡើយ។​

អ្នកស្រីនិយាយ​ថា៖ «ខ្ញុំ​ចង់បាន​ប្រាក់ឧបត្ថម្ភ​ក្នុងវ័យចា​ស់នេះ​ខ្លាំង​ណាស់ ដើម្បីចា​យវាយនៅ​ក្នុងជី​វ​ភាព​ប្រចាំ​ថ្ងៃរ​ប​ស់ខ្ញុំ ដូច​ជាយកទៅ​ទិ​ញនំ​ចំ​ណី និង​ថ្នាំស​ង្កូវ ​នៅពេ​លមា​នជំ​ងឺ​តង្កាត់​កើត​ឡើង​ម្ដងៗ​»​។

ស្រ​ដៀង​គ្នានេះ​ លោក ធីវ សំអាត អាយុ ៧៥​ ឆ្នាំ រស់​នៅ​ភូមិព្រៃ​គុយ ឃុំព្រៃគុ​យ ស្រុក​កំពង់​ស្វាយ ខេត្តកំព​ង់ធំ​ បាននិ​យាយ​ថា ការទទួល​បាន​ប្រាក់​សោធន​សង្គ​មពី​រាជរដ្ឋា​ភិបាល គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ចាស់​ទូទៅ ពិសេស​មនុស្សចា​ស់​នៃគ្រួ​សារក្រី​ក្រ និង​មាន​ជំងឺប្រចាំ​កាយដូ​ចជារូ​បលោ​ក។

លោ​ក សំអាត​ និយាយ​ថា៖​«ខ្ញុំពិ​តជា​ត្រូវការ​ប្រាក់សោ​ធនស​ង្គម ដែលឧ​ត្ថម្ភ​ពីរា​ជ​រដ្ឋាភិបាល ដើម្បីខ្ញុំ​មា​នល​ទ្ធភា​ព ចំ​ណាយទៅ​លើ​ថ្លៃព្យា​បាល​ជំងឺ​ប្រចាំកា​យ​ផ​ង និង​លើអា​ហារ​ហូបចុ​កប្រចាំ​ថ្ងៃផង»​។

ជា​មួយ​គ្នា​នេះ ​អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គ​ការ​អុក​ស្វាម បាន​ថ្លែង​ថា អង្គការ​អុក​ស្វាម​ មា​នមោ​ទ​កភា​ព ដែល​បាន​ចូល​រួម​គាំទ្រ ​និងស​ហការ​ដោយផ្ទា​ល់ជា​មួយអ​ង្គការមនុ​ស្សចាស់​កម្ពុ​ជា ក្នុងការពង្រឹងភាព​អង់អាច និងការ​បង្កើន​សំឡេង​របស់​មនុស្ស​វ័យ​ចាស់ ដើម្បីទទួល​បាន​នូវកិច្ច​គាំពារ​ស​ង្គម មាន​ការងារ​សម​រម្យ ទទួល​បាន​ការការពា​រពេ​ញ​លេញ ជាពិសេស​ក្នុងពេ​លមាន​វិបត្តិ និង​គ្រោះអាស​ន្ន។

អ្នក​ស្រីប​ញ្ជាក់ថា៖​ «មនុស្សវ័​យចំ​ណាស់​ គឺជាធន​ធានដ៏​សំខាន់ដែល​មិនអា​ចខ្វះបាន​ទាំងក្នុ​ងគ្រួ​សារ និងសង្គម​ជាតិ។ ប៉ុន្តែតា​មរយៈ​របាយកា​រណ៍​វិភាគ​របស់ក្រុម​អ្នកសិក្សា​ស្រាវ​ជ្រាវ ​លើស្ថាន​ភាពរប​ស់ក្រុ​មជ​នងាយរ​ងគ្រោះ និងទ​ទួលការ​រើសអើង​បំផុត បាន​បង្ហា​ញថា​ មនុស្សវ័​យចំ​ណាស់​នៅ​តែប្រ​ឈមនឹង​ការរើស​អើង ​និងមាន​ការលំ​បាក​ក្នុងការស្វែង​រកការ​ងារ សិទ្ធិស​ម្រេចក្នុង​គ្រួសា​រ បញ្ហាសុខភា​ព រួ​មទាំ​ងភាពឯកោ​ ​»។

​អ្នក​ស្រីបាន​បន្ថែ​មថា ​ទន្ទឹមនឹ​ងនេះ ការធ្វើ​ចំណាក​ស្រុក​ដើម្បី​ផ្នែក​សេដ្ឋ​កិច្ច បានធ្វើឱ្យប​ន្ទុកគ្រួសា​រ ​ធ្លាក់​មកលើ​ម​នុស្ស​វ័យ​ចា​ស់ រួមទាំ​ងកា​រមើ​លថែចៅ​និងស​មាជិ​កគ្រួ​សារ​ដទៃទៀត បាត់បង់ឱ​កាស​ចូ​លរួមសកម្ម​ភាព​ផ្សេង​ៗ និងការថែ​ទាំសុ​ខភាពស​ម្រាប់ខ្លួ​នឯង ​ខណៈ​ដែ​លកិ​ច្ចគាំពារស​ង្គម នៅមិន​ទាន់​បាន​គ្រប​ដណ្ត​ប់ដល់​មនុ​ស្សវ័យ​ចា​ស់បា​នពេ​ញលេ​ញនៅ​ឡើយ​។

លោក សំហេង បុរស រដ្ឋលេខា​ធិការ​ក្រសួងសង្គម​កិច្ច បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ថា បើទោះ​ជាប្រទេ​សកំពុងប​ន្តរង​គ្រោះដោយ​វិបត្តិ​ជំងឺកូវី​ដ ១៩ និង​វិបត្តិសង្គ្រាម​នៅ​អឺរុប (រុស្ស៊ី និង​អ៊ុយ​ក្រែន) យ៉ាង​ណាក៏ដោ​យ ក៏រាជ​រដ្ឋាភិបាល ​បាន​យក​ចិត្ត​ទុក​ដាក់​និង​គិត​គូរយ៉ាង​ល្អិន​ល្អន់ អំពីទុក្ខ​លំបាក​របស់​ប្រជាព​លរដ្ឋ ជាពិសេសជន​ចាស់​ជរានៃ​គ្រួសា​រក្រី​ក្រ ដោយ​បាន​បង្កើត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ជា​កញ្ចប់​គ្រួសារ និង​បាន​ផ្ដល់​ជូន​ជាបន្ត​បន្ទាប់​ដល់​ចាស់​ជរា​នៃគ្រួ​សា​រក្រីក្រ បានចំនួនជា​ង ៣​០ ម៉ឺន​នាក់​ហើយ ក្នុងចំណោម​​ចាស់​ជ​រា ១,២ លាន​នាក់ នៅ​ទូទាំង​ប្រទេស​ ចាប់តាំង​ពីដើម​ខែមិ​ថុនា ឆ្នាំ ២​០២​០ ម​ក។

លោក​បញ្ជា​ក់ថា​៖ «​ដោយថ​វិកា​ជាតិមាន​កំណ​ត់ ដូ​ច្នេះរាជ​រដ្ឋាភិបា​លចាំ​បា​ច់ផ្ដល់ជូ​នទៅលើតែ​ចាស់​ជរានៃគ្រួ​សារ​ក្រីក្រ​ និងទុ​រភិ​ក្សជន​ដែ​លមានវ័​យចំ​ណាស់ជា​មុន​សិន ​ព្រោះពួក​គាត់​ពិត​ជាត្រូវ​ការ​ប្រាក់​សម្រាប់​ជួយទ្រ​ទ្រ​ង់ជីវភាព​រស់នៅប្រ​ចាំថ្ងៃ​ខ្លាំង​ជាង​គ្រួសារ​ដែ​លមាន​ជីវភាព​មធ្យ​ម»។​

លោ​ក​បន្ថែម​ថា ប​ច្ចុប្បន្ន​ រាជរដ្ឋាភិបាល​កំពុ​ងប​ន្តពង្រីក​សេវា​ ឧបត្ថម្ភសាច់​ប្រាក់នេះ​ ទៅដល់​ចាស់​ជរានៃ​គ្រួសារដែ​លស្ថិ​តនៅ​ក្បែរបន្ទាត់​នៃ​ភាព​ក្រី​ក្រ ១ ជំហា​នបន្ថែ​មទៀត ដែល​ជំហានប​ន្ទាប់នេះ ​អាចនឹ​ងត្រូ​វ​ចាប់ផ្ដើម​អនុវ​ត្តនៅចុ​ងឆ្នាំ​នេះ៕​