ភ្នំពេញៈ ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​សម្រេច​កំណត់​យក​ថ្ងៃទី​ ២១ កញ្ញា ធ្វើការ​បោះឆ្នោត ដើម្បី​សម្រេច​ចុងក្រោយ​លើ​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ បន្ទាប់ពី​តួលេខ​ពី​ភាគី​នីមួយៗ​មាន​គម្លាត​ឆ្ងាយ​ពីគ្នា ដោយ​តំណាង​ភាគី​និយោជក​ដាក់​តួលេខ​ ១៩៧ ​ដុល្លារ និង​តំណាង​ភាគី​រដ្ឋាភិបាល​ ១៩៨ ​ដុល្លារ ខណៈ​តំណាង​ភាគី​កម្មករ​និយោជិត លើក​តួលេខ​ចំនួន​ ៣​ ផ្សេង​គ្នា​។

ការសម្រេច​នេះ បន្ទាប់ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​មាន​សមាជិក​តំណាង​ឱ្យ​ភាគី​ទាំង​ ៣ ​ចំនួន​ ៥១ ​រូប បាន​បញ្ចប់​កិច្ចចរចា​ត្រីភាគី​ជា​លើក​ទី​៤ កាលពី​រសៀល​ថ្ងៃទី​ ១៣ កញ្ញា នា​ទីស្តីការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លិខិត​ដាក់ជូន​លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី​ ១៣ ​កញ្ញា ដោយ​មាន​ហត្ថលេខា​ពី​តំណាង​ភាគី​ទាំង ​៣ ឱ្យ​ដឹងថា តួលេខ​នៃ​ភាគី​នីមួយៗ​នៅមាន​គម្លាត​ឆ្ងាយ ទោះបីជា​បាន​ប្រជុំពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង​លក្ខណៈ​ទ្វេភាគី និង​លក្ខណៈ​ត្រីភាគី​ជាច្រើន​លើក​ក៏ដោយ​។

លិខិត​បញ្ជាក់ថា​៖ «​យោងតាម​មាត្រា​ ១២ និង​ ១៣ នៃ​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា យើងខ្ញុំ​សូម​គោរព​ដាក់ជូន​ឯកឧត្តម​ប្រធាន​នូវ​គោលជំហរ​ចុងក្រោយ​នៃ​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៣ ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ពិនិត្យ​សម្រេច ឬ​បោះឆ្នោត​ទៅ​តាម​នីតិវិធី ដែល​បាន​កំណត់​នៅ​ម៉ោង ៨:៣០ ​នាទី​ព្រឹក ថ្ងៃទី​ ២១ ខែកញ្ញា ឆ្នាំ ​២០២២»​។

ការប្រកាស​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ឱ្យ​ដឹងថា តួលេខ​ដែល​បាន​សម្រេច​ចុងក្រោយ ដោយ​តំណាង​ភាគី​កម្មករ​និយោជិត បាន​លើក​តួលេខ​ចំនួន​ ៣ ​ផ្សេងគ្នា គឺ​តួលេខ​ ២០៦ ​ដុល្លារ មាន​សំឡេងគាំទ្រ​ចំនួន​ ៨​ សំឡេង និង​តួលេខ ២១០ ​ដុល្លារ មាន​សំឡេង​គាំទ្រ​ ៣ ​សំឡេង ព្រមទាំង​តួលេខ​ ២១៣​ ដុល្លារ​មាន​សំឡេង​គាំទ្រ​ ៦ ​សំឡេង​។

ឯ​តំណាង​ភាគី​និយោជក​បាន​កំណត់​យក​តួលេខ​ចុងក្រោយ​របស់ខ្លួន​ចំនួន​ ១៩៧ ​ដុល្លារ ខណៈ​តំណាង​ភាគី​រាជរដ្ឋាភិបាល​បាន​កំណត់​តួលេខ​ ១៩៨​ ដុល្លារ​។ នេះ​បើតាម​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ដាក់​ក្នុង​លិខិត​ជូន​រដ្ឋមន្ត្រី​។

តំណាង​ភាគី​កម្មករ​និយោជិត ក៏បាន​លើក​សំណើ​របស់​ខ្លួន​បន្ថែម​ចំនួន​ ៨​ ចំណុច ខណៈ​ភាគី​និយោជក​បាន​លើក​សំណើ​ចំនួន​ ៣ ​ចំណុច​បន្ថែម ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យជួយ​ដោះស្រាយ និង​ផ្តល់​លក្ខខណ្ឌ​អំណោយផល​ក្នុង​វិស័យនេះ​។

តាម​សំណើ​របស់​ភាគី​តំណាង​កម្មករ​និយោជិត​ (​សហជីព​) ​ទាំង​ ៨​ ចំណុច​ស្នើ​រោងចក្រ​បង្កើន​សោហ៊ុយ​ធ្វើដំណើរ និង​អាហារ​ថ្ងៃត្រង់​បន្ថែមទៀត​។ ស្នើ​ក្រសួង​សុខាភិបាល​ជួយ​ជំរុញ​ឱ្យ​គ្រូពេទ្យ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រម​សីលធម៌​របស់​គ្រូពេទ្យ និង​បង្កើន​ការយកចិត្ត​ទុកដាក់ និង​គុណភាព​សេវា​ដល់​សមាជិក បសស ​។ ស្នើ​រដ្ឋាភិបាល​បង្កើនល្បឿន​ក្នុង​ការពង្រីក​វិសាលភាព បសស ទៅដល់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បុគ្គល​ស្វ័យនិយោជន៍​។ ស្នើ​និយោជក​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា ដែល​បាន​ដំឡើង​បន្ថែម​ពីលើ​ប្រាក់​ឈ្នួល​ដែលមាន​ស្រាប់​។

ស្នើ​រាជរដ្ឋាភិបាល​បន្ត​អនុវត្ត​គោលនយោបាយ​បញ្ចុះតម្លៃ​ទឹក​ភ្លើង និង​តបណ្តាញ​ដល់​កន្លែង​ស្នាក់នៅ​របស់​កម្មករ​និយោជិត​។ ស្នើសុំ​រដ្ឋាភិបាល និង​រោងចក្រ កែលម្អ​សុវត្ថិភាព​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​ឱ្យមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។ ស្នើឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស៊ើបអង្កេត និង​បញ្ឈប់​ការប្រើ​កម្មករ​ដើរ​ស៊ីបុង​ប្រចាំថ្ងៃ លើស​ពី​ចំនួន ​៦០​ ថ្ងៃ និង​ស្នើសុំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ ដើម្បី​បង្កើន​ផលិតភាព និង​ជំនាញ​សមត្ថភាព​របស់​កម្មករ​និយោជិត​។

ចំណែក​សំណើ​របស់​ភាគី​តំណាង​និយោជក​ចំនួន ​៣ ​ចំណុច​ទៅ​កាន់​រាជរដ្ឋាភិបាល គឺ ទី១ កាត់​បន្ថយថ្លៃ​ភ័ស្តុភារ ជាពិសេស​កម្រៃ​សេវា​បញ្ចេញ​ទំនិញ កម្រៃ​សេវា​កំពង់ផែ និង​កម្រៃ​អតុល្យភាព​កុងតឺន័រ​របស់​ក្រុមហ៊ុន​កប៉ាល់​។ ទី​២ កាត់​បន្ថយថ្លៃ​អគ្គិសនី និង​ផ្តល់​គោលនយោបាយ​អំណោយផល សម្រាប់​ការដំឡើង​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​សាំង​ក្រូន​ជាមួយ​បណ្តាញ​ជាតិ​។ ទី​ ៣ ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ ២០២២-២០២៧​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​តំណាង​ឱ្យ​រាជរដ្ឋាភិបាល​ក្នុង​ការសម្របសម្រួល​កិច្ចចរចា និយាយ​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នឹង​បន្ត​កិច្ចប្រជុំ​សម្រេច​ចុងក្រោយ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៣ នៅ​ថ្ងៃទី​ ២១ ខែកញ្ញា ឆ្នាំ​ ២០២២ នៅមុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។

លោក​ គី សិរិវឌ្ឍ អ្នកវិភាគ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​និយាយ​ថា រាជរដ្ឋាភិបាល​គួរតែ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុង​ក្នុងការ​កំណត់​ប្រាក់ឈ្នួល​ថ្មី ដើម្បី​បញ្ចៀស​បាន​ហានិភ័យ​ក្នុង​ការប្រកួត​ប្រជែង​រវាង​ប្រទេស​ជិតខាង​។ បើតាម​លោក​ សិរិវឌ្ឍ បើ​ការដំឡើង​ប្រាក់​ឈ្នួល​មាន​លក្ខខណ្ឌ​ខ្ពស់​ខ្លាំងពេក​អាច​នឹង​ជះ​ផល​មិនល្អ​ក្នុង​អំឡុង​ពេលនេះ​។

ការសំអាង​បែបនេះ ដោយ​លោក​លើកឡើង​ពី​ការសិក្សា​ស្រាវជ្រាវ​របស់​លោក ដោយ​បាន​រកឃើញ​ថា ប្រាក់​ឈ្នួល​នៅ​ប្រទេស​កម្ពុជា​មាន​តួលេខ​ខ្ពស់ជាង​ប្រទេស​ជិតខាង​ដូចជា​ប្រទេស​វៀតណាម​ជាដើម ដែល​ជា​ហេតុ​ធ្វើឱ្យ​កម្ពុជា​អាច​នឹង​ប្រឈម​ហានិភ័យ បើ​ការដំឡើង​ប្រាក់​ឈ្នួល​គោល​កម្មករ​មាន​អត្រា​ខ្ពស់​ពេក​។

លោក​ថា​៖ «​ការចរចា​គួរតែ​គិត​ឱ្យបាន​វែងឆ្ងាយ​ជាង​នេះ​ទៀត ព្រោះ​អី​យើង​មាន​ការ​ប្រកួតប្រជែង​ក្នុងប្រទេស​កម្ពុជា​យើង​ដែល​ការនាំចេញ​ មិនមែន​មានតែ​ប្រទេស​យើង​មួយ​ទេ គឺមាន​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​។ ដៃគូ​ខ្លាំង​ជាមួយ​ប្រទេស​យើង គឺ​ប្រទេស​វៀតណាម​។ ធម្មតា​កម្មករ អ្នកណា​ក៏​ចង់​បានដែរ​ឱ្យតែ​ប្រាក់​ឈ្នួល​ខ្ពស់ ក៏ប៉ុន្តែ​យើង​គិត​អំពី​ការប្រកួត​ប្រជែង ព្រោះ​កាលណា​រោងចក្រ​មិនអាច​ប្រកួត​ប្រជែង​បាន គាត់​បិទទ្វារ អ៊ីចឹង​ប្រាក់​ឈ្នួល​ធ្លាក់​មក ០ វិញ​តែម្តង​»​។

កាលពី​ឆ្នាំ ​២០២១ ក្រោយ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា​សម្រេច​ស្នើ​តួលេខ ១៩២ ​ដុល្លារ យកមក​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២២ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​បន្ថែម​ទឹកប្រាក់​ ២ ​ដុល្លារ​ទៀត​ពី​លើ​ការស្នើ​នេះ នាំឱ្យ​ប្រាក់​ឈ្នួល​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២២ ឡើងដល់ ​១៩៤ ​ដុល្លារ ក្នុង​ ១ ​ខែ​។

លោក​ អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ១៤ កញ្ញា ថា ការជួប​ពិភាក្សា​គ្នា​ជា​លើក​ចុងក្រោយ​ក្នុងពេល​ខាងមុខ គឺ​នឹង​មាន​ការសម្រប​សម្រួល​គ្នា ដើម្បី​ស្វែងរក​តួលេខ​រួមមួយ ហើយ​បើ​ក្នុងករណី​មិនមាន​ចំណុចរួម តាម​គោលការណ៍​នឹង​ឈានដល់​ដំណាក់កាល​បោះឆ្នោត ដើម្បី​ទទួល​បាន​តួលេខ​មួយ​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​។

លោក​ថា ប្រាក់​ឈ្នួល​កម្មករ​នៅ​ឆ្នាំ​ ២០២៣ គឺអាច​ស្ថិត​ក្នុង​រង្វង់​ ២០០ ​ដុល្លារ​តិចតួច បើ​មាន​ការបន្ថែម​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដូច​រាល់​ឆ្នាំ​។

លោក​ថា​៖ «​បើ​មានការ​បោះឆ្នោត គឺ​ពិតណាស់ តួលេខ​របស់​រដ្ឋាភិបាល​គឺ​ត្រូវតែ​មាន​ប្រៀប​ ដោយសារ​តែ​ខាង​និយោជក ក៏​មិន​ហ៊ាន​ជាមួយ​រដ្ឋាភិបាល​ដែរ ហើយ​ខាង​សហជីព​ជិត​ពាក់កណ្តាល ដែល​គាំទ្រ​រដ្ឋាភិបាល​។ ខ្ញុំ​មើលថា ការចរចា​ក្នុង​ដំណាក់កាល​ក្រុមប្រឹក្សា​ជាតិ គឺ​ [​ត្រឹម​] ១៩៨-២០០ ​ដុល្លារ ហើយ​រដ្ឋាភិបាល​អាច​ថែម​ប្រហែល​ ២-៣​ ដុល្លារ​តែ​ប៉ុណ្ណឹង​»៕

វីដេអូ៖