
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារ នាថ្ងៃទី ១៤ កញ្ញា នៅប្រទេសឥណ្ឌូនេស៊ី។ រូបថត ក្រសួងការងារ
ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងកិច្ចប្រជុំការងារអាទិភាពរបស់ក្រុមការងារមុខរបរ G20 នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារ និងមុខរបរប្រទេសG20 នៅក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី ១៤ ខែកញ្ញាថា ការស្តារ និងងើបឡើងវិញចេញពីវិបត្តិសកលដែលមានលក្ខណៈពហុទិដ្ឋភាពទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមរួមគ្នា ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។
កិច្ចប្រជុំរដ្ឋមន្ត្រីការងារ និងមុខរបរប្រទេស G20 នេះ ធ្វើឡើងក្រោមប្រធានបទ «ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ»។ ក្នុងកិច្ចប្រជុំ លោក អ៊ិត សំហេង ក៏បានសម្តែងនូវការកោតសរសើរ និងអបអរសាទរដល់សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការងារ និងមុខរបរប្រទេស G20 ដែលបានកំណត់យកប្រធានបទ «ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ» មកធ្វើជាមូលបទរួម និងជ្រើសរើសបញ្ហាអាទិភាពចំនួន ៤ ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ការងារសមរម្យ សម្រាប់ជនពិការ។ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការបង្កើតការងារប្រកបដោយចីរភាព និងការកែសម្រួលគោលនយោបាយការពារការងារ សម្រាប់ការការពារអ្នកធ្វើការទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពធន់ មកធ្វើជារបៀបវារៈសម្រាប់កិច្ចពិភាក្សានេះ។
លោកថ្លែងថា៖ «នេះពិតជាការឆ្លើយតបយ៉ាងត្រឹមត្រូវ និងចំពេលបំផុតចំពោះបញ្ហាដែលយើងបាននិងកំពុងប្រឈម ក្នុងអំឡុងពេលវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធំធេងជាសកលលើគ្រប់វិស័យ រួមទាំង វិស័យការងារផងដែរ។»
លោកលើកឡើងថា មិនខុសពីប្រទេស G20 ទេ អាស៊ានក៏បានសាមគ្គី និងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងគោលដៅរួមតែមួយ គឺការរៀបចំទុកជាមុនឱ្យបានកាន់តែប្រសើរឡើងនូវគោលនយោបាយស្តីពីមុខរបរ និងការងារ ក៏ដូចជាកម្លាំងពលកម្មអាស៊ាន ដែលមានភាពធន់ និងបត់បែនបានរហ័សសម្រាប់ការឆ្លើយតបនឹងការផ្ទុះឡើង ឬការកើតឡើងសាជាថ្មីនៃជំងឺរាតត្បាត វិបត្តិសេដ្ឋកិច្ច ឬគ្រោះធម្មជាតិនាពេលអនាគត។
ក្នុងន័យនេះ កម្ពុជាបានជ្រើសរើសប្រធានបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» មកធ្វើជាមូលបទសម្រាប់អាណត្តិជាប្រធានអាស៊ានឆ្នាំ ២០២២ របស់ខ្លួនផងដែរ ដោយកំណត់យកការចេញ«សេចក្តីថ្លៃងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន» ជាគោលបំណងអាទិភាពមួយក្នុងចំណោមគោលបំណងអាទិភាពនានា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែកញ្ញាថា ប្រទេសនីមួយៗនៅក្នុងអាស៊ាន ឬតំបន់អាស៊ីអាគ្នេយ៍ មិនមានសាមគ្គីភាពលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាបានល្អទេ។ ប្រទេសទាំងនោះតែងដណ្តើមគ្នាយកឱកាសទទួលប្រយោជន៍នៅពេលមានផែនការយុទ្ធសាស្ត្ររបស់ប្រទេសមហាអំណាចណាមួយដាក់ក្នុងតំបន់។ ការដណ្តើមឱកាសនោះធ្វើឡើងតាមរយៈការទទួលយកប្រាក់ឈ្នួលថោក លក្ខខណ្ឌការងារថោក ដើម្បីទាក់ទាញឱ្យអ្នកវិនិយោគចូលមកប្រទេសខ្លួន ហើយការប្រកួតប្រជែង រវាងប្រទេសនីមួយៗបែបនេះគឺជាការរំលោភសិទ្ធិកម្មករច្រើនជាងការជួយទៅដល់កម្មករ។
លោកថ្លែងថា៖ «ប្រទេសមួយៗហ្នឹងដូចជាប្រកួតប្រជែងគ្នា ដើម្បីរំលោភសិទ្ធិកម្មករហ្នឹងច្រើនជាងការជួយ ហើយទាល់តែមានការកម្រិតតឹងតែងពីពីអង្គការ ILO និងស្តង់ដាអន្តរជាតិអីគេមក ទើបប្រទេសមួយៗហ្នឹងកែមុំ។ បើមិនអ៊ីចឹងទេ រកតែវិធីណាធ្វើឱ្យបានស្រួល និងងាយទាក់ទាញវិនិយោគបានមកប្រទេសខ្លួនឯង។»
លោក អាត់ ធន់ លើកឡើងថា ដោយឡែកកម្ពុជា ក៏មានការប្រកួតប្រជែងដូចគ្នាជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ ប៉ុន្តែកម្ពុជាអាចនឹងរត់មិនទាន់គេ ដោយសារកម្លាំងពលកម្មនៅមិនទាន់មានជំនាញ ហើយពន្ធដារ និងហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់មានស្តងដាគ្រប់គ្រាន់។ លោកថា ដើម្បីប្រកួតប្រជែងបានជាមួយបណ្តាប្រទេសក្នុងតំបន់ កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានល្អ ទី១ គឺរៀបចំធ្វើយ៉ាងណាឱ្យមានកម្មករជំនាញច្រើន ហើយរដ្ឋត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ឱ្យទាក់ទាញកុំឱ្យចាញ់ប្រទេសផ្សេងៗក្នុងតំបន់ ដើម្បីមានភាពទាក់ទាញ៕