
លោក សម រង្ស៊ី និងអ្នកពាក់ព័ន្ធ ដែលតុលាការកោះហៅឱ្យចូលសវនាការ នៅថ្ងៃទី ១៥ កញ្ញា ។ រូបថត Sam Rainsy page
ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សប្រឆាំងនៅកម្ពុជា និងបក្ខពួកចំនួន ៧ នាក់ផ្សេងទៀត មិនចូលបន្ទប់សវនាការនៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ដើម្បីឆ្លើយដោះបន្ទុកពីការចោទប្រកាន់លើខ្លួនតាមការកោះហៅ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះទេ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែកញ្ញាថា ទោះបីលោក សម រង្ស៊ី និងបក្ខពួក ៧ នាក់ផ្សេងទៀតចូលទៅនៅក្នុងបន្ទប់សវនាការ ឬមិនចូល ក៏ដំណើការសវនាការនិងនីតិវិធី នៅតែបន្តធ្វើទៅតាមការគ្រោងទុក។ ទោះបីពួកគាត់ យកលេសយ៉ាងនេះ ឬយ៉ាងនោះណាក៏ដោយ។
លោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ បានចេញដីកាកោះហៅ លោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៧ រូបផ្សេងទៀតឱ្យចូលបន្ទប់សវនាការនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក ដើម្បីសួរដេញក្រោមបទល្មើសរួមគំនិតក្បត់ ដែលបានព្រឹត្តកាលពីឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់ទៀតតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រុមព្រហ្មទណ្ឌ ។
នៅក្នុងសំណុំរឿងក្រមព្រហ្មទណ្ឌនេះ រួមមាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក នុត រំដួល លោក ម៉ែន សុថាវរិន្ទ្រលោក ឡុង រី លោក អ៊ូ ច័ន្ទឫទ្ធិ និងលោក ហូរ វ៉ាន់។ ដោយឡែកសវនាការជំនុំជម្រះលើសំណុំរឿងនេះ មានសមាសភាព លោកស្រី អ៊ុក រ៉េគន្ធា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក ធ្ធាំ ប៊ុណ្ណា ចៅក្រមប្រឹក្សា, លោកស្រី យី សុខវួច ជាចៅក្រមប្រឹក្សា និងលោក សេង ហៀង ជាតំណាងអយ្យការ។
ក្រោយតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញកោះ ហៅឱ្យចូលសវនាការ លោក សម រង្ស៊ី ប្រកាសថា លោកនឹងធ្វើដំណើរទៅចូលរួមក្នុងសវនាការតុលាការទីក្រុងភ្នំពេញ ស្របតាមដីកានានារបស់តុលាការនេះ បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានភាពក្លាហាន លើកបម្រាមទាំង ៣ ចំពោះរូបលោក រួមមាន បម្រាមហាមឃាត់ មិនឱ្យក្រុមហ៊ុនអាកាសចរណ៍នានា ដឹករូបលោកទៅកាន់អាកាសយានដ្ឋានណាមួយនៅប្រទេសកម្ពុជា។ បម្រាមដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអង្វរទៅរដ្ឋាភិបាលប្រទេសថៃ ហាមឃាត់រូបលោកមិនឱ្យធ្វើដំណើរឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមផ្លូវគោក ដោយឆ្លងកាត់ដែនដីប្រទេសថៃ និងបម្រាមហាមឃាត់មិនឱ្យប្រជាពលរដ្ឋខ្មែរទូទៅ មកទទួលស្វាគមន៍រូបលោកតាមការស្ម័គ្រចិត្តនៅពេលមាតុភូមិនិវត្តន៍របស់លោក។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា លោក ហ៊ុន សែន នឹងមិនបង្ហាញពីភាពកំសាករបស់គាត់ទៀតទេ ដោយហ៊ានលើកបម្រាមទាំង ៣ ខាងលើនេះដើម្បីបើកផ្លូវឱ្យខ្ញុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសន្តិវិធីតាមដីកាកោះរបស់តុលាកា និងស្របតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ យ៉ាងច្រើនលើសលប់»។
បើតាមលោក សម រង្ស៊ី ការបិទទ្វារ មិនឱ្យរូបលោក វិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមរយៈបម្រាមទាំង ៣ ខាងលើនេះ បង្ហាញឱ្យឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការភ័យខ្លាចយ៉ាងខ្លាំងចំពោះមាតុភូមិនិវត្តន៍របស់រូបលោក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែកញ្ញាថា ករណី លោក សម រង្ស៊ី និងបក្ខពួកគឺជារឿងរវាង លោក សម រង្ស៊ី រួមជាមួយនឹងបក្ខពួក និងសាសាដំបូងរាជធានីភ្នំពេញ អត់មានពាក់ព័ន្ធជាមួយនឹងគណបក្សប្រជានកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនដឹកនាំរាជរដ្ឋាភិបាលកម្ពុជានោះទេ។
លោកបន្តថា រឿងមកបានឬមិនបានរបស់លោក សម រង្ស៊ី គឺជារឿងបុគ្គលផ្ទាល់ខ្លួន។ បើចាំគេអនុញ្ញាត លោក សម រង្ស៊ី គ្មានពាក្យក្លាហាន។ គាត់តែងលើកឡើងថា គាត់នៅតែក្លាហាន គាត់នៅតែរឹងមាំ គាត់នៅតែខ្លាំង ។ បើទោះបីគេបិទក៏ដោយ មិនបិទក៏ដោយ បើមានដីការបស់តុលាការត្រូវតែចូលខ្លួនតាមការកោះហៅ» ។
លោក សុខ ឥសាន ចាត់ទុកអវត្តមានរបស់លោក សម រង្ស៊ី គឺមិនបង្អាក់ដំណើការនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញនោះទេ ព្រោះនៅពេលដែលអវត្តមានជនជាប់ចោទ គឺនៅតែបន្តដំណើការ និងកាត់សេចក្តីទៅតាមអវត្តមាន ដែលគេហៅថា «កាត់សេចក្តីកំបាំងមុខ»ទៅតាមច្បាប់ និងនីតិវិធីរបស់តុលាការ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ បានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយឱ្យសកម្មជនបក្ស ១៣ នាក់ ជាប់ពន្ធនាគារ «៣ ឆ្នាំ ៨ ខែ» កាលពីថ្ងៃទី ១៦ ខែសីហា ឆ្ នាំ២០២២ និងបង្គាប់ឱ្យសមត្ថកិច្ចឃុំខ្លួនសកម្មជនបក្សប្រឆាំងដែលជាប់ព័ន្ធនឹងលោក សម រង្ស៊ី ចំនួន ១៣ នាក់ ក្នុងពន្ធនាគារចំនួន ៣ ឆ្នាំ ៨ ខែបន្តទៀត ក្រោមបទចោទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តភាពវឹកវរធ្ងន់ធ្ងរនៅក្នុងសង្គម៕