ភ្នំពេញៈ លោក​ឧបនាយ​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អះអាង​ថា ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​មកនេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ​បាន​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដល់​កម្ពុជា​លើ​គម្រោង​អភិវឌ្ឍន៍​ជាង ៤០០ ​ដែលមាន​ទំហំ​ទឹកប្រាក់​​ប្រមាណ​ ៤,៣​ ពាន់​លាន​ដុល្លារ សម្រាប់​ដំណើរ​ការកសាង​ប្រទេស​កម្ពុជា​ក្រោយ​ពេល​សង្គ្រាម។

ការលើក​ឡើង​របស់​លោក ប្រាក់ សុខុន បែប​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៣ ខែ​កញ្ញា​ ២០២២ ក្នុងពេល​លោក​ទទួល​ជួប​ជាមួយ​លោកស្រី យ៉ុត សាណាវ៉ាម៉ា (Jyotsana Varma)​ នាយក​នៃ​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB ​ថ្មី​ប្រចាំ​កម្ពុជា​ ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

ក្នុង​ជំនួប​នោះ លោក​ ប្រាក់ សុខុន បាន​លើកឡើង​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB ​បានផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដល់​កម្ពុជា​លើ​គម្រោង​អភិវឌ្ឍន៍​ជាង​ ៤០០ ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៤,៣ ​ពាន់​លាន​ដុល្លារ​ចាប់​តាំងពី​ឆ្នាំ​ ១៩៩២ ​មក ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ពោល​គឺ​បន្ទាប់ពី​មាន​កិច្ចអន្តរាគមន៍​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​។

ជាមួយ​គ្នានេះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ក៏បាន​ថ្លែង​អំណរគុណ​ដល់​កិច្ចខិតខំ​ជួយ​ជ្រោមជ្រែង​កម្ពុជា​ពី​សំណាក់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB នាពេល​កន្លង​មក ចំពោះ​ការអភិវឌ្ឍ​នានា ជាពិសេស​នា​អំឡុង​ការរាតត្បាត​ជា​សកល​នូវ​ជំងឺ​កូវីដ ១៩ ដែល ADB ​បាន​ជួយ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​កម្មវិធី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល បង្កើន​ការគាំទ្រ​សង្គម​ដល់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក៏ដូចជា ផ្តល់​ការជំរុញ​សេដ្ឋកិច្ច អាជីវកម្ម រួមទាំង​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ​ជាដើម​។

ឆ្លើយតប​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោកស្រី យ៉ុត សាណា វ៉ាម៉ា បាន​សម្តែង​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង ​ADB ​និង​កម្ពុជា ហើយ​លោកស្រី​បាន​កោតសរសើរ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​ ២០២២ នេះ ដែល​បាន​រៀបចំ​កិច្ចប្រជុំ​នានា​ដោយ​ជោគជ័យ​កាលពី​ដើម​ខែសីហា​។ ​ជោគជ័យ​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ពី​កិត្តិសព្ទ​របស់​កម្ពុជា​នៅ​​ក្នុង​សហគមន៍​អន្តរជាតិ​។

តំណាង​ ADB​ ថ្មី​ប្រចាំ​កម្ពុជា​រូបនេះ​បង្ហាញ​សុទិដ្ឋិនិយម​លើ​អនាគត​នៃ​សេដ្ឋកិច្ច​កម្ពុជា ដោយ​លោកស្រី​បានបញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​រួចរាល់​របស់​លោកស្រី​ និង​ ADB ​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​សំដៅ​បន្ត​ជំរុញ​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន និង​ចីរភាព ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ ​១៩​។

លោក​ ប្រាក់ សុខុន បាន​សរសេរ​នៅលើ​គេហទំព័រ Facebook ផ្លូវការ​របស់​លោក​ពី​ការប្តេជ្ញា​រវាង​ភាគី​ទាំង ​២ ​ដូច្នេះ​ថា​៖ «​យើង​ទាំង ​២ បាន​ពិភាក្សា​គ្នា​ប្រកប​ដោយ​ផ្លែផ្កា​ និង​បានបញ្ជាក់​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការធ្វើការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​»​។

ទាក់ទិន​នឹង​ជំនួយ​របស់ ADB នេះ លោក សេង សារី អ្នក​ស្រាវជ្រាវ​អំពី​ការអភិវឌ្ឍ​សង្គម​បាន​ថ្លែងថា ការផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ប្រមាណ​ ៤,៣ ​ពាន់​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ គឺជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាលពី​ឆ្នាំ​ ១៩៩១ ដែល ​ADB និង​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ​រួមទាំង​បណ្តា​ប្រទេស​ជា​ម្ចាស់​ហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​នេះ​សន្យា​ជួយ​កម្ពុជា​ ដើម្បី​ស្តារ​នីតិសម្បទា​ ដើម្បី​រុញច្រាន​ចេញពី​បន្ទាត់​ក្រីក្រ ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច កសាង​ហេដ្ឋារចនាសម្ព័ន្ធ លើកស្ទួយ​វិស័យ​អប់រំ សុខាភិបាល និង​នយោបាយ​ជាដើម បន្ទាប់ពី​កម្ពុជា​ព្រមព្រៀង​បញ្ចប់​ជម្លោះ​សង្គ្រាម​ស៊ីវិល​។

ចំពោះ​ការចំណាយ​យ៉ាងណា​នោះ​លោក សារី បាន​បញ្ជាក់ថា​៖ «​សម្រាប់​ការចាយវាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា វា​ត្រូវ​ខ្ទង់ ខុស​ខ្ទង់​នោះ​ខ្ញុំ​មិនទាន់​មាន​របាយការណ៍​វាយតម្លៃ​ពី​ ADB ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​មកដល់​ពេលនេះ​យើង​ឃើញថា កម្ចី​ពី​ ADB ​បាន​ចូលរួម​ចំណែក​ជួយ​កម្ពុជា​តិចក្តី ច្រើនក្តី ក៏​កម្ចី​ និង​ជំនួយ​ពី​ ADB ​បាន​ជ្រាប​ក្នុង​សរសៃ​នៃ​ការអភិវឌ្ឍ​របស់​កម្ពុជា​... »​។

លោក សេង សារី បន្ថែម​ថា កម្ពុជា​មាន​ថ្ងៃនេះ​មិនអាច​បដិសេធ​បាន​ឡើយ​ចំពោះ​ការជួយ​ជ្រោមជ្រែង​ពី​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី​ ADB និង​ដៃគូ​អភិឌ្ឍន៍​នានា​ផ្សេងទៀត​ ដែល​ភាព​រីកចម្រើន​របស់​កម្ពុជា​មិនអាច​ផាត់​ចេញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ និង​ជំនួយ​របស់ ADB បានឡើយ​។

គួរបញ្ជាក់​ផងដែរ​ថា ធនាគារ​អភិវឌ្ឍន៍​​អាស៊ី​ ADB គឺជា​ប្រភព​ទុន​ដ៏ធំ​បំផុត​មួយ​របស់​កម្ពុជា​ដែល​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​នានា​​រួមជាមួយ​នឹង​ការផ្តល់​ប្រាក់កម្ចី​ប្រចាំ​ឆ្នាំ​​ជា​មធ្យម​ចំនួន​ប្រមាណ​ ៣២៩,៨ ​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០២១៕