
លោក ស៊ុន ចាន់ថុល និងមន្ត្រីពិនិត្យការប្រើប្រាស់ម៉ាស៊ីនរ៉ូបូត ដើម្បីត្រួតពិនិត្យប្រព័ន្ធលូក្នុងក្រុងសៀមរាបកាលពីថ្ងៃទី ១៣ កញ្ញា។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រើបច្ចេកវិទ្យាទំនើប ដោយដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនរ៉ូបូតជាលើកដំបូងនៅកម្ពុជា ដើម្បីត្រួតពិនិត្យប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ដោយម៉ាស៊ីននេះមានមុខងារភ្ជាប់ជាមួយកាមេរ៉ា ដែលអាចមើលឃើញស្ថានភាពជាក់ស្ដែងនៅផ្ទៃខាងក្នុងនៃប្រព័ន្ធលូ និងការកកស្ទះកាកសំណល់ផ្សេងៗ។
ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនរ៉ូបូតនេះធ្វើឡើងនាឱកាស លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ១៣ កញ្ញា។
លោក ស៊ុន ចាន់ថុល លើកឡើងថា នៅកម្ពុជា គឺជាលើកទី១ ហើយ ដែលក្រសួងសាធារណការមានឧបករណ៍ដ៏ទំនើបនេះ សម្រាប់ត្រួតពិនិត្យប្រព័ន្ធលូ ដែលវាមានមុខងាររត់ក្នុងលូ ដោយមានភ្ជាប់កាមេរ៉ា ហើយមន្ត្រីអាចមើលឃើញស្ថានភាពទាំងអស់ក្នុងប្រព័ន្ធលូ។
លោកពន្យល់ថា៖ «កាលពីដើម មនុស្សយើងចូលក្រោមលូហត់ណាស់ ដើរតែ ២០ ម៉ែត្រក៏ពិបាកដែរ ប៉ុន្តែម៉ាស៊ីននេះដាក់ចូលទៅ វារត់នៅក្រោមលូតែម្តង ដោយមានកាមេរ៉ាវា ហើយយើងមើលរូបភាពនៅក្នុងដៃយើង យើងដឹងទាំងអស់ ថា តើលូស្ទះដោយសារអ្វី?»។
លោកបញ្ជាក់ថា៖ «យើងឃើញហើយ កន្លែងខ្លះស្ទះដោយសារខ្លាញ់ បងប្អូនចាក់ខ្លាញ់ចូលក្នុងលូហ្នឹង។ ដូច្នេះ ម៉ាស៊ីន យើងនេះល្អណាស់ គឺវារត់បាន ២០០ ម៉ែត្រ វាថតរូបឱ្យយើងទាំងអស់ មើលបានទាំងលូទឹកស្អុយ និងលូទឹកភ្លៀង»។
បើតាមលោករដ្ឋមន្ត្រីការដាក់ដំណើរការម៉ាស៊ីនរ៉ូបូតនេះ គឺជាលើកដំបូងសម្រាប់កម្ពុជា ព្រោះកន្លងមកការត្រួតពិនិត្យបញ្ហាក្នុងប្រព័ន្ធលូ ពិតជាមានការលំបាកណាស់ ដោយតម្រូវឱ្យមនុស្សដើរក្នុងលូតែម្តង ដើម្បីត្រួតពិនិត្យ។

ម៉ាស៊ីនរ៉ូបូតទំនើប ដែលក្រសួងសាធារណការដាក់ឱ្យប្រើ ដើម្បីពិនិត្យប្រព័ន្ធលូ។ រូប ក្រសួងសាធារណការ
លោកថ្លែងថា៖ «កាលពីដើមឱ្យមនុស្សចុះទៅលូនក្រោមលូនោះស្អុយផង និងថប់ដង្ហើម ដល់ពេលនេះយើងមានម៉ាស៊ីន វារត់ខ្លួនវា មើលពីក្រៅ យើងដឹងថា វាស្ទះ ឬមិនស្ទះ។ បើឃើញកកស្ទះនៅកន្លែងណា យើងយកឡានយើងមក ដោយសារម៉ាស៊ីនយើងមានក្បាលវាបាញ់សម្អាតលូខ្លាំងណាស់ ហើយយើងបូមទឹកចេញទៅ»។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ដែរថា ម៉ាស៊ីនរ៉ូបូតត្រួតពិនិត្យប្រព័ន្ធលូ គឺជាបច្ចេកវិទ្យាទំនើបមានភ្ជាប់ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែងនៅផ្ទៃខាងក្នុងនៃប្រព័ន្ធលូ ការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។
លោកថ្លែងថា៖ «ម៉ាស៊ីននេះ គឺជាគម្រោងចល័ត ដូច្នេះគឺយើងអាចយកទៅប្រើកន្លែងណាក៏បានដែរ។ វាជាការប្រើប្រាស់លើកទី ១ ហើយក៏ជាការប្រើប្រាស់សាកល្បងដែរ។ យើងនឹងរៀបចំឱ្យបានល្អ ហើយក្រសួងនឹងធ្វើការពង្រីកនូវការប្រើប្រាស់កាន់តែច្រើនកាន់តែទូលាយជាងនេះ»។
លោក ស៊ុន ចាន់ថុល ក៏បានអញ្ជើញចុះពិនិត្យ និងចាត់វិធានការដោះស្រាយ ក៏ដូចជាស្វែងរកមូលហេតុនៃការបង្កឱ្យមានជំនន់ទឹកភ្លៀងជន់លិចបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប បង្កការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា។ សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភពនាំមកនូវការកកស្ទះដល់ប្រព័ន្ធលូ ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឱ្យមានការជន់លិច ធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍៕