
មន្ត្រីនិងវាគ្មិននៅក្នុងវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិលើកទី២ នៅខេត្តបាត់ដំបងកាលពីថ្ងៃទី ១៣ កញ្ញា។ រូបថត Oxfam page
បាត់ដំបងៈ មណ្ឌលថែទាំមនុស្សចាស់បង្កើតឡើងដោយរដ្ឋ បានក្លាយជាក្ដីប្រាថ្នារបស់តំណាងមនុស្សចាស់មកពីទូទាំង ២៥ រាជធានី-ខេត្ត ដើម្បីជួយសម្រាលទុក្ខលំបាករបស់មនុស្សចាស់ដែលគ្មានទីពឹង។ ក្ដីប្រាថ្នានេះ ត្រូវបានលើកឡើងនៅក្នុងវេទិកាមនុស្សចាស់ថ្នាក់ជាតិ ក្រោមប្រធានបទ «សោធនសង្គម សម្រាប់មនុស្សវ័យចាស់» ដែលរៀបចំនៅសាលមហាស្រពស្ទឹងសង្កែខេត្តបាត់ដំបង កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២។
នៅក្នុងវេទិកាថ្នាក់ជាតិនេះ លោក សំហេង បុរស ប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា លោកធ្លាប់ពាំនាំសំណើនេះទៅកាន់លោក ហ៊ុន សែន ដែរ តែលោកនាយករដ្ឋមន្ត្រីបារម្ភខ្លាចថា បើមានមណ្ឌលមនុស្សចាស់ នោះកូនលែងមានការទទួលខុសត្រូវចំពោះឪពុកម្ដាយ។
ប្រសាសន៍នាយករដ្ឋមន្ត្រីត្រូវបានថ្លែងបន្ទរដោយលោក សំហេង បុរស យ៉ាងដូច្នេះថា៖ «ខ្មែរត្រូវប្រកាន់ប្រពៃណីកូនថែទាំឪពុក ម្ដាយឱ្យបានល្អ អត់បង្កើតមណ្ឌលទេ បើកាលណាបង្កើតមណ្ឌល កូនអត់ថែទាំឪពុកម្ដាយគេទេ»។
នៅក្នុងវេទិកានេះ អ្នកស្រី ហៀង យ៉ាត មកពីសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងដោយខ្លីថា មណ្ឌលថែទាំមនុស្សចាស់ សំខាន់និងចាំបាច់សម្រាប់មនុស្សចាស់ដែលគ្មានកូននិងមនុស្សចាស់ទុរគត។
ចំណែកលោក ហែម ផាន តំណាងមនុស្សចាស់ក្នុងសង្កាត់ភ្នំពេញថ្មី ឯកភាពចំពោះកង្វល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាចវត្តមានមណ្ឌលថែទាំមនុស្សចាស់ នាំឱ្យកូនលែងមានការទទួលខុសត្រូវ។ ប៉ុន្តែ លោកថា បើមើលលើទិដ្ឋភាពជាក់ស្ដែងមនុស្សចាស់នៅកម្ពុជាកាន់តែចាស់មានបន្ទុកកាន់តែច្រើនដូចជា បន្ទុកនៃការមើលថែទាំចៅ បន្ទុកជំងឺ និងគ្មានសំឡេងនៅក្នុងសហគមន៍។
លោកថា៖«មនុស្សចាស់នៅបរទេស កាន់តែចាស់កាន់តែស្រណុកអង្គុយហូបតែ។ រីឯខ្មែរយើងកាន់តែចាស់ នៅអង្គុយមើលចៅ។ អ៊ីចឹងហើយសំណូមពររបស់ខ្ញុំសុំឱ្យឯកឧត្តមសំហេង បុរស ពាំនាំពាក្យមនុស្សចាស់ ទៅកាន់រដ្ឋាភិបាល សូមឱ្យបង្កើតមណ្ឌលណាមួយ ដើម្បីជួយសម្រាលបន្ទុកមនុស្សចាស់បានខ្លះ ព្រោះកាន់តែចាស់ទៅយើងចង់ទៅរកកន្លែងណាដែលស្រួលដែរ ហើយយើងចង់ឱ្យមណ្ឌលនោះផ្ដល់សេវាហូបចុកពេទ្យព្យាបាល និងកន្លែងធ្វើលំហាត់ប្រាណ»។
ចំពោះការលើកឡើងនេះ លោក សំហេង បុរស បានគូសបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលមិនដាច់ណាត់ថា មិនឱ្យបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់នោះទេ តែធាតុពិតជាក់ស្ដែងលោកបានអនុញ្ញាតរួចហើយ។ លោកបន្ថែមថា៖ «មកដល់ម៉ោងនេះ ក្រសួងសង្គមកិច្ចរបស់យើង បានរៀបចំមណ្ឌលខ្លះហើយ និងអនុញ្ញាតឱ្យមានមជ្ឈមណ្ឌលឯកជនទៀត សម្រាប់មនុស្សចាស់មានលទ្ធភាព មនុស្សចាស់មិនមានលទ្ធភាពប្រើប្រាស់របស់រដ្ឋ»។
តែទោះយ៉ាងណាលោក សំហេង បុរស អះអាងថា រដ្ឋាភិបាលមិនមានលុយសាងសង់មណ្ឌលថែទាំមនុស្សចាស់គ្រប់ភូមិទេព្រោះមនុស្សចាស់នៅកម្ពុជាមានចំនួនដល់ទៅ១លាន២សែននាក់ទូទាំងប្រទេស។
លោក បញ្ជាក់ថា៖ «ហើយបើបង្កើតមណ្ឌលគ្រប់ភូមិអស់លុយច្រើន បើសូម្បីតែសាលាឃុំយើងសង់មិនទាន់បានអស់ផង។ ជាយោបល់ខ្ញុំត្រឡប់ទៅវិញនៅគ្រប់ភូមិយើងមានវត្តអារាមស្ទើរតែទាំងអស់។ គ្រាន់តែថាវត្តអត់មានប្រព័ន្ធគ្រប់គ្រង ក្នុងការជួយមនុស្សចាស់នៅឡើយ។ តែយើងអាចធ្វើបែបនេះវិញ ដោយរដ្ឋាភិបាលផ្ដល់កញ្ចប់ថវិកា ដល់សមាគមថែទាំមនុស្សចាស់នៅតាមវត្តវិញ។ តើធ្វើអ៊ីចឹងបានអត់ ? ហើយខ្ញុំនឹងសាកល្បងវិធីនេះ ជាមួយអង្គការ HelpAge Cambodia និង UNDP ប្រើប្រាស់វត្តជាទីកន្លែងថែទាំមនុស្សចាស់ សាកសិនធ្វើបានឬមិនបាន»។
បើតាមក្រសួងសង្គមកិច្ច វ័យដែលត្រូវបានរាប់ថា ជាមនុស្សចាស់គឺមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។ ក្នុងឆ្នាំ ២០១៩ មនុស្សចាស់នៅកម្ពុជាមានចំនួនសរុប ១ លាន ២ សែននាក់ ស្មើនឹងជាង ៨ ភាគរយ នៃប្រជាជនសរុប ១៥ លាននាក់ ហើយចំនួនមនុស្សចាស់នឹងកើនឡើង ៤ លាននាក់នៅឆ្នាំ ២០៥០៕