សៀមរាបៈ ​រដ្ឋមន្ត្រី​ក្រសួង​សាធារ​ណការ ​និង​ដឹក​ជញ្ជូន​លោក ​ស៊ុន​ ចាន់ថុ​ល ​បាន​លើក​ឡើង​ថា លំហូរ​នៃ​ការប្រើ​ប្រាស់​រថ​យន្ត​អគ្គិ​សនី​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ជាង ១ ​ឆមាស​ឆ្នាំ​នេះ មាន​ការ​កើន​ឡើង​ជាខ្លាំង​ រហូតដល់​ប្រមាណ​ជាង ​១ ៨​០០ ​ភាគ​រយ ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​

ការ​លើក​ឡើង​របស់​លោក ​ស៊ុន​ ចាន់ថុ​ល បែបនេះ ​ធ្វើ​ឡើង​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ថានីយ​បញ្ចូលថា​មពល​យាន​យន្ត​អគ្គិ​សនី (EV C​hargi​ng Station)​ នៅ​ក្នុង​ក្រុង​សៀម​រាប ​ខេត្ត​សៀម​រាប​ កាល​ពីថ្ងៃទី ១៤ កញ្ញា​ ឆ្នាំ ២០២២​​។​

​លោករដ្ឋ​មន្ត្រី​ក្រសួង​សា​ធារណ​ការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ថា ក្នុង​រយៈ​ពេល ៧ ​ខែ ឆ្នាំ​ ២០២២​ នេះ ​មាន​រថយន្ត​អគ្គិ​សនី​សរុប​ចំនួន​ ៣០៥ ​គ្រឿង​បាន​ចុះបញ្ជី​។ ចំនួន​ចុះបញ្ជី​នេះ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ​មាន​ការ​កើន​ឡើង​ប្រមាណ​ ១ ៨០៦​ ភាគរយ ហើយ​ការណ៍​នេះ​មកពី​ពលរដ្ឋ​យល់​ដឹង​ច្រើន​ពី​អត្ថ​ប្រ​យោជន៍​នៃ​ការ​ប្រើ​ប្រាស់​រថ​យន្ត​អគ្គិ​សនី​។

​លោក​បាន​បញ្ជាក់​​ថា​៖ «​ការ​ប្រើ​ប្រាស់​កើន​ឡើង​ ព្រោះ​ការ​ជួស​ជុល​ ថែទាំ​ មានការ​ចំណាយ​តិច​ ដោយ​សារ​គ្រឿង​បន្លាស់រ​ថ​យន្ត​អគ្គិ​សនី​មាន​ចំនួន​តិច ។ ជា​ពិសេស​ជាង​នេះ​ទៀត ការប្រើ​ប្រាស់​រថយន្ត​អគ្គិ​សនី​មិន​បំ​ភាយ​ឧស្ម័ន​ពុល​ទៅក្នុង​បរិ​យា​កាស និង​មាន​សំឡេង​ស្ងាត់​ល្អ​ផង​ដែរ​»​។​

​លោក​រដ្ឋ​មន្ត្រី ស៊ុន ចាន់​ថុល ឱ្យដឹង​បន្ត​ថា ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​មាន​គុណ​សម្បត្តិ​ល្អ​ច្រើន​ជាង​រថ​យន្ត​ប្រើ​ប្រេង​ឥន្ធនៈ ​ព្រោះ​ពន្ធ​នាំចូល​លើ​រថយន្ត​អគ្គិ​សនី​នេះ​មាន​តម្លៃ​ទាប​ជាង​ពន្ធ​នាំចូល​នៃ​រថយន្ត​ប្រើ​ប្រេង​ឥន្ធនៈ​។ លើស​ពីនេះ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិ​សនី​ចំណេញ​ថាមពល​ច្រើនជាង​រថយន្ត​ប្រើ​ប្រេង​ឥន្ធនៈ​ដល់​ទៅ ​៣ ​ដង​។​

​លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ឧទា​ហរណ៍​យើង​ប្រើ​ ៤០០ គីឡូ​ម្រ៉ែ​ត ហើយ​បើ​ប្រើ​ឡាន​អគ្គិសនី​នេះ យើង​បញ្ចូល​ថាម​ពល​នេះ​ប្រហែល​ជា​ ៥០ ​គីឡូ​វ៉ាត់​ ដូច្នេះ​តម្លៃ​ប្រហែល​ជា ២០ ​ដុល្លារ ​ក៏ប៉ុន្តែ​តម្លៃ​ប្រេង​ចេះតែ​ឡើង​ថ្លៃ បើ​យើង​ប្រើ​ដូចគ្នា​ ៤០០ ​គីឡូ​ម្រ៉ែ​ត ប្រើ​រថ​យន្ត​ធម្មតា​យើង​ចាយ​ប្រហែល ​៦០ ​ដុល្លារ ដូច្នេះ​ខុស​គ្នា​មួយ​ជា​៣»​។​

​តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ ​(UNDP) ប្រចាំ​កម្ពុជា​ដែលជា​ម្ចាស់​ជំនួយ​ក្នុង​បង្កើត​ទីតាំង​សាក​ថ្ម​រថ​យន្ដ​អគ្គិ​សនី​នេះ ​លោក Butchaiah Gadde បាន​លើក​ឡើងថា កម្មវិធី​អភិ​វឌ្ឍន៍​សហ​ប្រជា​ជាតិ​ រីករាយ​ក្នុង​ការ​ចូល​រួម​ចំណែក​ជួយ​ក្រសួង​សាធា​រណ​ការ​ ក្នុងការ​រៀបចំ​ផែនការ​ជំរុញ​ឱ្យមាន​កា​រ​ប្រើប្រាស់​យាន​យន្ត​អគ្គិ​សនី​។ លោក​បាន​បន្ថែម​ថា លោក​គាំទ្រ​ដល់​ក្រសួង​សា​ធារណ និង​ដឹក​ជញ្ជូន ដែល​បាន​បង្កើត​ក្រុម​ការងារ​ ដើម្បី​រៀប​ចំ​គោល​នយោ​បាយ​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិ​សនី​នៅ​កម្ពុជា​។​

​ក្រសួង​សាធា​រណ​ការ​និង​ដឹក​ជញ្ជូន​ធ្លាប់​បាន​លើក​ឡើង​ថា រដ្ឋាភិ​បាល​កម្ពុជា​កំពុង​រៀបចំ​គោល​នយោ​បាយ​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ដំឡើង​ស្ថានីយ​សាក​ថ្ម​អគ្គិ​សនី​ឱ្យបាន​ទូទាំង​ប្រទេស​ ជា​ពិសេស​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ គួរ​មាន​កន្លែង​សាក​ថ្ម​យាន​យន្ត​អគ្គិ​សនី​នេះ ​ដើម្បី​បំពេញ​តម្រូវការ​ប្រើ​ប្រាស់​របស់​ប្រជា​ពលរដ្ឋ​។​កម្ពុជា​ប្ដេជ្ញា​ជំរុញ​ការ​ប្រើ​រថយន្ត​អគ្គិ​សនី និង​រថយន្ត​ក្រុង​ក្នុង​ទីក្រុង​ឱ្យបាន​ ៤០​ ភាគ​រយ និង​ម៉ូតូ​ឱ្យបាន​ ៧០​ ភាគ​រយ​ នៅ​ឆ្នាំ​២០៥០ ​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

ជា​មួយ​នេះដែរ​ លោក​ ស៊ុន ចា​ន់ថុល​ បាន​ស្នើឱ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​លើ​ការ​លើក​កម្ពស់​ការប្រើ​ប្រាស់​រថយន្ត​អគ្គិ​សនី​ដោយ​លោ​កថ្លែ​ងថា៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន​វិនិយោគ ​លើ​ការ​ដំឡើង​ស្ថានីយ ​ដើម្បី​បញ្ចូល​ថាម​ពល​អគ្គិ​សនី​នេះ​។​ហេតុ​ដូច្នេះ​ហើយ ​ក្រសួង​សា​ធារណ​ការ​ខិតខំ​ធ្វើកា​រ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​ចាប់​ផ្តើម​បើក​ផ្លូវ​ឱ្យ​ផ្នែក​ឯកជន​ចួ​ល​រួម​»​។​

​ក្រៅ​ពីនេះ​ក្រសួង​នឹង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​យាន​យន្ត​អគ្គិសនី​ទី​៤ នៅ​ខេត្ត​បាត់​ដំបង ​ដែលជា​ជំនួយ​របស់​អង្គការ ​UNDP ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រើប្រា​ស់​យាន​យន្ត​អគ្គិសនី​ឱ្យបាន​ច្រើន​នៅកម្ពុជា​។​

​សូម​បញ្ជាក់ថា​ គិត​ត្រឹម​ថ្ងៃទី ​១៤ ​ខែកញ្ញា ឆ្នាំ​ ២០២២ ក្រសួង​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​ស្ថានីយ​បញ្ចូល​ថាមពល​យាន​យន្ត​អគ្គិសនី​បាន​ចំនួន​៣​ទីតាំង ​ក្នុងនោះ​​ទីតាំង​ទី​១ ​ស្ថិត​នៅ​ក្នុង​ទីស្ដីការ​ក្រសួង​សា​ធារណ​ការ ​និង​ដឹក​ជញ្ជូន ទីតាំង​ទី​២​ ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសី​ហនុ និង​ទីតាំង​លើក​ទី​៣​ស្ថិត​នៅ​ក្នុង​ក្រុង​សៀម​រាប​នាពេល​នេះ​៕