ភ្នំពេញៈ កម្ពុជា និងសាធារណរដ្ឋ​តួ​ក​គីបាន​និង​កំពុង​ព​ន្លឿ​ន​ការ​កែសម្រួល​ខ្លឹមសារ​សេចក្ដី​ព្រា​ង​អនុស្សរ​ណៈ​យោគ​យល់​គ្នា (MOU) ​ស្តីពី​កិច្ច​សហ​ប្រ​ត្តិ​ការលើ​គ្រប់​វិស័យ​ ពិសេស​លើ​វិស័យ​អប់រំ​ ធនធាន​មនុស្ស ​ដើម្បី​រៀបចំ​ពិធី​ចុះហត្ថ​លេខា​រវាង​ប្រទេស​ទាំង​ ២​ នា​ពេល​ខា​ងមុខ​។​

នេះ​គឺជា​ការ​អះ​អាង​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃថ្លែ​ង​ក្នុង​ជំនួប​ពិភាក្សា​ជា​មួយ​នឹង​លោក​ស្រី UIKU​ Kocaefe ឯក​អគ្គរដ្ឋ​ទូត​វិសា​មញ្ញនិង​ពេញ​សមត្ថ​ភាព​នៃ​សា​ធារណ​រដ្ឋ​តួក​គីប្រចាំ​កម្ពុជា​ ក្នុងពេល​ចូល​ជួប​សម្តែង​ការគួរ​សម កាល​ពី​ថ្ងៃទី​ ១៤ ខែកញ្ញា ​ឆ្នាំ ២០២២ នៅ​វិមាន​រដ្ឋ​សភា​។​

លោក​ ស ខេង​ បាន​បន្ត​ថា ភាគី​កម្ពុជា​មាន​បំណង​ចង់​ស្នើ​ឱ្យ​មាន​ការ​បន្ថែម​ខ្លឹម​សារ​ពាក់​ព័ន្ធ​នឹង​ផ្នែក​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ​និង​ផ្នែក​រក្សា​សន្តិ​សុខ​នៅ​ក្នុង​ខ្លឹម ​MOU ​នោះ ​ដើម្បី​ពង្រីក​វិសាល​ភាព​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​ប្រទេស​ទាំង​ ២ ​បន្ថែម​ទៀត

ខណៈ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​កំពុង​ធ្វើ​កំណែ​ទម្រង់នៅ​ថ្នាក់​ក្រោម​ជាតិតា​មបែប​វិមជ្ឈ​ការ និង​វិសហ​មជ្ឈការ​ ។

លោក​ថ្លែង​ថា​៖ «​សព្វ​ថ្ងៃ​រាជរដ្ឋា​ភិបាល​កំពុង​យក​ចិត្តទុក​ដាក់​លើ​ការងារ​ផ្ទេរ​អំណាច​មក​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​បាន​កាន់​តែច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ស្រប​តាម​សមត្ថ​ភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ដោយ​ផ្ទេរ​ទាំង​ថវិកា ​ធនធាន​មនុស្ស ​និង​សិទ្ធិ​អំណាច​សម្រេច​កិច្ច​ការ​មូល​ដ្ឋាន​»​។​

ក្នុង​ជំនួប​នេះ​ដែរ​ លោក​ ស ខេង និង UIKU Kocaefe ក៏បាន​ពិភាក្សា និង​ផ្លាស់​ប្ដូរ​យោ​បល់​គ្នា​អំពី​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​កម្ពុជា និង​តួ​ក​គី ​ជា​ពិសេស​រវាង​ក្រសួង​មហា​ផ្ទៃ​កម្ពុជា និង​ក្រសួង​មហា​ផ្ទៃ​តួក​គី និង​បាន​ពិភាក្សា​អំពី​ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត​។​

លោក​ក៏បាន​ថ្លែង​អំណ​រគុណ​រដ្ឋាភិ​បាល​តួ​ក​គី ដែល​បាន​ផ្ដល់​កិច្ច​សហ​ប្រតិប​ត្តិការ​ល្អ​ជាមួយ​ភាគី​កម្ពុជា ​ជា​ពិសេស​លើ​វិស័យ​កសាង​សមត្ថ​ភាពដោយ​លោក​បាន​រំឭក​ថា​ កាលពី​ឆ្នាំ​ ២០១៩ លោក​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង​មហា​ផ្ទៃទៅ​បំពេញ​ទស្សន​កិច្ច​ការងារ​នៅ​ប្រទេស​តួ​ក​គីនិង​បាន​ជួបពិ​ភាក្សា​ការងារ​ជា​មួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​តួ​ក​គីនិង​បាន​ជួប​និស្សិត​ខ្មែរ​នៅ​ទីនោះ​។

ជាការ​ឆ្លើយ​តប​ លោក​ស្រី UIKU Kocaefe ឯក​អគ្គ​រដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថ​ភាព​នៃ​សា​ធារណរដ្ឋ​តួ​ក​គីប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិការ​ក​ន្ល​ង​មក ​ជាពិសេស​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរ​វ​កម្ម​ដែល​កិច្ចការ​នេះ​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​តួ​ក​គី​។

លោក​ស្រី​បន្ត​ថា​ ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ ២​ បាន​ចាប់​ផ្ដើម​ពីដំបូង​កាលពី​ឆ្នាំ ​១៩៥៩​ ហើ​យ​ទំនាក់​ទំនង​នេះ​ត្រូវបាន​ពង្រីក​កាន់​តែ​ខ្លាំង​នៅ​ពេល​មាន​ការ​បង្កើត​ស្ថាន​ទូត​កម្ពុជា​នៅ​រដ្ឋ​ធានី​តួក​គី​។​

​ជា​មួយ​គ្នា​នេះ​ លោក​ស្រីក៏​បង្ហាញ​សេចក្ដី​រីករាយ​ដែល​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​ស ខេង កាលពី​ឆ្នាំ​ ២០១៩​ នៅ​ប្រទេសតួ​កគី​នោះ បាន​បង្កើត​ឱ្យ​មាន​ជា​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​ចុះ​ហត្ថ​លេខា​លើ ​MOU រវាង​ប្រទេស​ទាំង ​២។​​

ចំពោះ​បំណង​របស់​លោក ស ខេង ស្នើ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បន្ថែម​ក្នុង ​MOU​ នោះ​ លោក​ស្រីបាន​បញ្ជាក់​ពី​ការត្រៀម​ទទួល​លិខិត​ផ្លូវការ​ពី​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​បញ្ជូន​ទៅ​រដ្ឋាភិ​បាល​តួ​ក​គី​ពិនិត្យ​និង​សម្រេច ​ដោយ​លោក​ស្រី​ នឹង​បន្ត​តាម​ដាន​ការងារ​នេះ ជា​មួយ​ក្ដី​សង្ឃឹមថា​ ភាគី​កម្ពុជា​ និង​តួ​ក​គី នឹង​អាច​រក​កាល​បរិច្ឆេទ​សមស្រប​ណាមួយ​នា​ពេល​ខាង​មុខ​ ដើម្បី​រៀបចំ​ពិធី​ចុះហត្ថ​លេខា​លើ​ MOU ​នេះ ​ក៏ដូច​ជា​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​ពាក់​ព័ន្ធ​ដទៃទៀ​ត​ផង​ដែរ​៕