ភ្នំពេញៈ ក្រសួង​មហា​ផ្ទៃ​នឹង​ពិនិត្យ​ពិចារណា​លើ​សំណើ​របស់​គណ​បក្ស​នយោ​បាយ​ចំនួន ៤ ​រួមមាន ​គណ​បក្ស​ភ្លើង​ទៀន គណ​បក្ស​ឆន្ទៈ​ខ្មែរ​ គណ​បក្ស​កែ​ទម្រង់​កម្ពុជា ​និង​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋានឱ្យមាន​ការដោះ​ស្រាយបញ្ហា​ប្រឈម​នានា ​និង​សម្រប​សម្រួល​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន ដើម្បី​កិច្ច​សហ​ការ​ឱ្យ​មាន​ភាព​រលូននិង​ស្រប​ទៅ​តាម​ច្បាប់​។​

​ក្រោយ​កិច្ច​ប្រជុំ និង​ពិភាក្សា​ជា​មួយ​តំណាង​គណ​បក្ស​នយោ​បាយ​ទាំង ​៤​ ខាង​លើ​នៅ​ថ្ងៃទី​ ១៥​ ខែកញ្ញា​ ​លោក ឈឹម​ កាន​ ប្រធាន​នាយក​ដ្ឋាន​សមា​គម​ និង​គណ​បក្ស​នយោ​បាយ​នៃ​ក្រសួង​មហា​ផ្ទៃ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ​គណ​បក្ស​ទាំង ​៤ ​ខាង​លើ​ បាន​ដាក់​សំណើ​មក​ក្រសួង​មហា​ផ្ទៃ​ចំនួន ​៧ ​ចំណុចដែល​ចំណុច​ទាំង​នេះត្រូវ​បាន​ក្រសួង ​និង​គណ​បក្ស​ទាំង​ ៤ ​ធ្វើការ​ពិនិត្យ​និង​ពិភាក្សា​ក្នុង​ស្មារតី​យោគ​យល់​គ្នា​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ។

​លោក​បាន​បន្ត​ថា ភាគី​ទាំង​ ២​​ នឹង​ខិតខំ​រក​មធ្យោ​បាយ​ដោះ​ស្រាយ​ដើម្បី​លើក​ស្ទួយ​សិទ្ធិ​និង​សេរីភាព​ផ្នែក​នយោ​បាយ​របស់​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​និង​គណ​បក្ស​នយោ​បាយ។​ ក៏ប៉ុន្តែ​ក្នុង​ចំណុច​ទាំង ​៧ ​ដែល​គណ​បក្ស​នយោ​បាយ​ទាំង ​៤​ ​ដាក់​មក​ក្រសួង​មហា​ផ្ទៃ មាន​ចំណុច​មួយ​ចំនួន ​មិន​ពាក់​ព័ន្ធ​និង​មិន​ស្ថិត​ក្រោម​សមត្ថ​កិច្ច​របស់​ក្រសួង​មហា​ផ្ទៃ​នោះ​ទេ​។​

​លោក​ថ្លែង​ថា​៖ «ឥឡូវ​យើង​កំពុង​ធ្វើការ​ពិនិត្យ​នូវ​រាល់​សំណើ​ចាំ​បាច់​មួយ​ចំនួន​ទាំង​នោះ ​ដែល​ពាក់​ព័ន្ធ​នឹង​ក្រសួង​មហា​ផ្ទៃ »​។​

​លោក ​គង់ មូ​នី​កា ប្រ​ធាន​គណ​បក្ស​ឆន្ទៈ​ខ្មែរបាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ដែរ​ថា គណ​បក្ស​នយោ​បាយ​ទាំង​ ៤​ បាន​ដាក់​សំណើ​ចំនួន​ ៧ ចំណុច​ ដើម្បី​ឱ្យ​ក្រសួង​មហា​ផ្ទៃ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​គណ​បក្ស​បាន​ជួប​ប្រ​ទះ​នាពេល​កន្លង​មក​ រួ​មមាន​ឱ្យមាន​លម្ហ​សេរី​ភាព​នយោ​បាយ​របស់​ប្រជា​ពលរដ្ឋ​ទូទៅ និង​សកម្ម​ជន​របស់​គណ​បក្ស​នយោ​បាយ។ ជំ​រុញឱ្យ​ក្រសួង​មហា​ផ្ទៃ​ធ្វើការ​ពិនិត្យ​ណែនាំ​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​ ដើម្បី​កសាង​ឱ្យមាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​គណ​បក្ស​នយោ​បាយ​ និង​លុប​បំបាត់​ការ​រើស​អើង​ចំពោះ​គណ​បក្ស​នយោ​បាយ​ជាដើម​។​

​លោក​បន្ត​ថា បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​គណ​បក្ស​ក្រៅ​រដ្ឋាភិ​បាល​បាន​អនុវត្ត​កន្លង​មក ដូចជា​ការមិន​ស៊ី​ចង្វាក់​ និង​ការ​មិន​យល់​គ្នា​រវាង​អាជ្ញា​ធរ​មូល​ដ្ឋាន​ជា​មួយ​គណ​បក្ស​នយោបាយ ​ជាពិសេស​គណ​បក្ស​ដែលមាន​និន្នាការ​ផ្ទុយ​។​ គណ​បក្ស​ទាំង​ ៤ បាន​ជំរុញក្រសួង​មហា​ផ្ទៃដែល​ជា​អាណា​ព្យាបា​យ​របស់​អាជ្ញាធរ​មូល​ដ្ឋា​នឱ្យណែ​នាំ និង​ស្រាវ​ជ្រាវ​ទៅលើ​ករណី​ដែល​កើត​ឡើង​នៅ​មូល​ដ្ឋាន យក​មក​ដោះ​ស្រាយ​ឱ្យបាន​សម​ស្រប និង​ត្រឹម​ត្រូវ​។​

​លោក​ថ្លែង​ថា​៖ «ទាំង​អស់​នេះ គឺជា​អ្វីដែល​យើង​ស្នើ បើ​សរុប​ទាំង​អស់មាន ៧ ​ចំណុច​ដែល​បាន​លើក​ឡើង​ ហើយ​ការងារ​ទាំង​អស់​សុទ្ធតែ​ពាក់​ព័ន្ធទៅនឹង​សេរី​ភាព​នយោ​បាយ។ ជាការ​ឆ្លើយ​តប ក្រសួង​មហា​ផ្ទៃ​ដែល​មាន​ឯកឧត្តម ​សក់ សេដ្ឋា ជា​តំណាង​បាន​ទទួល​យក​នូវ​សំណើ​ទាំង​អស់​ ដើម្បី​យក​ទៅ​ពិចារ​ណា ហើយ​ចំណុច​ខ្លះ​លោក​រំពឹ​ងថា​អាច​ធ្វើ​ការកែ​លម្អ​បាន​»​។

​លោក ​គង់ មូ​នី​កា បាន​ចាត់​ទុក​ជំនួប​ពិភាក្សា​រវាង​គណប​ក្សនយោ​បាយ​ទាំង ៤ គឺជា​ចំណុច​មួយ​ល្អ ព្រោះ​បាន​និយាយ​ត្រង់​ទៅ​ត្រង់​មក ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើត​ឡើង និង​អាច​ទទួល​យក​បាន។ ប៉ុន្តែការ​ដោះ​ស្រាយ​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ណា​នោះ គឺ​យើង​នឹងរង់​ចាំមើល​។ លោក​រំពឹង​ថា ​គណបក្ស​ទាំង ៤ នឹ​ងមាន​ពេល​វេលា​ជជែក​គ្នា​បែប​នេះ​បន្ត​ទៀត ។

​បើ​តាម​លោក ​គង់ មូ​នី​កា ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​គណ​បក្ស​នយោ​បាយ​ទាំង​នេះ ​ក្រសួង​មហា​ផ្ទៃក៏​នឹង​រៀបចំ​វេទិកា​សាធារណៈជា​មួយ​គណ​បក្ស​នយោ​បាយ ​និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​ខាង​មុខ​ ដែល​នេះ ​គឺជា​ចំណុច​ ១​ បន្ថែម​ទៀត​ផង​ដែរ​។ ជា​មួយ​គ្នានេះ​ដែរ គណ​បក្ស​ទាំង ​៤​ ក៏​ត្រៀមដាក់​សំណើ​ទៅ​ជួប​ពិភាក្សា​ជា​មួយ​រដ្ឋ​សភា​ជា​លើក​ទី២ ម្តង​ទៀត ​ខណៈ​ដែល​គណ​បក្ស​ទាំង​នេះ​បាន​ជួប​ពិភា​ក្សា​ជា​មួយ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គជប) ​រួច​ហើយ​ដែរ​ ៕