
មន្ត្រីក្រសួងអប់រំ និងមន្ត្រីមូលនិធិភាពជាដៃគូ សម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ រៀបចំសន្និសីទលើកទី១ ស្តីពីការអភិវឌ្ឍគ្រូបង្រៀន នាថ្ងៃទី១៤ កញ្ញា។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិភាពជាដៃគូ សម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) គាំទ្រដោយសហភាពអឺរ៉ុប (EU) ភ្នាក់ងារសហប្រតិបត្តិអភិវឌ្ឍន៍អន្តរជាតិប្រទេសស៊ុយអ៊ែត (SIDA) ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និងយូនីសេហ្វ នៅថ្ងៃទី ១៤ កញ្ញា បានរៀបចំសន្និសីទអប់រំលើកទី១ ស្តីពីការអភិវឌ្ឍគ្រូបង្រៀនផ្តោតលើកំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីត្រៀមរៀបចំការអប់រំបំណិនសតវត្សរ៍ទី២១ដល់សិស្សកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី ១៥ ខែកញ្ញា បញ្ជាក់ថា សន្និសីទនេះ បានផ្តល់ឱកាសឱ្យអ្នកចូលរួមចែករំលែកចំណេះដឹង ការស្រាវជ្រាវ និងការអនុវត្តល្អៗ ដើម្បីបន្តអភិវឌ្ឍគ្រូបង្រៀននៅកម្ពុជា។ គ្រឹះស្ថានអប់រំគ្រូបង្រៀនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងគោលបំណងជួយគ្រូបង្រៀនឱ្យអាចត្រៀមខ្លួនកាន់តែប្រសើរឡើង ក្នុងការផ្តល់ដល់កុមារកម្ពុជានូវបំណិនសតវត្សរ៍ទី២១។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា យុវជនកម្ពុជាកំពុងប្រឈមនឹងពិភពលោក ដែលមានការផ្លាស់ប្តូរលឿន ដែលទាមទារឱ្យមានការបង្រៀនផ្តោតលើបំណិនសតវត្សរ៍ទី២១ ដូចជាការយល់ដឹងអំពីបច្ចេកវិទ្យា គំនិតច្នៃប្រឌិត ការត្រិះរិះ ពិចារណា ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបំណិនទំនាក់ទំនងជាដើម។ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ជាយូរមកហើយថា ជំនាញបង្រៀន និងបណ្តុះបណ្តាលគ្រូបង្រៀននាពេលបច្ចុប្បន្ន ត្រូវកែលម្អ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។
ប្រភពដដែលសរសេរថា៖ «ចំណេះដឹង និងជំនាញទាំងនេះមានស្រាប់នៅក្នុងប្រព័ន្ធអប់រំកម្ពុជា ប៉ុន្តែមិនទាន់បានចែករំលែកទូលំទូលាយនៅឡើយ។ សន្និសីទនេះត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយបញ្ហាប្រឈម តាមរយៈការផ្តល់នូវវេទិកា សម្រាប់ការចែករំលែកចំណេះដឹង ដែលជាសកម្មភាពនិងការគាំទ្រទៅវិញទៅមក ក្នុងទំនើបកម្មនៃការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា»។
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា ការលើកកម្ពស់ស្តង់ដាបង្រៀន គឺជាអាទិភាពចម្បងរបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីធានាថា កម្មវិធីអប់រំគ្រូបង្រៀនបានបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីឆ្លើយតបនឹងតម្រូវការបំណិនសតវត្សរ៍ទី២១។ “សន្និសីទនេះផ្តល់ឱ្យអ្នកចូលរួមចែករំលែកអំពីវឌ្ឍនភាព កំណត់គម្លាតនិងកំណត់សកម្មភាពអាទិភាពច្បាស់លាស់ ក្នុងគោលនយោបាយអប់រំគ្រូបង្រៀនកម្មវិធីសិក្សា និងការអនុវត្តនាពេលខាងមុខ។
លោកថ្លែងថា៖ «សកម្មភាពទាំងនេះនឹងត្រូវបញ្ចូលក្នុងគោលនយោបាយគ្រូបង្រៀនផែនការសកម្មភាព ឆ្នាំ២០២២-២០៣០ ដែលនឹងធានាថា គ្រូបង្រៀននឹងផ្តល់នូវការអប់រំទំនើប និងកម្រិតលេខ១ដល់កុមារកម្ពុជា»។
របៀបវារៈនៃសន្និសីទនេះបានរៀបចំឡើងជា ៣ផ្នែកសំខាន់ៗគឺ គោលនយោបាយ កម្មវិធីសិក្សា និងការអនុវត្ត ដោយមានការចែករំលែកពីការស្រាវជ្រាវអំពីបទពិសោធថ្មីៗរបស់គ្រូបង្រៀនកម្ពុជាក្នុងបំណិនសតវត្សរ៍ទី២១ ការពិភាក្សាផែនការសម្រាប់កែលម្អកម្មវិធីសិក្សា និងការស្វែងយល់បច្ចេកទេសបង្រៀនថ្មីៗ។ សន្និសីទនេះនឹងដើរតួក្នុងការលើកកម្ពស់ការអភិវឌ្ឍគ្រូបង្រៀន។
លោក ម៉ី សុមុនី នាយករងវិទ្យាល័យ ហ៊ុនសែនបុរី ១០០ ខ្នង ថ្លែងថា លោកមិនបានតាមដានឱ្យបានស៊ីជម្រៅលើបញ្ហាខាងលើនេះទេ ប៉ុន្តែអ្វីទាំងអស់នេះស្ថិតក្នុងផែនការយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងសុទ្ធសឹងតែសកម្មភាពល្អ ដើម្បីលើកស្ទួយគុណវុឌ្ឍិគ្រូបង្រៀន ក្នុងការធ្វើឱ្យគុណភាពអប់រំកាន់តែមានភាពល្អប្រសើរ ១ កម្រិតទៀត ។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «តាមពិត វាគ្រាន់តែជាជ្រុង ១ នៃការពង្រឹងគុណភាពអប់រំ ប៉ុន្តែវាទាមទារឱ្យមានកំណែទម្រង់ផ្សេងទៀត ពាក់ព័ន្ធនឹងសិស្ស និងការចូលរួមពីមាតាបិតាសិស្ស និងសហគមន៍ បើសិនមានតែគ្រូម្នាក់ឯង គឺមិនទាន់គ្រប់គ្រាន់ទេ»៕