ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បាន​បង្ហើប​ឱ្យដឹងថា រោងចក្រ​វេច​ខ្ចប់​វ៉ាក់សាំង​ដំបូង​គេ​នៅ​កម្ពុជា គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ខែវិច្ឆិកា ខាងមុខនេះ លើ​ផ្ទៃដី​ប្រមាណ ៥ ​ហិកតា ដើម្បី​បំពេញតម្រូវការ​របស់​ពលរដ្ឋ​កម្ពុជា រួមទាំង​ជនបរទេស​ទាំងអស់​ដែល​ស្នាក់នៅ​ក្នុងស្រុក​។​

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី “​សមិទ្ធផល​សម្រេចបាន​រយៈពេល ៥ ​ឆ្នាំកន្លងមក​” របស់​ក្រសួង សុខាភិបាល កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា បច្ចុប្បន្នភាព​នៃ​ការរៀបចំ​រោងចក្រ​ផលិត​វ៉ាក់សាំង​កូ​វីដ ១៩ ក្រសួង​បានធ្វើ​ការងារ ច្រើន​ជាមួយ​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់ Sinovac បន្ទាប់​មានការ​ឯកភាពគ្នា​ររ​វាង​រដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោកស្រី​បន្តថា ៖«​រហូតមកដល់​ពេល​នេះ ការចាក់​បំពេញ​ដី សឹងតែ​បញ្ចប់ ១០០​ភាគរយ​ហើយ នៅពេល​បំពេញ​ដី​ចប់សព្វគ្រប់ ក្រុម​ហ៊ុន​នឹង​ចាប់ផ្តើម​ធ្វើការ​សាងសង់​នៅ​ខែវិច្ឆិកា»​។​

លោកស្រី​ថ្លែងថា រោងចក្រ​ផលិត​វ៉ាក់សាំង​នេះ មាន​ទីតាំង​ស្ថិតនៅភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ដែលមាន​ទំហំ​ដី​ប្រមាណ ៥​ហិកតា។ ​រោងចក្រ​នេះ​ធ្វើឡើង​ស្របតាម​ស្តង់ដារ​អន្តរជាតិ ពោលគឺយក​ស្តង់ដា​ពី​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់ និង​មានការ​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល​សម្រាប់​ការរៀបចំ​។​

លោកស្រី​ថា​៖ «​ការរៀប​ចំនេះ គឺជា​ការ​ច្រក និង​វេច​ខ្ចប់ បានន័យថា​យើង ក្រុមហ៊ុន​ដែល​បានទទួល​សិទ្ធិ​ក្នុងការ​ផលិត​នេះ គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​បទពិសោធនៅក្នុង​ការផលិត​ឱសថ​នៅក្នុង​ស្រុក​កន្លងមក គឺជា​រោងចក្រ​ផលិត​ក្នុងស្រុក ហើយ​បាន​ពង្រីក​ខ្លួន និង​អនុញ្ញាតឱ្យ​រៀនសូត្រ និង​ដក​បទពិសោធ​ពី​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់ ដើម្បី​បង្កើត​រោងចក្រ​វេច​ខ្ចប់ ច្រក និង​ផ្គង់​ផ្គង់​»​។​

បើតាម​លោកស្រី យក់ សម្បត្តិ ក្នុង​បរិវេណ​ដី​ ៥​ ហិកតា​នេះ គឺ​រោងចក្រ​នឹង​រៀបចំ​អគារ​ធំៗ នៅក្នុង​ការ​ច្រក​មួយ​អគារ និង​ចង្វាក់​ផលិតកម្ម​ក្នុងការ​វេច​ខ្ចប់ មាន​ ៣ ឬ​ ៤ អគារ​ទៀត និង​មាន​អគារ ទេ​វន្ត​សថ​ស្ថាន ដើម្បីឱ្យ​កម្មករ និង​អ្នកជំនាញ​ស្នាក់នៅ​ផងដែរ។

លោកស្រី​ថា​៖ «​ក្រៅពីនោះ​មាន​ប្រព័ន្ធ​សម្រាប់​បញ្ចេញ​នូវ​កាកសំណល់ បច្ចេកទេស​វេជ្ជសាស្ត្រ ព្រោះ​វ៉ាក់សាំង​ជា​ផលិតផល​មួយ​ដែល​មិន​ដូចជា​ឱសថ​ទេ មាន​ហានិភ័យ​ខ្ពស់ បើសិនជា​យើង​មិនមាន​ការគ្រប់គ្រង នូវ​កាកសំណល់​ឱ្យបាន​ត្រឹមត្រូវ​។​

​កាលពី​ថ្ងៃទី​ ១ ​ខែមិថុនា ឆ្នាំ​ ២០២២ ក្រសួងសុខាភិបាល​កម្ពុ​ជា និង​សហគ្រាស​ឱសថ​កម្ពុជា​និង​ក្រុមហ៊ុន Sinovac Life Sciences នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិការ​វេចខ្ចប់​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វីដ ​១៩។​

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាលបានឱ្យដឹងថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែកញ្ញា ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ ​លាននាក់ ចាក់បាន​ចំនួន ៩៤,៩០% ដែល​ក្នុងនោះ​អត្រា​អ្នក​ដែល​បាន​ចាក់​ដូ​ស​ជំរុញ​ដែលជា​ដូ​ស​ទី​៣ បាន​រហូត​ជាង ​១០ ​លាន​នាក់​។​ ក្រសួង​បាន​បន្តថា សម្រាប់​អត្រា​អ្នក​ចាក់​ដូ​ស​ទី​៤ មាន​ចំនួន​ជាង​៤​លាន​នាក់ និង​អ្នក​ចាក់​ដូ​ស​ទី​៥ មាន​ចំនួន​ជិត​ ៨០ ​ម៉ឺន​នាក់​។​

​ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​ថា ការចាក់​ដូ​ស​ជំរុញ​ជា​បន្តទៀត​យ៉ាងណា​នោះ មកដល់ពេលនេះ​ក្រសួង​ក៏មិនទាន់​សម្រេច​នៅឡើយ​ទេ គឺ​ត្រូវការ​សិក្សា​បន្ថែម​បន្តបន្ទាប់​ទៀត​។​

​លោកស្រីថ្លែងថា៖ «​ការចាក់​ដូ​សណាៗ​ត​ទៅមុខទៀត​នោះ យើង​ត្រូវ​សិក្សា​ជា​បន្ថែមទៀត​នូវតម្រូវការ ក៏ដូចជា​ត្រូវ​ពិនិត្យមើល​នៅ​លក្ខណៈ​វិទ្យាសាស្ត្រ​នេះ​ឱ្យបាន​ច្បាស់លាស់​។ ខ្ញុំ​សុំ​បញ្ជាក់ថា មកដល់ពេលនេះ មិនទាន់មាន​ឯកសារ​ណា​ឬ​ការណែនាំ​ណា​ពី​អង្គការ​សុខភាព​ពិភពលោកថា​យើង​មាន​តម្រូវ​ការចាក់​ដូ​ស​ទី​៦​ នៅឡើយ​ទេ​»​។​

​លោកស្រី ឱ វណ្ណឌី​ន ថា ក្រសួង​នៅតែ​បន្ត​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​មក​ទទួលយក​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩​ ឱ្យបាន​គ្រប់ៗ​គ្នា​ទៅតាម​វេន​និង​ពេលវេលា​ដែល​ត្រូវ​ដល់ពេល​ចាក់ ដើម្បី​ការពារ​ពី​ការ​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ និង​ស្លាប់​ផងដែរ​ដោយសារ​មេរោគ​កូ​វីដ​ ១៩៕