សៀមរាបៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ និ​ងដឹ​ក​ជញ្ជូន លោក ​ស៊ុន ចាន់​ថុល បាន​លើក​ឡើង​ថា លំហូរនៃការ​ប្រើប្រាស់​រថ​យន្ត​អគ្គិស​នីនៅ​កម្ពុជា មាន​ការ​កើន​ឡើង​ខ្លាំង នៅ​រយៈ​ពេល​ ១​ ឆមាស​ឆ្នាំ​នេះ។​

លោក​បាន​លើក​ឡើង​បែ​ប​នេះ នៅ​ក្នុង​កម្មវិ​ធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ស្ថានីយ បញ្ចូល​​ថាម​ពល ​យាន​យន្ត​អគ្គិស​នី (EV Charging Station) ក្នុង​ក្រុង​សៀម​រាប​ ខេត្តសៀ​មរាប កាល​ពីថ្ងៃទី​ ១៤ កញ្ញា​ ។

លោក រដ្ឋ​មន្ត្រី មាន​ប្រសាស​ន៍ថា​ ក្នុងរ​យៈពេល​ ៧ ខែ ឆ្នាំ ២០២២​ នេះ មាន​រថយន្ត​អគ្គិ​សនី​សរុ​បចំ​នួន ​៣០៥ គ្រឿង​ បាន​ចុះប​ញ្ជី ដែល​បើធៀប​នឹង​រយៈពេលដូ​ចគ្នាក្នុង​ឆ្នាំ ២០​២១ ការ​ចុះ​បញ្ជី​រថយន្ត​អគ្គិស​នី មាន​ការ​កើន​ឡើង​ប្រ​មាណ​ ១ ​៨០៦%។

ការណ៍​នេះ​ មកពី​ពលរដ្ឋ​យល់​ដឹង​ច្រើន​ពី​អត្ថប្រ​យោជន៍​ នៃការ​ប្រើប្រាស់​រថយន្ត​អគ្គិស​នី។

លោក​ថ្លែង​ដូច្នេះថា​៖ «ការ​ប្រើប្រាស់​កើន​ឡើង​ព្រោះការ​ជួស​ជុល​ថែទាំមាន​ការចំណាយ​តិច ដោយ​សារ​គ្រឿង​បន្លាស់​រថយន្ត​អគ្គិស​នីមាន​ចំនួន​តិច ។ ជាពិសេស​ជាង​នេះ​ទៀត ការ​ប្រើប្រាស់​រថ​យន្ត​អគ្គិសនី​មិន​បំភាយ​ឧស្ម័ន​ពុលទៅ​ក្នុង​បរិយា​កាស និងមាន​សំឡេង​​ស្ងាត់​ល្អផ​ងដែ​រ»។

លោក ស៊ុន ចាន់​ថុល ឱ្យដឹង​បន្តថា ការ​ប្រើប្រាស់​រថយន្ត​អគ្គិស​នី​មានគុណ​សម្បត្តិល្អ ច្រើ​ន​ជាង​រថយន្ត​ប្រើ​ប្រេង​ឥន្ធនៈ ព្រោះព​ន្ធនាំចូលលើរ​ថយន្ត​អគ្គិស​នីនេះ​ មានត​ម្លៃទា​បជា​ងព​ន្ធនាំ​ចូល​​នៃរ​ថយន្ត​ប្រើប្រេង​ឥន្ធ​នៈ។​ លើ​សពី​នេះកា​រប្រើប្រា​ស់រ​ថយ​ន្តអ​គ្គិសនី​ចំណេ​ញថា​មពល​​ច្រើនជាង​រថយ​ន្តប្រើប្រេង​ឥន្ធនៈ​ដល់​ទៅ៣​ដង​។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ឧទាហរ​ណ៍​យើ​ងប្រើ ​៤០០ គីឡូម៉្រែត ហើយ​បើប្រើឡាន​អគ្គិស​នីនេះ​ យើង​បញ្ចូល​ថាម​ពលនេះ​ប្រហែល​ជា ៥០ ​គីឡូ​វ៉ាត់ ដូច្នេះ​តម្លៃ​ប្រហែល​ជា ​២០ ​ដុល្លារ​ ក៏ប៉ុន្តែ​តម្លៃ​ប្រេង​ចេះ​តែឡើង​ថ្លៃ បើ​យើង​ប្រើដូច​គ្នា​ ៤០០ គីឡូ​ម៉្រែត ប្រើរថយន្ត​ធម្មតា​យើង​ចាយ ប្រហែល​ ៦០​ ដុល្លារ​ ដូច្នេះ​ខុស​គ្នា ១​ ជា ៣»។

តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ (UNDP) ប្រចាំ​កម្ពុជា​ដែល​ជាម្ចាស់​ជំនួយ​ក្នុង​ការ បង្កើត​ទីតាំង​សាកថ្ម​រថយន្ដ​អគ្គិសនី​នេះ លោក Butchaiah Gadde បាន​លើក​ឡើង​ថា កម្ម​វិធី​អភិវឌ្ឍ​ន៍ស​ហប្រជាជា​តិ រីក​រាយ​ក្នុង​ការ​ចូល​រួម​ចំណែក​ជួយ​ក្រសួង​សាធា​រណៈកា​រ ក្នុង​ការរៀប​ចំផែន​ការ​ជំរុញ​ឱ្យមាន​ការ​ប្រើប្រាស់​យាន​យន្ត​អគ្គិស​នី។​ លោកគាំទ្រ​ដល់​ក្រសួង​សាធា​រណ​ ដែល​បាន​បង្កើត​ក្រុម​ការ​ងារ ដើម្បី​រៀប​ចំ​គោល​នយោ​បាយ​ប្រើប្រាស់​យាន​យន្ត​អគ្គិស​នី​នៅ​កម្ពុជា​។

ក្រសួង​សាធា​រណការ​និង​ដឹក​ជញ្ជូន​ធ្លាប់​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ កំពុង​រៀបចំ​គោល​នយោបា​យដើម្បី​ជំរុញ​ឱ្យ​វិស័យ​ឯក​ជន​ចូល​រួមដំឡើង​ស្ថានីយ​សាកថ្ម​អគ្គិសនី​ឱ្យ​បាន​ទូទាំង​ប្រទេស​ជាពិសេស​នៅតាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ គួរមាន​កន្លែង​សាកថ្ម​យាន​យន្ត​អគ្គិស​នីនេះ ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​របស់​ប្រជា​ពល​រដ្ឋ​។

កម្ពុជា​ប្ដេជ្ញា​ជំរុញ​ការ​ប្រើរ​ថយន្ត​អគ្គិសនី​ និង​រថយន្ត​ក្រុង​ក្នុង​ទីក្រុង ឱ្យ​បាន ​៤០​ ភាគ​រយ និង​ម៉ូតូ​ឱ្យបាន​ ៧០ ​ភាគ​រយ នៅឆ្នាំ​ ២០៥០​ ដើម្បី​កាត់​បន្ថយ​ការ​បំពុ​ល​បរិស្ថាន​ និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

លោក​ ស៊ុន ចាន់​ថុល​ ស្នើឱ្យ​វិស័យ​ឯក​ជន ចូល​រួម​វិនិយោគ​លើការ​លើក​កម្ពស់ ការ​ប្រើប្រា​ស់​រថ​យន្តអគ្គិ​សនី។ «ខ្ញុំ​សូម​អំពាវ​នាវ​ដល់​វិស័យ​ឯក​ជន​វិនិយោគ​ លើការ​ដំឡើង​ស្ថានីយ​ ដើម្បី​បញ្ចូល​ថាមពល​អគ្គិស​នីនេះ​។ ហេតុ​ដូច្នេះ​ហើយ​ ក្រសួង​សាធារណ​ការ ខិត​ខំធ្វើ​ការជា​មួយ​ដៃគូ​អភិវឌ្ឍ​ន៍​នានា ដើម្បី​ចាប់ផ្តើម​បើក​ផ្លូវ​ឱ្យ​ផ្នែក​ឯក​ជន​ចួលរួម​»។

ក្រសួង​នឹង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាម​ពលយាន​យន្តអគ្គិ​សនីទី​៤ នៅ​ខេត្ត​បាត់​ដំប​ង ដែល​ជាជំនួយ​របស់​អង្គការ​ UNDP ដើម្បី​ជំរុ​ញលើ​កទឹក​ចិត្ត​ឱ្យ​ប្រជា​ពល​រដ្ឋ ប្រើប្រាស់​យាន​យន្ត​អគ្គិសនី​ឱ្យ​បាន​ច្រើន​នៅក្នុង​ព្រះរា​ជាណាចក្រ​កម្ពុជា​។

គិតត្រឹម​ថ្ងៃទី​ ១៤ ខែ​កញ្ញា ឆ្នាំ​ ២០២២ ក្រសួង​បាន​ដាក់​ឱ្យដំណើរ​ការ​នូវ​ស្ថានីយ​បញ្ចូល​ថាម​ពល យាន​យន្ត​អគ្គីសនី​បាន​ចំនួន​៣​ទីតាំង ក្នុង​នោះទីតាំង​ទី១ ស្ថិត​នៅក្នុង​ទីស្ដីការ​ក្រសួង​សាធា​រណកា​រ និង​ដឹក​ជញ្ជូន ទីតាំង​ទី​២ស្ថិត​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ទីតាំង​ ទី៣​ស្ថិត​នៅក្នុង​ក្រុង​សៀម​រាប នា​ពេល​នេះ៕