
ពលរដ្ឋផ្តិតមេដៃទទួលយកដីនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ រូបថត ក្រសួងរៀបចំដែនដី
សៀមរាបៈ ប្រជាពលរដ្ឋជិត ១ ០០០ គ្រួសារទៀត នៅភូមិវាល សង្កាត់គោកចក បានស្ម័គ្រចិត្តយល់ព្រមចាប់ឆ្នោតទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ នេះបើតាមហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរឿបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ១៥ ខែកញ្ញា។
លោក ជា សុផារ៉ា បានឱ្យដឹងថា នៅថ្ងៃទី ១៥ ខែកញ្ញា ក្រុមការងារតម្រង់ទិសមានការរៀបចំចាប់ឆ្នោតជូនប្រជាពលរដ្ឋ ៩៣៧ គ្រួសារ ដែលបានស្ម័គ្រចិត្តយល់ព្រមសុំចាប់ឆ្នោតទៅរស់នៅតំបន់អភិវឌ្ឍភូមិធម្មជាតិរុនតាឯក។
អ្នកទាំងនោះរួមមាន ១ អ្នកនៅតំបន់ខាងលិចជាប់ផ្លូវចូលប្រាសាទអង្គរវត្ត ៦៦២ គ្រួសារ ២ អ្នកនៅលើចំណីផ្លូវសាធារណៈ ១០០ គ្រួសារ និង ៣ អ្នកនៅតំបន់ប្រាសាទគោកចក ១៧៥ គ្រួសារ។
ប្រជាពលរដ្ឋទាំងនេះជាគ្រួសារបន្ថែមលើគ្រួសារចំនួន ១ ១១៧ គ្រួសារ រស់នៅភូមិត្រពាំងសេស និងភូមិទស្សិណត្បូង សង្កាត់គោកចក ដែលព្រមចាប់ឆ្នោតទៅរស់នៅតំបន់រុនតាឯកដំណាក់កាលដំបូង។
នៅថ្ងៃដដែលនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានពិនិត្យដំណើរការចាប់ឆ្នោតរបស់ប្រជាពលរដ្ឋ ដែលសាងសង់សំណង់ខុសច្បាប់ និងនៅលើដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកពីភូមិវាល ភូមិត្រពាំងសេស និងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ដែលបានមកស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកដីឡូត៍ទៅរស់នៅទីតាំងថ្មី ស្ថិតនៅតំបន់ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ផងដែរ។
អ្នកស្រី ឡុង តូច អាយុ ៥៣ ឆ្នាំ ដែលស័គ្រចិត្តរុះរើចេញពីតំបន់អង្គរ បានឱ្យដឹងថា អ្នកស្រីមានការរំភើបរីករាយដែលបានចាប់ឆ្នោតទៅរស់នៅលើទឹកដីថ្មី និងទទួលស្គាល់ថា ការចាប់ឆ្តោតយកដីនៅតំបន់រុនតាឯកនេះ គឺជារឿងត្រឹមត្រូវ ហើយអ្នកស្រីមិនសោកស្តាយកន្លែងដែលកំពុងនៅនេះទេ ដោយសារការដោះដូរនេះ បានរៀបចំជូនគ្រប់យ៉ាង ហើយទីតាំងដីថ្មីនោះ ក៏កំពុងតែរៀបចំឱ្យទៅជាទីប្រជុំជន ជាក្រុងថ្មីមួយផងដែរ។
អ្នកស្រីថ្លែងថា៖ «អារម្មណ៍ក្នុងចិត្តដំបូងភ័យដែរ មិនដឹងថា ទៅនៅបានអីហូប ប៉ុន្តែក្រោយមកបានដឹងថា ទីនោះមានរៀបចំគ្រប់យ៉ាង អ៊ីចឹងមានអារម្មណ៍រីករាយវិញ»។
អ្នកស្រី នួន ចិន្តា អាយុជិត ៦០ ឆ្នាំ ពលរដ្ឋម្នាក់ទៀតដែលបានស្ម័គ្រចិត្តចាប់ឆ្នោតទៅនៅរុនតាឯកបានឱ្យដឹងថា អ្នកស្រីក៏មានការសប្បាយរីករាយក្នុងការទទួលបានដីនៅតំបន់រុនតាឯកផងដែរ ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំត្រេកអរ ហើយសូមអរគុណទាំងអស់គ្នា ដែលលោកបានរៀបចំឱ្យខ្ញុំមានកន្លែងរស់នៅត្រឹមត្រូវ។ ខ្ញុំមិនដឹងថា មានពាក្យអីថ្លែងទេ មានតែម្រាមដៃដប់នឹងពាក្យអរគុណ»។
អ្នកស្រី ម៉ៅ សារិន អាយុ ៧៧ ឆ្នាំ ពលរដ្ឋម្នាក់ទៀតដែលស្ម័គ្រចិត្តរុះរើចេញពីតំបន់អង្គរប្រាប់ថា អ្នកស្រីស្ម័គ្រចិត្តរុះរើចេញពីតំបន់អង្គរ ដោយក្តីរីករាយហើយថា ការទទួលបានទីតាំងដីថ្មីនេះអ្នកស្រីមានសិទ្ធិចាត់ចែងប្រើប្រាស់បានដោយខ្លួនឯង។
អ្នកស្រីថ្លែងថា៖ «ខ្ញុំរំភើបសប្បាយចិត្តណាស់ ខ្ញុំមិនសោកស្តាយអីទេ ដើម្បីអង្គរវត្តយើង មិនតូចចិត្តអីទេ ហើយបានទៅរុនតាឯកនេះ យើងអាចធ្វើផ្ទះប៉ុន្មានជាន់ក៏បាន កូនចៅយើងស្រក ១ ក្រោយមានសិទ្ធិ យើងនៅមុខអង្គរអត់មានសិទ្ធិធ្វើអីទេ ព្រោះរបស់អាជ្ញាធរអប្សរា៕