
កម្មករចេញពីធ្វើការតាមកំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៩។ ហុង មិនា
ភ្នំពេញៈ គម្លាតប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ ២០២៣ នៅឆ្ងាយគ្នាពេក បង្ខំឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រេចជួបគ្នាជាលើកចុងក្រោយ នៅថ្ងៃទី ២១ ខែកញ្ញា បន្ទាប់ពីជំនួបលើកទី៤ នៅថ្ងៃទី ១៣ ខែកញ្ញា មិនទាន់រកឃើញតួលេខរួមគ្នា។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅថ្ងៃទី ១៣ ខែកញ្ញា តំណាងកម្មករនិយោជិត បានលើកនូវតួលេខចំនួន៣ផ្សេងគ្នា គឺតួលេខ ២០៦ ដុល្លារ មានសំឡេងគាំទ្រចំនួន ៨ សំឡេង តួលេខ ២១០ ដុល្លារ មានសំឡេងគាំទ្រចំនួន ៣ សំឡេង និងតួលេខ ២១៣ ដុល្លារអាមេរិក មានសំឡេងគាំទ្រចំនួន ៦ សំឡេង។
តំណាងភាគីនិយោជក បានឯកភាពយកតួលេខ ១៩៧ ដុល្លារ គឺជាសំឡេងឯកច្ឆ័ន្ទផ្ទៃក្នុងរបស់ខ្លួន។ រីឯតំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ បានកំណត់តួលេខចំនួន ១៩៨ ដុល្លារអាមេរិក។
មុនជំនួបថ្ងៃចុងក្រោយមកដល់នៅថ្ងៃទី ២១ ខែកញ្ញាខាងមុខ ទាំងតំណាងកម្មករនិយោជិត និងនិយោជកដាក់សំណើទៅកាន់ភាគីរដ្ឋាភិបាលរៀងៗខ្លួន។តំណាងកម្មករនិយោជិតស្នើសុំ ៦ ចំណុចទៅកាន់ភាគីនិយោជកនិងរដ្ឋាភិបាលដូចជា រោងចក្របង្កើនសោហ៊ុយធ្វើដំណើរ និងអាហារថ្ងៃត្រង់បន្ថែមទៀត ក្រសួងសុខាភិបាលជួយជំរុញឱ្យគ្រូពេទ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌របស់ខ្លួន និងបង្កើនការយកចិត្តទុកដាក់និងគុណភាពសេវាដល់សមាជិក បសស, ស្នើរដ្ឋាភិបាលបង្កើនល្បឿនក្នុងការពង្រីកវិសាលភាព បសស ទៅដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើនិយោជកផ្ដល់ប្រាក់ឈ្នួលអប្បបរមា ដែលបានដំឡើងបន្ថែមលើប្រាក់ឈ្នួលដែលមានស្រាប់ ស្នើរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយបញ្ចុះតម្លៃទឹកភ្លើង និងការស្នាក់នៅរបស់កម្មករ និយោជិត និងចុងក្រោយស្នើឱ្យរដ្ឋាភិបាលនិងរោងចក្រកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករឱ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
ចំណែកនិយោជកវិញ ស្នើសុំរដ្ឋាភិបាល៣ចំណុច រួមមានកាត់បន្ថយថ្លៃភ័ស្តុភារ ជាពិសេសកម្រៃសេវាបញ្ចេញទំនិញ កម្រៃសេវាកំពង់ផែ និងកម្រៃអតុល្យភាពកុងតឺន័រ របស់ក្រុមហ៊ុនកប៉ាល់ កាត់បន្ថយថ្លៃអគ្គិសនីនិងផ្ដល់គោលនយោបាយអំណោផល សម្រាប់ការដំឡើងថាមពលព្រះអាទិត្យ ជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរឆ្នាំ ២០២២-២០២៧។
ទាក់ទងទៅនឹងការចរចាប្រាក់ឈ្នួលកម្មករនេះដែរ គណបក្សភ្លើងទៀន នៅថ្ងៃទី ១៣ ខែកញ្ញា បានចេញសេចក្ដីថ្លែងការណ៍បង្ហាញជំហរគាំទ្រយុទ្ធនាការដោយឡែកមួយ ទាមទារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៣ ចំនួន២១៥ ដុល្លារ ក្នុង ១ ខែ។
គណបក្សប្រឆាំងមួយនេះយល់ថា ការដំឡើងប្រាក់ឈ្នួលកម្មករដល់ ២១៥ ដុល្លារ ក្នុង ១ ខែ អាចជួយកម្មករ-កម្មការិនីបានមួយចំណែក ទោះបីជាការដំឡើងកម្រិតនេះ មិនទាន់សមល្មមចំពោះការចំណាយនៅក្នុងជីវភាពរស់នៅរបស់កម្មករ ក្នុងស្ថានភាពដែលទំនិញ ម្ហូបអាហារ មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ មានតម្លៃខ្ពស់ជាងប្រទេសជិតខាងក៏ដោយ។
បន្ថែមលើនេះ គណបក្សភ្លើងទៀនក៏ស្នើឱ្យរដ្ឋាភិបាល សម្រួលជាមួយម្ចាស់រោងចក្រ សហគ្រាស កាត់បន្ថយការចំណាយក្រៅការងារ និងសម្រួលដល់ការនាំចូលវត្ថុធាតុដើម ឬជំរុញការផលិតវត្ថុធាតុដើមនៅក្នុងស្រុក ដើម្បីអាចផ្ដល់លទ្ធភាពដល់ការដំឡើងប្រាក់ខែគោលអប្បបរិមាលើស ៣០០ ដុល្លារ ក្នុង ១ ខែនៅឆ្នាំ ២០២៤។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ចាត់ទុកថា នេះជាសិទ្ធិក្នុងការនិយាយ។
ប៉ុន្តែនៅក្នុងការចរចាប្រាក់ឈ្នួល លោកថា៖ «យើងត្រូវផ្អែកលើការសម្រេចចិត្តរបស់យើងលើលក្ខណៈវិនិច្ឆ័យចំនួន៧ដែលបានព្រមព្រៀងគ្នាគឺ ៣លក្ខណៈវិនិច្ឆ័យសង្គម ៤ លក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ច។ ជាក់ស្ដែងកម្រិតប្រាក់ឈ្នួលចំនួន៤តំបន់ នៅប្រទេសវៀតណាមប្រាក់ឈ្នួលថ្លៃជាងគេគឺ ២០២ ដុល្លារ ហើយទាបជាងគេ ១៤០ ដុល្លារ ដោយគិតជាមធ្យមទាំង ៤ តំបន់ប្រហែល ១៧០ ដុល្លារ ក្នុង ១ ខែ»។
ជាមួយគ្នានេះលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថា ការលើកឡើងរបស់បក្សប្រឆាំងមួយផ្នែកអាចទាក់ទាញការគាំទ្រ។
លោកនិយាយថា៖ «ធម្មតានៅពេលដែលកៀកបោះឆ្នោតមិនថា គណបក្សនយោបាយ តំណាងរាស្ត្រ ឬក៏រដ្ឋាភិបាលទេ តែងតែមានការយកចិត្តទុកដាក់ដើម្បីទាក់ទាញការគាំទ្រ។ ដូច្នេះបើអ្នកណាអាចជួយកម្មករឱ្យមានលក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលល្អប្រសើរ គណបក្សនោះនឹងទទួលបានការគាំទ្រពីកម្មករ ដែលចំណុចនេះខ្ញុំចាត់ទុកថា ជារឿងធម្មតា»។
សូមជម្រាបជូនថា កាលពីឆ្នាំ ២០២២ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ ជាលក្ខណៈបច្ចេកទេសមិនមានការដំឡើងពីសំណាក់ភាគីនិយោជកទេ គឺរក្សាទុក ១៩២ ដុល្លារ ដូចឆ្នាំ ២០២១ តែពេលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែម ២ ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលកម្មករ ឆ្នាំថ្មីកើនដល់ ១៩៤ ដុល្លារ៕