ភ្នំពេញៈ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ​នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា​បាន​សម្ពោធ​កម្រង​មេរៀន​ស្តីពី​ “​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ ដោយ​យុត្តិធម៌​”​ ដើម្បី​លើក​កម្ពស់​ចំណេះដឹង​ស្តីពី​សិទ្ធិ​នេះ​ដល់​សាធារណជន និង​ដើម្បី​ផ្តល់​ធាតុ​ចូល​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។

ពិធី​សម្ពោធ​នេះ​ធ្វើឡើង​នៅ​ភ្នំពេញ​ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​យុត្តិធម៌ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​កិច្ចការនារី មេធាវី ព្រះសង្ឃ និង​សិស្ស​និស្សិត កំពុង​សិក្សា​ផ្នែក​ច្បាប់​ចូលរួម​ប្រមាណ ១០០ ​នាក់​។

នាយិកា​ប្រតិបត្តិ CCHR លោកស្រី ចក់ សុភាព ថ្លែងថា នេះ​គឺជា​គម្រោង​ដំបូង និង​មាន​តែមួយ​នៅ​កម្ពុជា ដែល​ធ្វើការ​ប្រកប​ដោយ​ភាពច្នៃប្រឌិត ក្នុង​ការលើក​កម្ពស់ និង​ការពារ​ការអនុវត្ត​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​។ គម្រោង​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ មាន​គោលបំណង​ជាក់លាក់ ចំនួន​ ២ គឺ​ដើម្បី​ផ្សព្វផ្សាយ​គោល​គំនិត​នៃ​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ក្នុង​ចំណោម​សាធារណជន តាមរយៈ​ការលើក​កម្ពស់​ចំណេះដឹង​ស្តីពី​សិទ្ធិ​នេះ និង​ដើម្បី​បង្កើន​ការគោរព​បទដ្ឋាន​នៃ​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅក្នុង​តុលាការ​តាមរយៈ​ការសង្កេត​ការណ៍​សវនាការ​។ លោកស្រី​ថា​៖ «​គម្រោង​នេះ ក៏​ដើម្បី​ផ្តល់​ធាតុ​ចូល​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ជា​គោលដៅ​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ឱ្យ​ប្រសើរឡើង​ផ្នែក​ប្រព័ន្ធ​យុត្តិធម៌​នេះ​។ អ៊ីចឹង​ទាល់តែ​យើង​ទាំងអស់​គ្នា​ស្វែងយល់​ពី​មូលដ្ឋានគ្រឹះ យល់​អំពី​គោលការណ៍​សិទ្ធិ​ពាក់ព័ន្ធ​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​»​។

លោកស្រី​បាន​គូសបញ្ជាក់​ថា កម្រង​មេរៀន​នេះ​បាន​ដកស្រង់​ចេញពី​ច្បាប់ និង​អង្គ​ហេតុដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចាត់​មន្ត្រី​របស់​ខ្លួន ចុះ​សង្កេតការណ៍​នៅ​តាម​សាលាដំបូង និង​សាលាឧទ្ធរណ៍ គិត​ចាប់ពី​ឆ្នាំ​ ២០០៩ មក​។ លោកស្រី​ថា​៖ «​ដើម្បី​ធានា​ដល់​ការគោរព​សិទ្ធិមនុស្ស និង​ការពារ​សិទ្ធិមនុស្ស គឺ​ចាំបាច់​ណាស់​ដែល​យើង​ត្រូវតែ​បន្ត​កិច្ចការ​សង្កេតការណ៍​នៅ​តុលាការ បន្ត​សហការ ជជែក​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ក្រសួង​យុត្តិធម៌ ឬ​តុលាការ ក្នុង​ការធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​ប្រព័ន្ធយុត្តិធម៌​។ យើង​ទទួល​បាន​ភ្លើងខៀវ​ពី​ក្រសួង​យុត្តិធម៌ និង​តុលាការ​ទាំងអស់​ដែល​យើង​សង្កេតការណ៍ គឺ​គាត់​ស្វាគមន៍​វត្តមាន​អ្នកសង្កេតការណ៍​របស់​យើង​»​។ លោកស្រី​ សុភាព អរគុណ​ដល់​កិច្ចសហការ​នេះហើយ​សង្ឃឹម​ថា កិច្ចសហប្រតិបត្តិការ​នេះ នឹង​នៅតែ​បន្ត ប៉ុន្តែ​ឈរលើ​គោលការណ៍​មួយ​ដែល​ធានា​ដល់​ការគោរព​គោលការណ៍​នីតិរដ្ឋ​។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ថ្លែងថា ការផ្សព្វផ្សាយ​កម្រង​មេរៀន​នេះ​គឺជា​រឿង​ល្អ ដែល​បន្ថែម​ទៅលើ​អ្វីដែល​ក្រសួង​ក៏ដូចជា​រដ្ឋាភិបាល​បានធ្វើ​កន្លងមក ដែល​ច្រើនតែ​ពាក់ព័ន្ធ​ការផ្សព្វផ្សាយ​សិទ្ធិ​ទទួល​បាន​នូវ​យុត្តិធម៌​ទាំងនោះ​។ លោក​ថា​៖ «​យើង​ធ្វើ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​សាធារណជន មន្ត្រី​អនុវត្ត​ច្បាប់ មន្ត្រី​នៅ​ស្ថាប័ន​តុលាការ​ជាដើម អ៊ីចឹង​អ្វីដែល​គាត់​ធ្វើជា​ការចូលរួម​ចំណែក​មួយ​ល្អ​»​។ ជាមួយ​គ្នា​នេះដែរ​លោក​ស្នើឱ្យ CCHR បន្ថែម​ការផ្សព្វផ្សាយ​មេរៀន​នេះ​ដោយ​គួរ​ពង្រឹង​សមត្ថភាព​មន្ត្រី​ខ្លួន​ដែល​បញ្ជូន​ចុះទៅ​សង្កេតការណ៍​ ដើម្បី​ចៀសវាង​ការសន្និដ្ឋាន ឬ​វាយតម្លៃ​ខុសពី​នីតិវិធី​។

លោក​ថា​៖ « ព្រោះ​អី​អ្នកខ្លះ​គាត់​អត់​មាន​ជំនាញ​ ឬ​យល់ដឹង​ផ្នែក​នីតិវិធី​កិច្ចការ​របស់​តុលាការ​ច្បាស់​ហើយ​អង្គុយ​មើល​មួយពេល​ហើយ​ធ្វើការ​សន្និដ្ឋាន​អត់​គ្រប់​ជ្រុងជ្រោយ ហើយ​អត់​ត្រឹមត្រូវ​ដែល ពេលខ្លះ​ចេញ​របាយការណ៍​ខុស​ក៏មាន​។ អ៊ីចឹង​ការផ្សព្វផ្សាយ​ជា​ការល្អ​ហើយ​គួបផ្សំ​អ្វីដែល​ត្រូវធ្វើ​ពង្រឹង​សមត្ថភាព​មន្ត្រី​គាត់ ដើម្បី​ឱ្យ​ការចុះ​អង្កេត ស្រាវជ្រាវ​ត្រឹមត្រូវ​ឆ្លើយតប​សេចក្តី​ត្រូវការ​របស់​សង្គម​ជាតិ​»​។

នាយក​ប្រចាំ​ប្រទេស​អង្គការ​ដាយកូនៀ លោក Kann Kall បាន​ថ្លែងថា កម្រេង​មេរៀន​នេះ​គឺជា​សមិទ្ធផល​ធំធេង​ដែលជា​ការកសាង​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​ហើយ​បាន​ជ្រើសរើស​យក​សិទ្ធិ​ចំនួន​ ១៤ ​ចំណុច​ពាក់ព័ន្ធ​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​។

លោក​ថា​៖ «​សិទ្ធិ​ ១៤​ នេះ​មាន​លក្ខណៈ​មួយ​ផ្សារភ្ជាប់​ទៅ​នឹង​ការអនុវត្ត ហើយ​មើលឃើញ​ថា​សិទ្ធិ​ទាំងនេះ​មិនត្រូវ​បាន​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​ទាំង​អ្នក​ប្រកប​វិជ្ជាជីវៈ ប្រព័ន្ធ​យុត្តិធម៌ ក៏ដូចជា​នគរបាល​យុត្តិធម៌​ដែរ​»​។

កម្រង​មេរៀន​នេះ ពិតជា​មាន​សារៈសំខាន់​មែនទែន មិនមែន​សម្រាប់តែ​អ្នក​ដែល​ប្រកប​វិជ្ជាជីវៈ​ទេ គឺ​សម្រាប់​សាធារណជន វា​មាន​សារៈសំខាន់​យ៉ាង​ក្រៃលែង ព្រោះ​វា​ជា​សិទ្ធិ​ចម្បង​របស់​មនុស្ស​គ្រប់រូប​។

និស្សិត​ឆ្នាំ​ទី​ ៤ ​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​លោក ស្រេង ប៉េងងួន ដែល​បាន​ចូលរួម​ពិធី​នោះ​បាន​ថ្លែងថា​៖ «​អារម្មណ៍​ខ្ញុំ​ផ្ទាល់​នៅពេល​បាន​ចូលរួម​កម្មវិធី​នេះ ឃើញថា​ប្រធានបទ​នេះ គឺ​ពិត​ជា​មាន​សារៈសំខាន់ សម្រាប់​អ្នករៀន​ផ្នែក​ច្បាប់ និង​ស្ថាប័ន​តុលាការ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការស្វែងយល់ ថា​តើ​អ្វី​ទៅជា​សិទ្ធិ​របស់ខ្លួន ហើយ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​គឺមាន​សិទ្វិ​អ្វីខ្លះ ហើយ​នីតិវិធី​ដំណើរការ​ប្រព្រឹត្ត​ទៅ​ដោយ​ដូចម្តេច​»​។

សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ដែល​បាន​លើកឡើង​នៅក្នុង​មេរៀន​រួមមាន សិទ្ធិ​ទទួល​បាន​ការសន្មត​ទុកជាមុន​ថា​គ្មាន​ទោស និង​សិទ្ធិ​នៅ​ស្ងៀម សិទ្ធិ​មាន​សេរីភាព​ (​ឬ​ត្រូវ​ដោះលែង​) សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ក្នុង​ពេល​វេលា​មួយ​សមរម្យ និង​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​គ្មាន​ពន្យារពេល សិទ្ធិ​យល់ដឹង​ពី​ប្រភេទ និង​មូលហេតុ​នៃ​ការចោទ​ប្រកាន់​។

សិទ្ធិ​មិន​ត្រូវបាន​បង្ខិតបង្ខំ​ឱ្យ​សារភាព​អំពី​ពិរុទ្ធភាព ឬ​ការផ្តល់​សក្ខីកម្ម​ប្រឆាំងនឹង​ខ្លួនឯង សិទិ្ធ​មាន​វត្តមាន​នៅពេល​សវនាការ និង​សិទ្ធិ​មាន​មេធាវី សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​សាលាជម្រះក្តី​ដែល​មាន​សមត្ថកិច្ច ឯករាជ្យ និង​មិន​លម្អៀង សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ជា​សាធារណៈ និង​សិទ្ធិ​បង្ហាញ​ភ័ស្តុតាង (​សិទ្ធិ​ហៅ និង​សាកសួរ​សាក្សី​) ​ជាដើម​៕