សៀមរាបៈ ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុនតាឯក​កាល​ពី ៥ ឆ្នាំ​កន្លង​មក នៅ​ពេលនេះ​ពួកគាត់​បាន​បញ្ជាក់ថា ពួកគាត់​មាន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ធូរធារ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទើបតែ​បាន​ប្រកាស​កាល​ពីពេល​ថ្មីៗ​នេះ​ថា នឹង​កែប្រែ​តំបន់​រុនតាឯក​ពី​ជនបទ​ឱ្យទៅ​ជាក្រុង «​រុនតាឯក»។​

​លោក រិ​ន ស្រួច ជា​អតីត​អ្នករស់នៅ​ក្នុងភូមិ​ស្រះស្រង់ សង្កាត់​នគរធំ ក្រុង​សៀមរាប ដែល​បាន​ផ្លាស់​ទីលំនៅ​ទៅ​រស់​នៅ​ភូមិ​ធម្មជាតិ​រុនតាឯក​ជាច្រើន​ឆ្នាំ​មកហើយ​នោះ បា​និយាយថា កាល​ពី​ពេល​ដែល​គាត់​រស់នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ គាត់​មាន​ដី​លំនៅឋាន​ទំហំ​តូច​ចង្អៀត មិនមាន​កម្មសិទ្ធិ​ស្របច្បាប់ មិន​អាច​ឱ្យ​លោក​ទាញ​យក​ផលប្រយោជន៍​ពី​ដី​ឱ្យអស់​លទ្ធភាព​បាន ទើប​គ្រួសារ​លោក​ស្ម័គ្រចិត្ត​ដោះដូរ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ពី​តំបន់​ការពារ​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុនតាឯក។

​លោក​បន្តថា បច្ចុប្បន្ន​លោក​បាន​រៀបចំផ្ទះ​ធ្វើជា​ផ្ទះ​ស្នាក់​សម្រាប់​ភ្ញៀវទេសចរ ដោយ​គិត​ជា​ថ្ងៃ និង​ដាក់​ខែ ហើយ​លោក​ទទួល​បាន​ផល​កម្រៃ​គួរសម​ក្នុង​មួយ​ខែៗ​ពី​ផ្ទះស្នាក់ និង​ទិន្នផល​ចម្ការ។

​លោក ស្រួច សប្បាយចិត្ត ព្រោះ​ការរស់នៅ​ក្នុងភូមិ​ធម្មជាតិ​រុនតាឯក អាច​ឱ្យ​គាត់​ចង់​ធ្វើ​អ្វី​ក៏បាន​តាម​សេចក្តី​ត្រូវការ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះផ្សាយ​នៅ​ថ្ងៃទី ១៥ កញ្ញា​។​

​ពលរដ្ឋ​ម្នាក់ទៀត​អ្នកស្រី កី កិន្នរី ក៏បាន​និយាយ​ដែរ​ថា អ្នកស្រី​បាន​ស្ម័គ្រចិត្ត​ផ្លាស់​ទីលំនៅ​ទៅ​ភូមិ​ធម្មជាតិ​រុនតាឯក រយៈពេល ៥ ឆ្នាំ​មកហើយ។

​ចាប់តាំងពី​អ្នកស្រី​ទៅ​រស់នៅ អ្នកស្រី​បាន​កែប្រែ​ដី​នោះ មាន​ដាំ​ដំណាំ​ដូចជា ដូង ល្ហុង ម្នាស់ ក្រូចឆ្មារ និង​ចិញ្ចឹម​សត្វ គោ មាន់ ទា ក្ងាន​ជាដើម​។ សព្វថ្ងៃនេះ អ្នកស្រី កិន្នរី មាន​គោ​ចំនួន ១៣ ក្បាល និង​មាន់ ទា ក្ងាន​ចំនួន​ជាង ១០០ ក្បាល។​

​ជា​រៀងរាល់ថ្ងៃ អ្នកស្រី អា​ចរក​កម្រៃ​បាន​ពី​ការលក់​ក្រូចឆ្មា លក់​ពង​ទា ពងមាន់​យ៉ាងហោច​ណាស់ ក៏​ទទួល​បាន ៣ ម៉ឺន​រៀល​ដែរ​ក្នុង ១ ថ្ងៃ​។ ដោយ​ឡែក នៅ​រដូវ​ក្ងាន​ពង​វិញ គឺ​អ្នកស្រី​អាច​រក​កម្រៃ​ប្រចាំថ្ងៃ​បាន​ច្រើន​គួរសម​ដែរ តាមរយៈ​ការ​លក់​ពងក្ងាន​ដែល​ធ្វើឱ្យ​ជីវភាព​ធូរធារ។​

​ចំពោះ​មុខរបរ​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ មួយ​ចំនួន​បាន​ចូល​បំពេញ​ការងារ​ជាមួយ​អាជ្ញាធរ ជាតិ​អប្សរា ខ្លះ​ប្រកប​មុខរបរ​ធ្វើ​ផ្ទះ​ស្នាក់​សម្រាប់​ទទួល​ភ្ញៀវទេសច​រ និង​ខ្លះទៀត​ធ្វើ​កសិកម្ម​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ខ្លួន ដែល​ជា​ហេតុ​អាច​បាន​ចំណូល​ច្រើន​ផ្នែក​ក្នុង​មួយខែៗ។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បានប្រកាស​កាលពី​ថ្ងៃទី ១៣ កញ្ញា​ថា នឹង​កែប្រែ​តំបន់​រុនតាឯក​ពី​ជនបទ​ឱ្យ​ទៅជា​ទីក្រុង​ថ្មី​មួយ ដែល​មាន​ឈ្មោះថា «​ក្រុង​រុនតាឯក» ព្រមទាំង​ប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ដោយ​ផ្តល់​បណ្ណ​ក្រីក្រ និង​ជួយ​ឧបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​តំបន់​នោះ​ដោយ​ចាប់​អនុវត្ត​ពី​ខែ​តុលា​តទៅ។

​លោក ហ៊ុន សែន បានប្រកាស​បែបនេះ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ពេល​ថ្មីៗនេះ។​

​លោក​បានលើកឡើង​ពី​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅ​តំបន់​នេះ​ត្រូវ​មាន​ទឹកស្អាត ផ្លូវ អគ្គិសនី ផ្សារ មណ្ឌល​សុខភាព និង​សាលារៀន ដែល​សាលារៀន​នោះ​ទៀត​សោត​លោក​បាន​ចាត់​ចែង​ឱ្យមាន​ទាំង​ថ្នាក់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ផងដែរ។

​លោក​មានប្រសាសន៍ថា​៖ «​តំបន់​នេះ​មាន​ប្រជាជន​នៅ​ចូលដល់​ពាន់​គ្រួសារ​ហើយ​ហ្នឹង ជា​កូន​ក្រុង​មួយ​ហើយ ឥឡូវ​បន្តិច​ទៀត​ឡើងដល់ ៦ ពាន់​គ្រួសារ ហើយ​នៅ​តំបន់​ជិតខាង​ហ្នឹង​ថែម​ទៀត​នោះ ដូច្នេះ​វា​ក្លាយទៅ​ជាតំបន់​មួយ​ថ្មី ដែល​ទីក្រុង​នេះ​នឹងរីក»៕