សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ចាត់ទុក​ការលើកឡើង​របស់​សង្គម​ស៊ីវិល​ជុំវិញ​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ (BMZ) ថា​មាន​ភាព​លម្អៀង មិន​គ្រប់​ជ្រុងជ្រោយ ដែល​ច្បិច​យក​មក​តែ​ចំណុច​អវិជ្ជមាន​មក​វាយប្រហារ​បណ្តា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ស្រុក។​

​នៅ​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ លោក​កាំង តុងងី អ្នក​នាំពាក្យ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​ឱ្យដឹង​ថា ខាង​សមាគម​មិន​យល់ស្រប​នឹង​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​លើក​ឡើង​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ជាប់​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នេះ​ទេ ដោយ​លោក​អះអាង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិនបាន​បង្ហាញ​ខ្លឹមសារ​ពេញលេញ​នៃ​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ (BMZ) នោះឡើយ។​

​តំណាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​រូបនេះ បន្តថា ខ្លឹមសារ​ដែល​ភាគី​សង្គម​ស៊ីវិល​លើក​ឡើង គឺ​មិនអាច​យកជាការ​បានឡើយ។

​លោក​ថា ភាគី​សង្គម​ស៊ីវិល​យកតែ​ភាពអវិជ្ជមាន​នៅក្នុងរ​បាយការណ៍​ដើម​របស់ BMZ មក​បំប៉ោង​ខ្លឹមសារ​ចោទ​ប្រកាន់​ទៅ​លើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា ដោយ​លោក​សង្កត់ធ្ងន់​ថា​ជា​សេចក្តី​ថ្លែងការណ៍​រួម ដែល​អយុត្តិធម៌។​

​ការលើកឡើង​នេះ ធ្វើឡើង​ជាការ​ឆ្លើយតប​ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​លីកាដូ អង្គការ​សមធម៌​កម្ពុជា និង​អង្គការ FIAN ទាក់ទិន​ស្ថានភាព​បញ្ហា​បំណុល​របស់​ពលរដ្ឋ​កម្ពុជា ជាមួយ​នឹង​បណ្តា​គ្រឹះស្ថានភាព​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយ​នៅ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៤ ខែកញ្ញា។

​សេចក្តីថ្លែងការណ៍​រួម ដែលមាន​ចំណងជើង​ថា “​ការសិក្សា​ដែល​ផ្តល់​ជំនួយ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់ បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​” បង្ហាញ​អំពី​ការ​ព្រួយបារម្ភ​នៃ​ស្ថានភាព​អាក្រក់​នៃ​ការរីក​រាលដាល​បញ្ហា​ជំពាក់​បំណុល​ច្រើន​លើសលប់​នៅ​កម្ពុជា ដែលនាំ​ឱ្យ​មាន​ការ​លក់ដី​ដោយ​បង្ខំ​ជាច្រើន​ករណី ព្រមទាំង​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ។​

​នៅក្នុង​លិខិត​ថ្លែងការណ៍​រួម​នោះ អង្គការ​សង្គម​ស៊ីវិល​បាន​គូសបញ្ជាក់​ពី​លទ្ធផល​ស្រាវជ្រាវ​ពី BMZ ថា មាន​ភ័ស្តុតាង​បន្ថែម​ទៀត​នៃ​ការរីក​រាលដាល​បញ្ហា​ជំពាក់​បំណុល​ច្រើន​លើសលប់​នៅ​កម្ពុជា ដែល​នាំឱ្យ​បាន​ការ​លក់​ដី​ដោយ​បង្ខំ​ជាច្រើន​ករណី​។ ពោល​ក្នុង​កម្រិត​មួយ​ខ្ពស់​ខ្លាំង និង​មិនអាច​ទទួល​យក​បាន ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៦៧ ០០០ នាក់ បាន​និង​កំពុង​លក់​ដី ដើម្បី​បង់​សង​កម្ចី​ឥណទាន​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ។

​ប៉ុន្តែ​បើតាម លោក​កាំ​ង តុង​ងី អ្នកនាំពាក្យ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​៖ «​បើ​យើង​ពិនិត្យ​មើល​របាយការណ៍​ដើម​របស់ BMZ ហ្នឹង និង​មើល​សេចក្តី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល ៣ នោះ គឺមាន​ភាព​ផ្ទុយគ្នា ដែល​យើង​មិន​អាច​ទទួល​យក​បានទេ​ចំពោះ​សេចក្តី​ថ្លែងការណ៍​ហ្នឹង ហើយ​យើង​កំពុង​ពិនិត្យ​ស៊ីជម្រៅ​លើ​របាយការណ៍​របស់ BMZ»។

ក្រុម​សង្គម​ស៊ីវិល​បញ្ជាក់​ការគាំទ្រ​អនុសាសន៍​របស់​វិទ្យាស្ថាន​សម្រាប់​ការ​អភិវឌ្ឍន៍​និង​សន្តិភាព (INEF) ដែល​វិទ្យាស្ថាន​នេះ ក៏ធ្លាប់​បាន​ធ្វើការ​ស្រាវជ្រាវ​ស្រដៀង BMZ ដែរ​។ អនុសាសន៍​ទាំងនោះ​មាន​ដូចជា ការ​លុបចោល​បំណុល​ទូទៅ​សម្រាប់​គ្រួសារ​ដែល​មាន​ជីវភាព​ក្រខ្សត់​ខ្លាំង បញ្ចប់​កិច្ចសន្យា​និង​ផ្តល់​សំណង​ដល់​គ្រួសារ​ដែល​ត្រួវបាន​បង្ខំ​ឱ្យ​លក់ដី​ដោយ​កើត​ចេញ​ពី​កំហុស ឬ​ធ្វេស​ប្រហែស​របស់​គ្រឹះស្ថាន​មីក្រូហិញ្ញវត្ថុ ព្រមទាំង​កម្រិតការ​ប្រើប្រាស់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដាក់​ជា​ទ្រព្យ​ធានា​ជាដើម​នោះ​ផង។​

​ពី​ខាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​វិញ បញ្ជាក់​បន្ថែមថា ស្តង់ដា​ផ្តល់​កម្ចី​ឥណទាន​របស់​អឺរ៉ុប និង​កម្ពុជា គឺមាន​ស្តង់ដា​ខុសគ្នា ដោយ​គេ​មិន​ចេះតែ​អាច​យក​ការលើក​ឡើង​របស់​បរទេស មក​ប្រើការ​នៅ​បរិបទ​សង្គម​កម្ពុជា​កើត​នោះទេ​។ នោះ​ក៏​ព្រោះតែ​នៅ​ប៉ែក​អឺរ៉ុប គេ​ច្រើន​ផ្តល់​កម្ចី​សម្រាប់តែ​ពលរដ្ឋ​ក្រីក្រ ចំណែក​នៅ​កម្ពុជា​ផ្តល់​កម្ចី​មិន​គិត​កម្រិត​ជីវភាព​ឡើយ ឱ្យតែ​សម​ស្រប​តាម​លក្ខខណ្ឌ។​

​ទោះជា​យ៉ាងណា លោក​កាំ​ង តុង​ងី ថា​ខាង​សមាគម​ព្រម​ទទួល​យក​គំនិត​ផ្តួចផ្តើម​ជាច្រើន ដើម្បី​ធានា​បាន​នូវ​ការការពារ​ដល់​អ្នក​ខ្ចី​ឥណទាន ក៏ដូចជា​ធានា​និរន្តរភាព​នៃ​វិស័យ​នេះ ដោយ​ពង្រឹង​ការ​ណែនាំ​អំពីការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រតិបត្តិករ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បណ្តុះបណ្តាល​អ្នក​គ្រប់គ្រង​សាខា​ប្រចាំ​តំបន់​នានា និង​បង្កើត​កិច្ចសន្យា​កម្ចី​ស្តង់ដា​ជាដើម។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២ វិស័យ​មីក្រូហិរញ្ញវត្ថុ​ដោយ​មិន​រាប់បញ្ចូល​ធនាគារ បាន​ផ្តល់​ឥណទាន​សរុប​វង្វង់ ៨,៧ ពាន់​លានដុល្លារ ដល់​អតិថិជន​សរុប​ជិត ២ លាន​នាក់ ខណៈ​ប្រាក់​បញ្ញើ​បាន​កើន​ឡើងដល់​ប្រមាណ ៤,៦ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ផ្តល់​ដោយ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា៕