ភ្នំពេញៈ របាយការណ៍​អន្តរជាតិ​ស្តីពី​សារធាតុ​អាស​បេស្តុស​នៃ​អង្គការ​អាហ្វីដា​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២១​ មាន​សរសៃ​អាស​បេស្តុស​គ្រីសូថាយ៍​ជិត​ ៣០០​ តោន​ និង​សម្ភារ ឬ​ផលិតផល​មាន​ផ្ទុក​អាស​បេស្តុស (ACMs)​ ជាង ​៥ ​០០០ ​តោន ​ត្រូវបាន​នាំ​ចូល​មក​កម្ពុជា បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ ២០១៩ ពលរដ្ឋ​កម្ពុជា​ចំនួន​ ១៧០ ​នាក់​ បាន​ស្លាប់​ដោយសារ​ជំងឺ​បណ្តាល​មកពី​សារធាតុ​នេះ។

របាយការណ៍ ​និង​ការរក​ឃើញ​នេះ ​ត្រូវ​បាន​បង្ហាញ​កាល​ពី​ថ្ងៃទី ១៥​ ខែ​កញ្ញា នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី​ការ​រៀបចំ​សេចក្តី​ព្រាង​ផែនទី​បង្ហាញ​ផ្លូវ​ស្តីពី​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់ ​និង​ហានិភ័យ​នៃ​ជំងឺ​ដោយសារ​សារធាតុ​អាស​បេស្តុស​ (​សារធាតុ​រ៉ែស៊ីលីកា​ធម្មជាតិ​) នៅ​កម្ពុ​ជា ​នៅ​សណ្ឋាគារ​ភ្នំពេញ​។

របាយការណ៍​ដែល​មាន​ចំណងជើង​ថា​ សេចក្តី​ព្រាង​ផែនទី​បង្ហាញ​ផ្លូវ​ស្តីពី​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ និង​ហានិភ័យ​នៃ​ជំងឺ​ដោយសារ​សារធាតុ​អាស​បេស្តុស​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​ ២០២១ ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​បាន​រាយការណ៍​ថា ​មាន​សរសៃ​អាស​បេស្តុស​គ្រីសូថាយ៍​ចំនួន​ ២៨៨ តោន​ ត្រូវបាន​នាំ​ចូល​មក​កម្ពុជា។​ ​តួលេខ​នេះ​ ​ត្រូវ​បាន​អះអាង​ថា ​មាន​បរិមាណ​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ​បន្តិច ​ហើយ​វា​ក៏​មាន​ភាព​ស្រដៀង​គ្នា​នឹង​ការ​រាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ​។ ក្នុង​រយៈពេល ​១០ ​ឆ្នាំ​កន្លង​ទៅ ទិន្នន័យ​របស់​ UN COMETRADE​ ក៏​រាយការណ៍​អំពី​ការនាំ​ចូល​អាសបេស្គុស​បន្ថែម​ក្នុង​បរិមាណ​តិច​តួច​ ប៉ុន្តែ​ធ្វើ​ឡើង​ច្រំ​ដែល​ ដែល​មាន​ផ្ទុក​នៅ​ក្នុង​ស៊ីម៉ងត៍​ ក៏​ដូចជា​នៅ​ក្នុង​វាយនភណ្ឌ​ផងដែរ​។

របាយការណ៍​ដដែល​នេះ ​បាន​បង្ហាញ​ថា​៖​​​ «​ការនាំ​​ចូល​ ACMs​ មក​កាន់​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ខុសៗ​ គ្នា​ពី​ ១​ ឆ្នាំ​ទៅ​ ១ ​ឆ្នាំ។​ ប៉ុន្តែ​ភាគ​ច្រើន​កម្ពុជា​នាំ​ចូល ACM ពី​ប្រទេស​ចំនួន​ ៣ ។ បរិមាណ​នាំចូល​ ACM​ ដែល​ត្រូវបាន​កត់ត្រា​ក្នុង​ទិន្នន័យ​គយ​ កើន​ឡើង​យ៉ាង​គំហុក​ចាប់ពី​ឆ្នាំ ២០១៧​ មក​ ដោយ​ពេល​នោះ​ បរិមាណ​បាន​កើន​ឡើង​ពី ២ ៧៩៧ ​តោន ​ទៅ​ដល់ ​៦ ៧៤០ ​តោន​ក្នុង​ឆ្នាំ​ ២០១៨​ ហើយ​ឡើង​ទៅ​ដល់ ​៨ ៥៩០ ​តោន ​ក្នុង​ឆ្នាំ ២០១៩​ និង ៨ ៣៨៩​ តោន​ក្នុង​ឆ្នាំ​ ២០២០ ។​ ការ​នាំចូល ​ACM ​ដែល​បាន​រាយការណ៍​ក្នុង​ឆ្នាំ ២០២១ ​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង​មក​នៅ​ត្រឹម​ ​៥ ២៤៣ ​តោន ​(៣៧%)​ »​។

សារធាតុ​អាសបេស្តុស​ ជា​សារធាតុ​រ៉ែ​មួយ​ប្រភេទ​ធ្វើឱ្យ​ផលិតផល​មាន​គុណភាព ជា​ពិសេស​គឺ ​ស្វិត​ រឹង​ ហើយ​តម្លៃ​ថោក​អាច​ទទួល​យក​បាន ក៏​ប៉ុន្តែ​ការ​ប្រឈម​នឹង​សារធាតុ​អាសបេស្តុស​អាច​ធ្វើឱ្យ​មាន​ជំងឺ ​ដូចជា ​មហារីក​សួត​ ហើយ​ជា​ញឹក​ញាប់ សារធាតុ​នេះ​ត្រូវបាន​គេ​ហៅ​ថា ​ជា​ឃាតករ​លាក់​មុខ​ ព្រោះ​វា​ត្រូវការ​ពេលវេលា​ច្រើន​ឆ្នាំ ​ដើម្បី​ចូល​មក​បំផ្លាញ​សុខភាព​របស់​អ្នក​ដែល​បាន​ប៉ះពាល់ ឬ​ក៏​ទទួល​រង​ឥទ្ធិពល​ពី​សារធាតុ​អាសបេស្តុស​នេះ​ ដែល​ភាគ​ច្រើន​ វា​វាយលុក​ចូល​ទៅ​ក្នុង​សួត និង​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​មនុ​ស្ស។

លោក Steve Mullins ជា​យុទ្ធនាករ​អន្តរជាតិ​ស្តីពី​សារធាតុ​អាសបេស្តុស​នៃ​អង្គការ​អាហ្វីដា ​ដែល​បាន​ធ្វើ​បទបង្ហាញ​លើ​របាយការណ៍​នេះ​ បាន​និយាយ​ថា ​ក្នុង​ឆ្នាំ​ ២០២០​ ​ការនាំ​ចូល​មក​កម្ពុជា ​មាន​ ៤៧ ​ភាគរយ​នៃ ​ACM​ គឺ​នាំចូល​ពី​ប្រទេស​ថៃ និង​ ២៥ ​ភាគរយ​នាំចូល​ពី​ប្រទេស​ចិន​ និង​ ២៥ ​ភាគរយ​នាំចូល​ពី​ប្រទេស​វៀតណាម​។

លោក​បាន​បន្ត​ថា ​នេះ​ជា​កា​រផ្លាស់ប្តូរ​ដ៏​ធំ​សម្បើម​សម្រាប់​ប្រទេស​នាំ​ចូល​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ​ខណៈ​ទិន្នន័យ​ដំបូង​សម្រាប់​ ឆ្នាំ​ ២០២២ ​បង្ហាញ​ឱ្យ​ឃើញ​ថា សមាមាត្រ​នៃ​ការ​នាំចូល ​ACM ​គឺ​នៅ​បន្ត​ ហើយ​ប្រទេស​ថៃ ​ដែល​ជា​ប្រទេស​ប្រភព​ធំ​ជាង​គេ​លើស​លប់​ក្នុង​ការ​នាំ​ចូល​មក​កម្ពុ​ជា​។

លោក​ថា៖ ​«​ចំណុច​នេះ​ ជា​ការ​ចង្អុល​បង្ហាញ​ឱ្យ​ឃើញ​ថា ​មាន​បរិក្ខារ​ផលិតកម្ម​ក្នុង​ប្រទេស​កម្ពុជា​ទាំង​នៅ​ក្នុង​វិស័យ​សំណង់ ​និង​វាយនភណ្ឌ​ដែល​មាន​ហានិភ័យ​ក្នុង​ការ​ប៉ះ​ពាល់​ជាមួយ​អាសបេស្តុស​ ក៏​ដូចជា​ហានិភ័យ​នៃ​ការ​កើត​មាន​ជំងឺ​បង្ក​ដោយ​អាសបេស្តុស​នៅ​ពេល​អនាគត​សម្រាប់​កម្មករ​និយោជិត​»​។

យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ ​និង​ទិន្នន័យ​បាន​មក​ពី​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​នាំចូល​ ACM​ បរិមាណ​ច្រើន​សម្រាប់​វិស័យ​សំណង់​ ក៏​ដូចជា​ផលិតផល​ហ្វ្រាំង​យានយន្ត ​ស៊ីម៉ងត៍​អាសបេស្តុស​ និង​វាយនភណ្ឌ​ដែល​មាន​ផ្ទុក​សារធាតុ​អាសបេស្តុស​។

លោក ​Steve Mullins​ បាន​អះអាង​ថា​ មាន​ការ​ថយចុះ​ជា​ខ្លាំង​ក្នុង​ការ​នាំ​ចូល​ ACM​ ក្នុង​ចំណាត់​ប្រភេទ​ជា​បន្ទះ​ការ៉ូ ​និង​ឥដ្ឋ​ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​កន្លង​មក​នេះ​ ​តែ​បែរ​ជា​មាន​ការ​នាំចូល​វត្ថុ​ធាតុ​ដើម​កែច្នៃ​ក្នុង​រយៈពេល​ ៥ ឆ្នាំកន្លង​មក ដែល​ផ្ទុក​សារធាតុ​ក្រូស៊ីដូលីត​ ​(អាសបេស្តុស​ខៀវ)​ ក៏​ដូចជា​អាសបេស្តុស​​ប្រភេទ​ដទៃ​ទៀត​ផង​ដែរ​។

លោក ​Ken Takahashi​ សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​សុខភាព​ការងារ​ និង​បរិស្ថាន​ប្រទេស​ជប៉ុន ​និង​ជា​ទី​ប្រឹក្សា​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺ​អាសបេស្តុស​អូស្ត្រាលី​ បាន​ធ្វើ​បទបង្ហាញ​ចុងក្រោយ​របស់​ខ្លួន​ពី​ការ​រកឃើញ​នៅ​កម្ពុជា​​ថា ​ការ​ប៉ាន់​ប្រមាណ ​ក្នុង​​ឆ្នាំ ​ ២០១៩ ​ មាន​ករណី​បាត់បង់​ជីវិត​ពាក់ព័ន្ធ​នឹង​អាសបេស្តុស​នៅ​កម្ពុជា​ចំនួន​ ១៧០ ​នាក់​។​ ​ការ​ស្លាប់​បាត់បង់​ជីវិត​នេះ ​គឺ​បណ្តាល​មក​ពី​ជំងឺ​មហារីក​កោសិកា​មេតូសេស្យូម​នៅ​ស្រោមសួត​ និង​ជំងឺ​មហារីក​សួត​ពាក់ព័ន្ធ​នឹង​ជំងឺ​អាសបេស្តុស ខណៈ​ការ​បាត់បង់​ជីវិត​នេះ ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​បំពង់ក ​និង​មហារីក​អូវែ​ផង​ដែរ​។

លោក​ថា​៖​ «​កុំ​គិត​ថា​ តួលេខ​ស្លាប់​នេះ​ ជា​ចំនួន​តិច​តួច​ឱ្យ​សោះ។​ ផល​ប៉ះពាល់​របស់​វា​ គឺ​នឹង​កើត​មាន​ជា​បន្ត​បន្ទាប់​ នៅ​ពេល​យើង​ទទួល​រង​បន្តិច​ម្តងៗ​ពី​សារធាតុ​អាសបេស្តុស​នេះ​ចាប់​ពី​ ២០ ទៅ ៣០ ​ឆ្នាំ​ទៅ។​ តួលេខ​នេះ ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ប្រមាណ​ ៤០ ​ភាគរយ​ នៃ​ចំនួន​អ្នក​ស្លាប់​ប៉ាន់​ប្រមាណ​ចន្លោះ​​ឆ្នាំ ១៩៩០​-២០១៩ ​»​។

លោក ​ហ៊ុយ​ ហាន​សុង ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​ជា​អនុប្រធាន​កម្មវិធី​កម្រង​ព័ត៌មាន​ជាតិ​ស្ដីពី​សារធាតុ​ អាសបេស្តុស ​(CNAP)​ ថ្លែង​ថា ​កម្ពុជា​ កំពុង​បន្ត​ជជែក​គ្នា​ក្នុង​ក្របខ័ណ្ឌ​គោល​នយោបាយ​ ហើយ​ភ្លាមៗ​ គឺ​​មិន​អាច​បង្កើត​ច្បាប់​ ដើម្បី​ធ្វើ​ការ​ហាមឃាត់​ការ​ប្រើប្រាស់ និង​ការ​នាំចូល​ផលិតផល​ ដែល​មាន​ផ្ទុក​សារធាតុ​អាសបេស្តុស​ទាំង​ស្រុង​នោះ​ទេ ព្រោះ​តែ​សារធាតុ​នេះ ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សម្ភារ និង​ផលិតផល​ប្រើប្រាស់​ជាង​ ៣ ០០០ ​ប្រភេទ​។​ កម្ពុជា​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​ និង​ហានិភ័យ​ពី​សារធាតុ​អាសបេស្តុស​នេះ​ទៅ​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​ធុរជន​ ឱ្យ​ពួក​គាត់​ងាក​មក​ចាប់អារម្មណ៍ ​និង​បញ្ឈប់​ការ​ប្រើប្រាស់ ​ឬ​ផលិត​ដោយ​ខ្លួន​ឯង​ជា​មុន​សិន​។​ «​យើង​​មិន​អាច​ហាម​ភ្លាម​អី​ភ្លាម​បាន​ទេ​ ព្រោះ​ធម្មតា​មាន​បញ្ហា​ផ្នែក​ពាណិជ្ជកម្ម​ទៀត ដូច្នេះ​ យើង​លុប​ជា​បណ្តើរៗ​សិន​»​៕