កម្ពុជា​បាននិង​កំពុង​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ប្រមាណ ៤០% នៃ​តម្រូវការ​ថាមពល​សរុប​នៅក្នុង​ស្រុក​ ដែល​រួមមាន​ថាមពល​ពី​វារីអគ្គិសនី ពន្លឺ​ព្រះអាទិត្យ និង​ថាមពល​ជីវម៉ាស់​។ រដ្ឋាភិបាល​កម្ពុជា​នឹង​ជំរុញ​លើ​ការប្រើប្រាស់​ថាមពល​កកើតឡើង​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​។

នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា ឆ្នាំ​ ២០២២ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​ ៤០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​រួមទាំង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​ឆ្នាំ​ ២០២២ ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ប្រជុំ​ទាក់ទង​នឹង​បញ្ហា​ថាមពល​សកល និង​ស្ថានភាព​ថាមពល​របស់​កម្ពុជា​។

លោក​ ហ៊ុន សែន បាន​គូសបញ្ជាក់​ក្នុង​សុន្ទរកថា កម្ពុជា​បាននិង​កំពុង​ខិតខំ​យ៉ាងសកម្ម​ក្នុង​ការបញ្ចូល​ថាមពល​កកើត​ឡើង​វិញ ទៅក្នុង​ល្បាយ​នៃ​ប្រភព​ថាមពល​របស់​ខ្លួន ហើយ​ក្នុង​ឆ្នាំ​ ២០២១ កន្លងទៅនេះ ថាមពល​កកើត​ឡើងវិញ​ប្រមាណ ៤០% នៃ​ថាមពល​សរុប​ក្នុង​ស្រុក​បាន​ចរាចរ​ផ្គត់ផ្គង់​តម្រូវការ​។

ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​បន្ថែម​ជុំវិញ​ការជំរុញ​ឱ្យ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ដូច្នេះ​ថា៖ «​សម្រាប់​ទិសដៅ​ទៅមុខ កម្ពុជា​នឹង​បន្ត​ជំរុញ​ការយកចិត្ត​ទុកដាក់​លើ​ការអភិវឌ្ឍ​ប្រសិទ្ធភាព​ថាមពល និង​ថាមពល​កកើត​ឡើងវិញ​ឱ្យ​បាន​អតិបរមា និង​ជា​បន្តបន្ទាប់​ទៅ​តាម​លទ្ធភាព​ទទួល​បាន​របស់​ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​កម្ពុជា​ជាមួយ​នឹង​ការកាត់បន្ថយ​ការអភិវឌ្ឍ​គម្រោង​ប្រភព​ថាមពល​ ដែល​ប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ដែល​មាន​ធ្យូងថ្ម និង​ប្រេង​ជាដើម​»​។

គួរ​បញ្ជាក់ថា ថាមពល​កកើត​ឡើងវិញ សំដៅលើ​ថាមពល​ទាំងឡាយ​ណា​ដែល​បាន​មកពី​ប្រភព​ដែល​អាច​កកើតឡើង​សាថ្មី​បាន​ដូចជា​ពន្លឺ​ព្រះអាទិត្យ ខ្យល់ ជំនោរ​សមុទ្រ រលក​សមុទ្រ កំដៅ​ផែនដី ថាមពល​ជីវម៉ាស់ ឬ​ជីវថាមពល​ជាដើម ឬ​អាច​និយាយ​ម្យ៉ាង​ទៀតថា​ថាមពល​ស្អាតស្អំ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ពី​កំណើន​នៃ​សេចក្តី​ត្រូវការ​ផ្នែក​ថាមពល​នៅលើ​ពិភពលោក ខណៈ​អស្ថិរភាព​នៃ​ថ្លៃ​ប្រេង​ឥន្ធនៈ​នៅលើ​ទីផ្សារ​អន្តរជាតិ បាននិង​កំពុង​បង្ក​ឱ្យ​មាន​អតិផរណា​ខ្ពស់ ស្រប​ពេល​គោលនយោបាយ​រូបិយវត្ថុ​ពី​ធនាគារ​កណ្តាល​នៃ​បណ្តា​ប្រទេស​ជាច្រើន​បាន​រឹតបន្តឹង​ដាក់​សម្ពាធ​មកលើ​កំណើន​សេដ្ឋកិច្ច​សកល​។ ជាមួយ​នឹង​វិបត្តិ​នៃ​ការប្រែប្រួល​អាកាសធាតុ និង​គ្រោះធម្មជាតិ ដែល​បាន​យាយី​រំខាន​ដល់​សេដ្ឋកិច្ច ខ្សែ​ច្រវ៉ាក់​តម្លៃ និង​ផលិតភាព​សកល លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា សង្កត់​ធ្ងន់​ថា អាស៊ាន និង​ពិភពលោក​ចាំបាច់​យកចិត្ត​ទុកដាក់​លើ​អន្តរកាល​ថាមពល​។

ដើម្បី​សម្រេច​បាន​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ជា​អតិបរមា​នា​ថ្ងៃ​ខាងមុខ កម្ពុជា​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ការសិក្សា និង​រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ថាមពល​កម្ពុជា​រហូត​ដល់​ឆ្នាំ ​២០៤០ គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថាមពល ផែនទី​បង្ហាញ​ផ្លូវ​ស្តីពី​ការអភិវឌ្ឍ​អន្តរកាល ថាមពល​ស្អាត​ឆ្ពោះ​ទៅ​ធ្វើ​តុល្យភាព​កាបូន និង​គោលនយោបាយ​អភិវឌ្ឍន៍​ថាមពល​ពន្លឺព្រះអាទិត្យ​។

គួររំឭក​ថា ជុំវិញ​ការកាត់​បន្ថយ​ការប្រើប្រាស់​ថាមពល​ប្រេងឥន្ធនៈ​ហ្វូស៊ីល​នេះ កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២២ កន្លងទៅ រដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​រយៈពេល​វែង​មួយ​ស្តីពី​អព្យាក្រឹត​កាបូន (LTS4CN) ដែល​រំពឹង​សម្រេច​បាន​នៅ​ឆ្នាំ​ ២០៥០ ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​៕