កណ្តាលៈ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ចំនួន ៣ ០០០ នាក់ នា​ថ្ងៃទី​ ១៧ ខែកញ្ញា នៅក្នុង​បរិវេណ​វិទ្យាល័យ ជ័យសាន់នីវូ ឃុំ​សំរោងធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​ថ្លែងថា នេះ​គឺជា​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់ TYDA ក្នុង​ការលះបង់​កម្លាំង​កាយ កម្លាំងចិត្ត និង​ពេលវេលា​ក្នុង​ការចុះពិនិត្យ និង​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដោយ​ឥតគិតថ្លៃ ពិសេស​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កៀនស្វាយ ចំនួន​ ៣ ០០០ ​នាក់​។

បើតាម​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​កណ្តាល លោក​ថ្លែងថា​៖ «​នេះ​ជាការ​ចូលរួមចំណែក​ក្នុង​ការ​បំពេញ​បេសកកម្ម​ការងារ​ប្រកប​ដោយ​ឆន្ទៈ​ដ៏​ស្រួចស្រាល់ និង​បង្ហាញ​ពី​ស្មារតី​ផូរផង់​ សម្រាប់​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ នៅក្នុង​បុព្វហេតុ​នានា ពិសេស​ក្នុង​វិស័យ​សុខាភិបាល ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​»៕