កណ្តាលៈ ស្រុក​ស្អាង​បាន​ជាប់​ជា​ស្រុក​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) នៅក្នុង​ខេត្តកណ្តាល បន្ទាប់ពី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​នេះ​បាន​ចុះ​ផ្ទៀងផ្ទាត់​អំពី​ស្ថានភាព​នៃ​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​។

លោកស្រី ជី ថាវី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កណ្តាល​បាន​បញ្ជាក់​ថា ស្រុក​ស្អាង​គឺជា​ស្រុក​ចុងក្រោយ ដែល​ត្រូវបាន​ជាប់​ជា​ស្រុក ODF ថ្នាក់​ខេត្ត ក្នុងចំណោម​ក្រុង ស្រុក​ចំនួន ៥ ​ផ្សេងទៀត ដែល​បាន​ជាប់​ជា​ក្រុង ស្រុក​ថ្នាក់​ខេត្ត រួមមាន ស្រុក​កោះធំ ស្រុក​មុខកំពូល ស្រុក​ពញាឮ ក្រុង​តាខ្មៅ និង​ស្រុក​កៀនស្វាយ ខណៈ​ស្រុក​ចំនួន​ ៤​ ផ្សេងទៀត បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​អភិវឌ្ឍន៍ រួមមាន ស្រុក​អង្គស្នួល កណ្តាលស្ទឹង លើកដែក និង​ស្រុក​ខ្សាច់កណ្តាល​។

លោកស្រី​បានបញ្ជាក់​ដូច្នេះ ក្នុង​ពេល​ចុះ​ផ្ទៀងផ្ទាត់​អំពី​ស្ថានភាព​នៃ​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​នៅ​ស្រុក​ស្អាង​កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា​។

ហ្វេសប៊ុក​រដ្ឋបាល​ខេត្តកណ្តាល​បាន​ដកស្រង់​សម្ដី លោកស្រី ជី ថាវី ថា ការចុះ​ផ្ទៀងផ្ទាត់​នេះ​គឺជា​ការចុះ​វាយតម្លៃ​ដោយ​ថ្នាក់​ខេត្ត ហើយ​នៅពេល​បន្តិចទៀតនេះ ក្រសួង​អភិវឌ្ឍន៍​ជនបទ​នឹង​ចុះ​វាយតម្លៃ​ខេត្ត​វិញ​ម្ដង ដោយ​លោកស្រី​បញ្ជាក់ថា​៖ «​នៅក្នុង​ការចុះ​នោះ ក្រសួង​មិន​បាន​ឱ្យ​យើង​បានដឹង​មុន​ថា​ត្រូវ​ចុះ​នៅ​ទីតាំង ភូមិ ឃុំ ស្រុក​ណាមួយ​នោះទេ​»​។

លោកស្រី​បន្តថា អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវ​ត្រៀមខ្លួន​ឱ្យ​រួចរាល់​គ្រប់​លក្ខខណ្ឌ​ដែលជា​សូចណាករ​របស់​ក្រសួង​ក្នុង​ការចុះ​វាយតម្លៃ ហើយ​ត្រូវ​ប្រាកដថា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ពោលគឺ​នៅតាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ សាលារៀន សាលាឃុំ សាលាស្រុក មន្ទីរពេទ្យ តាម​ភោជនីយដ្ឋាន ត្រូវ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​បាន​ត្រឹមត្រូវ មាន​ភាពស្អាត មិនមាន​ក្លិន មានទឹក និង​សាប៊ូ មាន​បរិស្ថាន​ស្អាត ទាំង​ការចិញ្ចឹម​សត្វពាហនៈ ជ្រូក​មាន់​ទា​ក៏ត្រូវ​មាន​ទ្រុង​ដាក់​សំអាត​លាមក​ជាប្រចាំ​។

លោកស្រី ជី ថាវី ការធ្វើ​ដូច្នេះ​គឺ​ដើម្បី​ធ្វើឱ្យ​ការចុះ​វាយតម្លៃ ODF ក្នុង​ខេត្តកណ្ដាល​ទទួល​បាន​លទ្ធផល​ល្អប្រសើរ ក្លាយ​ជា​ខេត្ត ODF ជាប់​ចំណាត់ថ្នាក់​លេខ​ ៣ ទូទាំង​ប្រទេស​តាម​ការគ្រោង​ទុក​៕