បន្ទាយមានជ័យៈ ក្នុង​រយៈពេល​ ៩ ​ខែ ក្នុង​ឆ្នាំ ២០២២ នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ ៧៣ ​ករណី នៅ​ខេត្ត​បន្ទាយមានជ័យ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៥៩ ​នាក់ និង​របួសធ្ងន់ ៥០​ នាក់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

គេហទំព័រ​នេះ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា​ថា​៖ «​រយៈពេល ​៩​ ខែ ដើមឆ្នាំ​ ២០២២ នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ ៧៣ ​ករណី បណ្តាល​ស្លាប់​មនុស្ស​ចំនួន ​៥៩ ​នាក់​»​។

ក្នុង​ពិធី​វេទិកា​សប្តាហ៍​កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា នៅ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​នេះ លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​តឹងរ៉ឹង​បំផុត​ចំពោះ​រថយន្ត​ដឹក​ដី ដែល​ធ្វើ​ចរាចរណ៍​ដឹក​ដី​លើ​ផ្លូវ​សាធារណៈ មិន​គ្រប​ឱ្យបាន​ត្រឹមត្រូវ ហើយ​ត្រូវតែ​ចាត់វិធានការ​រដ្ឋបាល​។

យោងតាម​គេហទំព័រ​ដដែល លោក​ក៏បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ត្រូវ​ត្រួតពិនិត្យ​ឱ្យ​បាន​ដិតដល់​ផងដែរ​ចំពោះ​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​៕