
អ្នកទស្សនាសួនធម្មជាតិនៅក្នុងស្ថានទូតបារាំង ក្នុងរាជធានីភ្នំពេញ។ រូបថត ស្ថានទូតបារាំង
ភ្នំពេញៈ គេនឹងទទួលបានអារម្មណ៍ត្រជាក់ចិត្តជាមួយសម្រស់ធម្មជាតិខៀវស្រងាត់។ សត្វស្វាលោតទំលើមែកឈើហក់ពីមែក១ ទៅមែក១ ដើម្បីទាញចិត្តអ្នកទស្សនាឱ្យចោលភ្នែកទៅមើល។ អ្នកទស្សនាដែលភាគច្រើនជាយុវជនបានចាត់ទុកសួនធម្មជាតិនៅក្នុងស្ថានទូតបារាំង ជាព្រៃដុះនៅកណ្ដាលរាជធានី។ ពួកគេប្រាថ្នាចង់ឃើញរាជធានីមានសម្រស់ធម្មជាតិបែបនេះឬប្រហែលនេះដើម្បីដើរទន្ទឹមនឹងសម្ទុះអភិវឌ្ឍន៍ដែលមានអគារខ្ពស់ៗ។
ជាលើកទី១ ដែលឈានជើងចូលស្ថានទូតបារាំងនៅថ្ងៃទី១៧ខែកញ្ញានេះ កញ្ញា មែ សៀកលីន ជានិស្សិតឆ្នាំទី៣នៃវិទ្យាស្ថាន NITN បង្ហាញការចាប់អារម្មណ៍ចំពោះដើមឈើធំៗនិងបរិស្ថានធម្មជាតិស្រស់បំព្រង។
កញ្ញាបន្ថែម៖ «ចូលមកដល់មានអារម្មណ៍ថា យើងមិនមែននៅភ្នំពេញ ប្រៀបដូចជាយើងកំពុងនៅជើងភ្នំតាមខេត្តឬកំពុងសម្រាកនៅរីសតណាមួយអ៊ីចឹង»។
បន្ទាប់ពីចូលទស្សនាសួនធម្មជាតិនៃស្ថានទូតបារាំង កញ្ញាសៀកលីនបញ្ចេញទស្សនថា អ្នករស់នៅភ្នំពេញក៏ត្រូវការខ្យល់ដកដង្ហើមដែលមានជំនួយពីធម្មជាតិដែរ។
កញ្ញាស្នើដល់អាជ្ញាធរក្រុងភ្នំពេញពិចារណាចាប់ផ្ដើមការដាំដុះដើមឈើធំៗនៅតាមទីតាំងក្នុងរាជធានីភ្នំពេញ៖ «ជាក់ស្ដែងទីក្រុងភ្នំពេញស្ទះចរាចរណ៍ ហើយមានឧស្ម័នជាតិពុលច្រើនបញ្ចេញមក អ៊ីចឹងបើយើងទាំងអស់គ្នាចូលរួមដាំដើមឈើតាមដែលអាចធ្វើទៅបាន ខ្ញុំគិតថា វារួមចំណែកកាត់បន្ថយការបំភាយឧស្ម័នជាតិពុល»។
ងើយសម្លឹងទៅលើតាមកម្ពស់ដើមឈើជាមួយនឹងកាមេរ៉ាទូរស័ព្ទមាននៅក្នុងដៃលោក ឈឿន សំណាង និងមិត្តភក្ដិម្នាក់ទៀតបានដូរគ្នាម្ដងម្នាក់ដើម្បីថតរូប។ លោកប្រាប់ថា ដាក់ច្បាប់ការងារ១ថ្ងៃដើម្បីបានមកទស្សនាសួនធម្មជាតិក្នុងស្ថានទូតបារាំងព្រោះជាក្ដីប្រាថ្នា។
លោកបន្ថែម៖ «ខ្យល់អាកាសបរិសុទ្ធដូចយើងកំពុងស្ថិតនៅក្នុងព្រៃ ខ្ញុំបានដឹងពីការបើកទ្វារទទួលសាធារណជន ចូលទស្សនាតាមរយៈការផ្សព្វផ្សាយលើបណ្ដាញសារព័ត៌មាន ហើយក៏ដាក់ច្បាប់មកលេង១ថ្ងៃទៅព្រោះចង់ស្គាល់ដោយសារឮគេថា ក្នុងទូតហ្នឹងស្អាត មានព្រៃ ដើមឈើធំដូចនៅក្នុងព្រៃ ដល់ឃើញជាក់ស្ដែងអ៊ីចឹងមែន»។
បើតាមលោក ឈឿន សំណាង ស្ថានភាពខាងក្រៅមិនអាចអភិរក្សដូចក្នុងស្ថានទូតបានឡើយ ដ្បិតអីខាងក្រៅត្រូវបានសាងសង់ដោយអគារខ្ពស់ៗបាត់ទៅហើយ។
ចំណែក កញ្ញា សុខ សុម៉ាលី ដែលទើបតែចូលទស្សនាសួនធម្មជាតិស្ថានបារាំងជាលើកដំបូងដែរនោះចង់ឃើញរាជធានីភ្នំពេញមានដាំដើមផ្ការំដួលជាជំហានដំបូងសិនក៏បានព្រោះផ្កានេះតំណាងឱ្យជាតិ។
កញ្ញាថា៖ «ខ្ញុំចង់ឱ្យដងវិថីធំៗនៅក្នុងក្រុងមានដើមឈើធំៗហើយខ្ពស់ស្រឡះល្អតែថាទៅរាជធានីភ្នំពេញយើងអភិវឌ្ឍអគារខ្ពស់ៗចេះតែដើរទៅមុខរហូត។ តែខ្ញុំធ្លាប់គិតចំណុចមួយថា ផ្ការំដួលជាផ្កាតំណាងឱ្យជាតិ។ ខ្ញុំចង់ឱ្យអាជ្ញាធរក្រុងភ្នំពេញដាំព្រោះជាក់ស្ដែងនៅសៀមរាបគេដាំរួចហើយ ហើយពេលទៅដល់យើងក្រអូបក្លិនរំដួលនេះតែម្ដង»។
លាតសន្ធឹងលើផ្ទៃដីទំហំ៤,៧ហិកតាឧទ្យានស្ថានទូតបារាំងស្ថិតក្នុងចំណោមលម្ហបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញដោយសម្បូរទៅដោយជីវចម្រុះដ៏មានតម្លៃដូចជាដើមឈើ៥០ប្រភេទខុសៗគ្នា សរុបចំនួន២០០ដើមនិងសត្វមួយចំនួនដែលបច្ចុប្បន្នស្ថានទូតកំពុងចុះបញ្ជី។បើតាមស្ថានទូតបារាំងពេញ ១ ព្រឹក ថ្ងៃទី ១៧ខែកញ្ញា មានមនុស្សប្រមាណជា ៦០០ នាក់បានចុះឈ្មោះចូលទស្សនាសួនឧទ្យានស្ថានទូតបារាំង។
គួរជម្រាបជូនថា នេះជាលើកទី៧ហើយ ដែលស្ថានទូតបារាំងបើកទ្វារទទួលមហាជនចូលទស្សនាសួនឧទ្យានស្ថានទូតបារាំងឡើងវិញនៅថ្ងៃទី១៧ខែកញ្ញាក្រោយអាក់ខានដោយសារវិបត្តិកូវីដ១៩កាលពីឆ្នាំ២០២១។ ការបើកទ្វារចូលទស្សនាជាថ្មីនេះធ្វើឡើងស្របគ្នានឹងទិវាបេតិកភណ្ឌនៅកម្ពុជា ស្ថិតនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានផ្តួចផ្តើមគំនិតដោយប្រទេសបារាំង ហើយបច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង៥០។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចទាក់ទងបានដើម្បីសុំការបញ្ជាក់បានទេនាថ្ងៃទី១៨ ខែកញ្ញា៕