
សិក្ខាសាលាទាក់ទងនឹងការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពពីថ្ងៃទី១៥ កញ្ញា ។ រូបថត MoSVY Cambodia
ក្រចេះ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការគាំទ្រឱ្យមានការវិនិយោគចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ដើម្បីបង្កើននូវឱកាសការងារសម្រាប់ជនមានពិការភាពនិងចូលរួមអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារនៅក្នុងវិស័យទេសចរណ៍» កាលពីថ្ងៃទី១៥ ខែកញ្ញា ក្នុងខេត្តក្រចេះ លោកឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានលើកឡើងថា វិស័យទេសចរណ៍នៅកម្ពុជាកំពុងតែមានសក្តានុពលយ៉ាងខ្លាំង ហើយក៏បានចូលរួមចំណែកក្នុងការកសាងកម្ពុជាឱ្យបានរីកចម្រើនផងដែរ។
លោកថ្លែងដូច្នេះថា៖«ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍គឺជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់អាជីពសមស្រប និងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជាមានដូចជា
អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម្ចាស់កន្លែងកម្សាន្តជាដើម»។
លោកបន្តថា កន្លងមក រាជរដ្ឋាភិបាលតែងតែជំរុញឱ្យផ្នែកឯកជន រោងចក្រ សហគ្រាស និងគ្រឹះស្ថាន ដែលបានផ្តល់ឱកាសការងារដល់ជនមានពិការភាព ត្រូវអនុវត្តដោយស្ម័គ្រចិត្ត និងភ្ញាក់រឭកនូវកាតព្វកិច្ច ដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ និងគាំទ្រដល់ការធ្វើសមាហរណកម្មជនពិការ ដោយដាក់បញ្ចូលបញ្ហាពិការក្នុងសកម្មភាពរបស់ខ្លួន។
លោកបញ្ជាក់ថា ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជនទាំងអស់ត្រូវគោរពអត្រាចូលបម្រើការងាររបស់ជនមានពិការភាពគឺ២ភាគរយសម្រាប់ក្រសួង ស្ថាប័នរដ្ឋនិង១ភាគរយសម្រាប់វិស័យឯកជននៃចំនួនបុគ្គលិកសរុប។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា កន្លងមកក្រសួងទេសចរណ៍ ក៏បានចេញសេចក្តីណែនាំមួយស្តីពីការចូលរួមលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយក្នុងនោះបានលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានបៀរហ្គាដិនជួយបង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យជនមានពិការភាពអាចចូលច្រៀង និងសម្តែងទស្សនីយភាពសិល្បៈខ្លីៗជាដើម។
លោកបន្តថា ក្រសួងបានជំរុញឱ្យមន្ទីរទេសចរណ៍អនុវត្តការងារនេះឱ្យបានកាន់តែប្រសើរថែមទៀតដោយត្រូវរៀបចំបណ្ណសរសើរលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ដែលចូលរួមចំណែកជួយដល់ការកាត់បន្ថយភាពក្រីក្រជនមានពិការភាពតាមរយៈការលើកកម្ពស់ការងារ និងអាជីពសមស្រប ។
លោកទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានថ្លែងដែរថា ខេត្តនឹងយកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាពក្នុងការបង្កើតការងារ និងការបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនពួកគាត់ សំដៅកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការភាព។
លោកបន្តថា ខេត្តនឹងជំរុញដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តក្រចេះ ត្រូវចូលរួមជាកាតព្វកិច្ចក្នុងការផ្តល់ឱកាសការងារធ្វើជូនដល់ជនមានពិការភាពនៅក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនដោយមិនមានការរើសអើងឡើយ ដោយការងារដែលផ្តល់ជូនពួកគាត់ត្រូវស្របតាមចំណេះដឹង ជំនាញ និងសមត្ថភាពផងដែរ។
លោក ឯម ច័ន្ទមករា បានឱ្យដឹងថា តាមការសង្កេត បើទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលល្អលើវិស័យសុខុមាលភាពជនពិការក៏ដោយ ក៏ជនមានពិការភាពនៅតែបន្តជួបឧបសគ្គជាច្រើនទៀតដែលត្រូវតែយកចិត្តទុកដាក់ដោះស្រាយ ដូចជា ខ្វះការសម្របសម្រួលសមស្រប ឧបសគ្គពាក់ព័ន្ធនឹងអាកប្បកិរិយាក្នុងសង្គម ការរើសអើង និងការមាក់ងាយ និងសមត្ថភាពទទួលយកចំណេះដឹងនិងជំនាញវិជ្ជាជីវៈរបស់បងប្អូនជនពិការនៅមានកម្រិតជាដើម។
លោកបានស្នើឱ្យម្ចាស់ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ មជ្ឈមណ្ឌលកម្សាន្តនានា សហគមន៍ទេសចរណ៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ ចូលរួមយកចិត្តទុកដាក់រៀបចំការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានកុមារតូច ដោយបង្កើតឱ្យមានចំណតយានយន្ត ស្លាកសញ្ញា ជម្រាលដែលមានធ្នាក់ដៃ បន្ទប់ទឹក ដែលពួកគាត់ អាចប្រើប្រាស់បាននៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងសេវាកម្មទេសចរណ៍ជាដើម៕