
លោក កឹម សុខា និងភរិយា ព្រមទាំងសហការី ក្នុងពិធីរាប់នារដូវភ្ជុំបិណ្ឌ។ រូបថត FB កឹម សុខា
ភ្នំពេញៈ ១សប្ដាហ៍នៃពិធីបុណ្យកាន់បិណ្ឌពលរដ្ឋខ្មែរបានអញ្ជើញទៅវត្តដែលខ្លួនបានគិតទុក រីឯអ្នកនយោបាយមួយចំនួនក៏មិននៅស្ងៀមដែរ។ ជាក់ស្ដែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងភរិយាអមដោយក្រុមការងារបានអញ្ជើញទៅវត្តយ៉ាងហោចណាស់ចំនួន ៤ គិតត្រឹមថ្ងៃទី ១៧ខែកញ្ញា ជាមួយនឹងការតាំងចិត្តបំពេញបុណ្យឱ្យបានគ្រប់៧វត្តបើគ្មានអ្វីរំខាន។
គ្រប់ពេលធ្វើដំណើរទៅវត្ត លោក កឹម សុខា បានបង្ហាញរូបភាពបញ្ជាក់នៅលើបណ្ដាញសង្គមដោយភ្ជាប់សារផ្សះផ្សារួបរួមនៅក្នុងសង្គមតាមដំបូន្មានព្រះសម្មាសម្ពុទ្ធ។
លោកថា៖ «ការធ្វើបុណ្យ រក្សាសីល គឺជាការធ្វើចិត្តឱ្យរឹតតែបរិសុទ្ធ និងជ្រះថ្លា ទោះបីមានអ្នកអសីល(មារ)តាមព្យាបាទ ប្រមាថ ចោទប្រកាន់យ៉ាងណាក្តី ក៏យើងត្រូវតែធ្វើអំពើល្អបន្តទៀត។ សូម្បីតែព្រះសម្មាសម្ពុទ្ធក៏មានមារតាមចងពៀរ មួលបង្កាច់ដែរ។ នេះមិនមែនជាកម្មរបស់ព្រះទេ គឺជាអំពើបាបរបស់មារ។ សូមឧទ្ទិសឲ្យខ្មែរមានចិត្តធម៌ ធ្វើអំពើល្អ ឈប់ចងពៀរគ្នា»។
លោក កឹម សុខា ថ្លែងថា ការធ្វើបុណ្យធ្វើទានដែលកើតឡើងដោយសទ្ធាជ្រះថ្លា ចេតនាពិត គឺជាសីលធម៌របស់មនុស្ស។
លោកបន្ថែមថា៖ «ទោះបីមិនមានទ្រព្យធនច្រើន មិនមានអំណាចធំ មិនមានសិទ្ធិពេញលេញ ឬទោះបីមានអ្នកដទៃបំភ្លៃបំផ្លើសចំពោះចេតនាសុចរិតរបស់យើងក៏ដោយ ឲ្យតែមានឱកាស មានលទ្ធភាពដែលអាចធ្វើបុណ្យ ធ្វើទានសន្សំកុសលបានយើងគួរតែធ្វើ»។
អ្នកនយោបាយជើងចាស់ដែលកំពុងជាប់ចោទក្នុងសំណុំរឿងក្បត់ជាតិរូបនេះ គូសបញ្ជាក់ថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវអំពើល្អ គុណធម៌ ព្រហ្មវិហារធម៌ កតញ្ញូចំពោះមាតុប្រទេស បុព្វការីជន ញាតិសន្តាននិងប្រជាជាតិខ្មែរ ទោះបីកាលៈទេសៈខ្លះ លោកត្រូវទទួលរងនូវការឈឺចាប់ដោយអយុត្តិធម៌ក៏ដោយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងដោយ មិនរើសដាក់ខ្លួនឡើយចំពោះសារនយោបាយបញ្ឆិតបញ្ឆៀងបែបនេះ។
លោក ថ្លែងថា៖ «គាត់ (កឹម សុខា) និយាយអ្វីដែលពាក់ព័ន្ធជាមួយគាត់ទេ ដូច្នេះមានតែរឿងគ្នាគាត់ទេដែលបែកបាក់គ្នាពុះចែកជា ២ ជា ៣»។
លោក សុខ ឥសាន ថ្លែងថា លោក កឹម សុខា មានសិទ្ធិប្រតិបត្តិតាមព្រះពុទ្ធសាសនាតែគ្មានសិទ្ធិធ្វើនយោបាយឡើយ។ លោកបន្ត៖ «ខ្ញុំយល់ក្នុងនាមបុគ្គលមិនមែនជាចៅក្រមគឺសកម្មភាពធ្វើបុណ្យធ្វើទានរបស់លោក កឹម សុខា ជារឿងធម្មតា មិនបំពានរឿងក្ដីរបស់តុលាការឡើយ។ បម្រាមតុលាការ គឺហាមមិនឲ្យធ្វើនយោបាយប៉ុណ្ណោះ ដូច្នេះការទៅវត្ត ធ្វើបុណ្យទានដាក់បិណ្ឌ អីហ្នឹងជារឿងធម្មតា បើគាត់មិនធ្វើការឃោសនានយោបាយអីជាមួយពុទ្ធបរិស័ទទេនោះ»។
លោក គង់ មុនិកា ប្រធានគណបក្សឆន្ទៈខ្មែរ លើកឡើងថា អ្នកនយោបាយគ្រប់និន្នាការគួរធ្វើចិត្តឲ្យបានល្អ ជម្រះចោលគំនុំ គុំគួន លាបពណ៌ នាឱកាសបុណ្យកាន់បិណ្ឌនិងបន្តធ្វើរហូតដល់ចប់ពិធីបុណ្យកាន់បិណ្ឌ។ លោកថា៖ «យើងផ្ដើមអនុវត្តទង្វើល្អៗដើម្បីជាផលប្រយោជន៍ប្រទេសជាតិ។ ដូច្នេះហើយខ្ញុំចង់ឃើញអ្នកនយោបាយទាំងឡាយនៅក្នុងប្រទេសកម្ពុជាទាំងចាស់វស្សា និង បន្តវេន រួមចិត្តរួមកាយផ្ដោតការយកចិត្តទុកដាក់លើផលប្រយោជន៍ប្រទេសជាតិពិតប្រាកដ រស់នៅដោយស្មើភាពក្រោមដំបូលរដ្ឋធម្មនុញ្ញ»។
គួរកត់សម្គាល់ថា ការផ្លោងពាក្យពេចន៍នយោបាយនាពេលបច្ចុប្បន្ននេះច្រើនតែកើតចេញពីលោក សម រង្ស៊ី កំពុងរស់នៅក្រៅប្រទេសនិងលោក ហ៊ុន ម៉ាណែត អ្នកនយោបាយបន្តវេន។ អ្នកនយោបាយជើងចាស់លោក សម រង្ស៊ី តែងតែចោទនិងត្រូវបានលោក ហ៊ុន ម៉ាណែត ស្រាយបំភ្លឺមកវិញ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា អ្នកនយោបាយខ្មែរគួរប្ដូរទម្លាប់រាល់ថ្ងៃចេញដើម្បីសង្គមកម្ពុជាមានសុខដុមនីយកម្ម និងការរួបរួមគ្នាពិតប្រាកដដោយមិនចាំបាច់ប្រើឱកាសបុណ្យទានទេ។
លោកបន្ថែម៖ «ឱកាសធម្មតាទូទៅក៏គួរតែចេះប្រើប្រាស់វោហារសាស្ត្រនយោបាយដោយផ្ដល់ការគោរព ការរិះគន់បែបស្ថាបនា ដើម្បីសង្គមមានការរួបរួមពិត ហើយសូមប្រើប្រាស់ដោយចង់ឃើញខ្មែររួបរួមគ្នាដោយពិតប្រាកដ»។
ចំណែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ១សប្ដាហ៍មកនេះ លោកបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យអាជ្ញាធរមានសមត្ថកិច្ចបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋអំឡុងពេលកាន់បិណ្ឌ។
បើតាមប្រមុខរដ្ឋាភិបាល៖ «នេះជាពេលវេលា១ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា»៕