មណ្ឌលគិរីៈ ​មន្ត្រី​បរិស្ថាន​បាន​ចុះទៅពិនិត្យ និង​ធ្វើការ​វាស់វែង​ដី ក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​ឃុំរ​យ៉ ស្រុក​កោះ​ញែក ​ខេត្តមណ្ឌលគិរី​ ក្រោយពី​សហគមន៍​នេះ​បាន​រាយការណ៍​ថា ​មាន​អ្នក​ចូល​លួច​កាប់ឆ្កា​រព្រៃឈើ​អស់​ប្រមាណ​ជិត​១០០​ហិកតា​។ ការចុះទៅ​វាស់វែង​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី១៦ ​និង ​១៧ ​ខែកញ្ញា ​ដោយ​មាន​ការចូលរួម​ពី​ប្រធាន​សហគមន៍​ផងដែរ​។

​លោក​កែវ សុភគ៌​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ បានឱ្យដឹង ​នៅ​ថ្ងៃទី១៨​ ខែកញ្ញា​ថា ​លោក​បាន​ប្រាប់​ទៅ​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ​នៅ​ស្រុក​កោះ​ញែក​ចុះទៅ​ធ្វើការ​ពិនិត្យ​ដល់ទី​តាំង​ភ្លាមៗ ​ក្រោយពី​ទទួលដំណឹង​ថា ​មាន​អ្នកចូល​លួច​កាប់​ឈើ​ដោយ​ខុសច្បាប់​ក្នុង​សហគមន៍​។

ទោះយ៉ាង​ណា ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន ​អះអាង​នៅ​ព្រឹក​ថ្ងៃទី១៨​ ខែកញ្ញា​ថា ​លទ្ធផល​នៃ​ការវាស់វែង​ នៅ​មិនទាន់​ដឹងថា​ ផ្ទៃដី​ដែល​បាន​ឈូសឆាយ​នោះ​មាន​ចំនួន​ប៉ុន្មាន​ហិកតា​នៅឡើយ​ទេ ​ប៉ុន្តែ ​លោក​បញ្ជាក់ថា ​សុំ​ណុំរឿង​នេះ​នឹង​បញ្ជូនទៅ​តុលាការ​[ដាក់​អញ្ញត្តិជន] ​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

​លោក​ថ្លែងថា​៖«យើង​បាន​ចុះទៅ​ហើយ​ជាមួយ​សហគមន៍ ​គឺ​ចុះទៅ​វាស់វែង​មើល​ តែ​អត់មាន​ឃើញ​មនុស្ស​ឃើញ​អី​ទេ​។ ប៉ុន្តែ​ទន្ទឹម​នោះ​ក៏​ក្រុមការងារ​យើង​កសាង​សំណុំរឿង​អញ្ញត្តិជន​ដាក់​ទៅ​តុលាការ​ដែរ​។ យើង​ចុះទៅ​រួចហើយ​កាលពី​ម្សិលមិញ​ម្សិល​ម៉្ងៃ​ហ្នឹង [ថ្ងៃទី១៦ ​និង​១៧​ ខែកញ្ញា]។​»

​លោក​លីន ម៉ៃ ​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ​ភូមិរ​យ៉​លើ ​ឃុំរយ៉ ​ស្រុក​កោះ​ញែក ​ខេត្ត​មណ្ឌលគិរី ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៨​ ខែកញ្ញា​ថា ​រូបលោក ​និង​ប្រជា​សហគមន៍​ចំនួន​ជាង​ ៣០​នាក់​បាន​ចុះទៅ​ល្បាត​ក្នុងព្រៃ​សហគមន៍ ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ បាន​ប្រទះឃើញ​ការកាប់​រានទន្ទ្រាន​ព្រៃឈើ​ចំនួន​២​កន្លែង ​ដោយ​១កន្លែង​មាន​ទំហំ​មិន​ក្រោម​ពី​៣០-៤០​ហិកតា​ទេ​។ ដើមឈើ​ដែល​ត្រូវបាន​កាប់​នោះ​ជាក់ស្តែង​នៅ​ថ្មីៗ​តែម្តង​។ លោក​ប្រធាន​សហគមន៍​ប្រាប់ថា ​ការចុះទៅ​ល្បាត​លើក​នេះ​ដោយសារតែ​មាន​ការអាក់ខាន​ចុះ​ល្បាត​មួយរយៈ​ដោយសារ​រវល់​កិច្ចការងារ​ផ្សេងៗ​។

​លោក​ថ្លែងថា​៖«តាម​ឃើញ​ជាក់ស្តែង ​ព្រៃ​ដែល​ជនខិលខូច​លួច​កាប់​នេះ​ គឺ​ទើប​កើតឡើង​ថ្មីៗ​ ប៉ុន្តែ​អត់​មាន​ឃើញ​ជនសង្ស័យ​ទេ ​ហើយ​ការបោះតង់ ​ឬ​ធ្វើ​កន្លែង​ស្នាក់នៅ​អី​ ក៏​អត់​ឃើញ​មាន​ដែរ​។ នៅ​ក្នុង​ព្រៃ​ជ្រៅ ​យើង​ក៏​មិនដឹង​ថា​ គេ​នៅ​កន្លែង​ណា​ដែរ ​បើ​គេ​ដេក​នៅ​ឆ្ងាយ​ពី​កន្លែង​កាប់​ហ្នឹង​ក៏​យើង​រក​មិនឃើញ​ដែរ ​កន្លែង​ហ្នឹង»។​

​លោក ​លីន ម៉ៃ ​ឱ្យដឹងទៀត​ថា ​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នេះ​ មាន​ទំហំ​៥ ០០០​ហិកតា ​មាន​ប្រជា​សហគមន៍​ចំនួន​៨០​គ្រួសារ​។ ប្រជាសហគមន៍​ចង់​ថែរក្សា​ដី​នេះ​ទុក​ឱ្យនៅ​គង់វង្ស​ដល់​អ្នកជំនាន់​ក្រោយ​បានដឹង​ពី​វប្បធម៌ ​ទំនៀម​ទម្លាប់ ​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​។ ជាមួយគ្នា​នោះ​ក៏​ថែរក្សា ​ដើម្បី​អ្នកជំនាន់​ក្រោយ​មួយចំនួន ​ដែល​មិនបាន​សិក្សា​រៀង​សូត្រ ​អាច​ពឹង​អាស្រ័យ​ដើមឈើ​ក្នុងព្រៃ​យកមក​ធ្វើ​លំនៅ ​និង​អាស្រ័យ​ផល​។

​លោក​ថ្លែងថា​៖«សហគមន៍​ខ្ញុំ​មានព្រៃ​តំណម ​មានព្រៃ​អារក្ស ​មានព្រៃ​កប់​សព ​និង​ដី​បម្រុង​ទុក ​ហើយ​ដីព្រៃ​ហ្នឹង ​មានតែ​រុករាន​ធ្វើ​ចម្ការ ​និង​ធ្វើស្រែ​អាច​បាន»។

​លោក​គ្រើង ​តុលា ​អ្នក​ប្រឹក្សា​យោបល់​ក្រុមការងារ​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី ​លើកឡើងថា ​តាម​ការកត់​សម្គាល់ ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​បរិស្ថាន​នៅ​ខេត្ត​មណ្ឌលគិរី ​ហាក់​ធ្វើឡើង​ដោយ​ស្តង់ដា​២​។ ទី​១ ​ចំពោះ​ប្រជាពលរដ្ឋ​គ្រាន់តែ​កាប់​បន្តិច​បន្តួច ​ក៏​អនុវត្ត​ច្បាប់​តឹងតែង ​ធ្វើទុក្ខ​បុក​ម្នេញ ​ឬ​ចាប់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​តែម្តង​។ ចំណែក​ទី​២ ​ការរត់​ច្បាប់ ​គឺ​អ្នកមាន​អំណាច​ អ្នកមាន​លុយ​ ឬ​ឈ្មួញ​ ជាដើម​នោះ ​ពួក​គាត់​មើល​មិន​ឃើញ​ឡើយ​។

​លោក​ថ្លែងថា​៖«ជាការកត់​សម្គាល់​របស់​ខ្ញុំ ​ចំពោះ​រឿង​ហ្នឹង ​ខ្ញុំ​គិតថា ​មិនគួរ​មន្ត្រី​មាន​សមត្ថកិច្ច​បណ្តែតបណ្តោយ​បែប​ហ្នឹង​ទេ ​ហើយ​វា​មិន​ដែលថា ​ទៅរក​មនុស្ស​កាប់​អត់​ឃើញ​ទេ​។ តាម​ខ្ញុំ ​ហ្នឹង​ប្រហែល​គាត់​មិនបាន​ចុះ​ទៅដល់​កន្លែង​ផង ​គាត់​ចេះតែ​និយាយ​ ចេះតែ​ថា​ហ្នឹង»។

​ពាកព័ន្ធ​ការលើកឡើង​នេះ​ លោក ​កែវ សុភគ៌ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ​បាន​លើកឡើងថា ​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ​មិនដែល​ទុក​ការងារ​ចោល​ទេ ​គ្រាន់តែ​ពេលខ្លះ​មាន​ការឆកល្វែង​ដោយសារ​ផ្ទៃដី​ធំ​ ហើយ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​មាន​ចំនួន​កំណត់​។

យ៉ាងណា​ក៏ដោយ​ លោក​បញ្ជាក់ថា ​មន្ត្រី​បរិស្ថាន ​នឹង​ចុះ​អនុវត្ត​ការងារ​ភ្លាមៗ ​នៅពេល​មាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ ​ឬ​ប្រភព​ណាមួយ ​ដើម្បី​អន្តរាគមន៍ ​និង​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ ជាក់ស្តែង ​ករណី​លួច​កាប់​ឈើ​នេះ ​លោក​បាន​បញ្ជា​ទៅ​មន្ត្រី​ឧទ្យានុរក្ស ​ចុះទៅ​ពិនិត្យ​មើល​វាស់វែង​ភ្លាមៗ​ ក្រោយ​ទទួលបាន​ព័ត៌មាន​៕