
គ្រោះអគ្គិភ័យកំពុងឆាបឆេះផ្ទះ១កន្លែងនៅក្នុងខណ្ឌឫស្សីកែវកាលពីថ្ងៃទី១៧កញ្ញា។ រូបថត នគរបាល
ភ្នំពេញ/សៀមរាបបុរសម្នាក់បានស្លាប់ ផ្ទះចំនួន៦ខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀត បានរងការខូចខាតយ៉ាងដំណំ ក្នុងគ្រោះអគ្គិភ័យ កាលពីថ្ងៃចុងសប្ដាហ៍ នៅក្នុងរាជធានី-ខេត្តចំនួន២ ។ នេះបើយោងតាម មន្ត្រីនគរបាលពន្លត់អគ្គិភ័យកាលពីថ្ងៃទី១៨ ខែកញ្ញា។
លោក គង់ ថុល អនុប្រធានការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ មានគ្រោះអគ្គិភ័យកើតឡើងចំនួន៥លើកផ្ទួនៗគ្នា បង្កការឆេះខូចខាតផ្ទះចំនួន៥ល្វែង ព្រមទាំងគ្រឿងសម្ភារនិងទ្រព្យសម្បត្តិ ជាច្រើនទៀត។ ក្នុងនោះ នៅខណ្ឌឫស្សីកែវ មានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន២លើក ឆេះខូចខាតផ្ទះចំនួន២ល្វែង នៅខណ្ឌច្បារអំពៅ បានកើតឡើងចំនួន២លើក ខូចខាតផ្ទះ២ល្វែង និងនៅខណ្ឌបឹងកេងកង បានកើតឡើងចំនួន១លើក ខូចខាតផ្ទះ១ល្វែង ។
លោកថ្លែងថា៖«តាមការបំភ្លឺរបស់ម្ចាស់ផ្ទះនិងសាក្សីនៅក្បែរទីតាំងកើតហេតុ ករណីគ្រោះអគ្គិភ័យទាំង៥លើកក្នុងថ្ងៃតែ១នេះ គឺបណ្ដាលមកពីការផ្ទុះឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែពុំមានជនរងគ្រោះណាម្នាក់ស្លាប់ឬរងរបួសនោះឡើយ»។
ចំណែកលោក គង់ សុខជឿន មេឃុំអន្លង់សំណ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បុរសម្នាក់ឈ្មោះ រៀល វត្តន៍ អាយុ៤៣ឆ្មាំ មានលំនៅភូមិ តាគឹមក្រោម ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានខ្សែភ្លើងឆក់បណ្ដាលឱ្យរងរបួសធ្ងន់ ហើយស្លាប់ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់បានចូលរួមជួយពន្លត់អគ្គិភ័យ ភ្លើងឆេះផ្ទះអ្នកជិតខាងរបស់គាត់ម្នាក់ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
លោកសុខជឿនបាននិយាយថា៖« បន្ទាប់ពីពន្លត់ភ្លើងរួចហើយនោះ ជនរងគ្រោះបានទៅស្រាវខ្សែភ្លើងទុក ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ តែខ្វះការប្រុងប្រយ័ត្ន គាត់ក៏ត្រូវខ្សែភ្លើងឆក់បណ្ដាលឱ្យដួលសន្លប់បាត់ស្មារតី ហើយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បានពាក់កណ្ដាលផ្លូវ»។
បើតាមលោកសុខជឿន ផ្ទះដែលឆេះនោះមានទំហំ ៦ម៉ែត្រx៨ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង មានម្ចាស់ ឈ្មោះ សេង គុយ អាយុ ៤៩ឆ្នាំ។ ផ្ទះនោះត្រូវបានចាក់សោទ្វារចោល ព្រោះម្ចាស់ជាប់រវល់ទៅធ្វើការនៅឯភ្នំពេញ។
ជុំវិញបញ្ហាគ្រោះអគ្គិភ័យនេះដែរ លោក នេត វន្ថា ប្រធាននាយកដ្ឋាន បង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាប្រចាំ ដោយត្រូវពន្លត់ភ្លើងចង្ក្រានបន្ទាប់ពីដាំស្លរួច និង ត្រូវបិទភ្លើងអគ្គិសនី ព្រមទាំងពន្លត់ភ្លើងទៀន ធូប មុនពេលចាកចេញពីផ្ទះ៕