
សកម្មភាពមន្ត្រីដាំដើមឈើ នៅតាមដីឡូត៍ នៅតំបន់រុនតាឯក ខេត្តសៀមរាប នាថ្ងៃទី ១៧ កញ្ញា។ រូបថត FB
សៀមរាបៈ មន្ត្រីបរិស្ថានបានជួយត្រួសត្រាយព្រៃនៅតំបន់រុនតាឯកចំនួន ៣៥១ ហិកតារួចហើយ និងបានដាំដើមឈើហូបផ្លែ នៅតាមដីឡូត៍ប្រជាពលរដ្ឋបានចំនួន ៧១ ឡូត៍ និងកំពុងបន្តដាំរហូតដល់គ្រប់ចំនួន ២៥៥ ឡូត៍ ក្នុងជំហានដំបូង។ នេះបើតាមប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែកញ្ញាថា៖ «ដើម្បីជួយគាំទ្រទៅដល់ក្រសួងដែនដី អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្ត ទៅលើការត្រួសត្រាយព្រៃ នៅក្នុងជំហានទី១ នេះ យើងបានត្រាយព្រៃ ៣៥១ ហិកតា រួចហើយដោយមានកម្លាំងមន្ត្រីឧទ្យានុរក្ស មន្ត្រីមន្ទីរ និងប្រជាជនក្នុងសហគមន៍ចូលរួមត្រាយ»។
លោកប្រធានមន្ទីរបានឱ្យដឹងថា ជាមួយគ្នានេះមន្ត្រីបរិស្ថាន ក៏បានចូលរួមជួយដាំដើមឈើឡើងវិញ នៅទីតាំងដីដែលបានរុះរើចេញ ព្រមទាំងជួយដាំដំណាំហូបផ្លែនៅលើដីឡូត៍ប្រជាពលរដ្ឋក្នុងតំបន់រុនតាឯកផងដែរ។ លោកប្រាប់ថា ដំណាំហូបផ្លែទាំងនោះមាន ១២ ប្រភេទ និងដាំដុះនៅតាមដីឡូត៍នីមួយៗចំនួន ១៩ ដើម ក្នុង ១ ឡូត៍ និងដាំបានចំនួន ៧១ ឡូត៍រួចហើយ។ ដើមឈើហូបផ្លែទាំងនោះមានដើមដូង [ដូងក្រអូប] ដើមម្កាក់ ស្អំ ឫស្សីផ្អែម ស្តៅ ព្រីង មៀន ជាដើម។
លោក ស៊ុន គង់ថ្លែងថា៖ «នេះជាការគិតគូរមួយរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម សាយ សំអាល់ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅពេលដែលដើមឈើនេះធំឡើង និងហុចផលមកវិញ។ ជំហានទី១ ហ្នឹង គឺក្នុងទំហំ ២៥៥ ឡូត៍ គឺក្រសួងបរិស្ថានបានគាំទ្រលើដំណាំឈើហូបផ្លែហ្នឹងក្នុងដីឡូត៍របស់គាត់[ប្រជាពលរដ្ឋ]។»
លោកឱ្យដឹងទៀតថា ក្រៅពីគាំទ្រនៅតំបន់រុនតាឯក មន្ត្រីបរិស្ថាន ក៏បានជួយគាំទ្រក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជារដ្ឋបាលខេត្តសៀមរាបក្នុងការចូលជាកម្លាំងជួយរុះរើប្រជាពលរដ្ឋមួយចំនួនដែលមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការរុះរើ តូប ឬក្យូស របស់ពលរដ្ឋនៅភូមិទក្សិណត្បូង និង ភូមិត្រពាំងសេះផងដែរ។
លោក ហាយ យុង តំណាងក្រុមការងារតម្រង់ទិស ឱ្យដឹងនៅថ្ងៃទី ១៨ ខែកញ្ញាថា មានប្រជាពលរដ្ឋគ្រប់លក្ខខណ្ឌ និងបានចាប់ឆ្នោតដើម្បីទទួលបានដីឡូត៍នៅតំបន់រុនតាឯក មានជិត ២ ០០០ គ្រួសារហើយ។ នៅថ្ងៃចន្ទទី ១៩ ខែកញ្ញា នឹងមានការចាប់ឆ្នោតបន្ថែមទៀតជូនប្រជាពលរដ្ឋនៅភូមិវាលប្រមាណ ៣០០ គ្រួសារបន្ថែមទៀតផងដែរ។
បើតាមលោក ហាយ យុង ប្រជាពលរដ្ឋដែលត្រូវរុះរើចេញពីតំបន់អង្គរស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ជាគោលការណ៍ គឺត្រូវធ្វើការរុះរើសំណង់ណាដែលកកើតឡើងនៅក្រោយឆ្នាំ ២០០៤ ព្រោះនៅមុនឆ្នាំ ២០០៤ គឺស្ថិតក្នុងបញ្ជីជំរឿនរបស់អង្គការយូណេស្កូ ដែលគេចាត់ទុកជាសំណង់ដែលបានចុះបញ្ជីជាមួយនឹងប្រាសាទអង្គរ។ លោកបញ្ជាក់ថា ដោយឡែក សំណង់ដែលបានសង់ក្រោយឆ្នាំ ២០០៤ គឺជាប្រភេទសំណង់ដែលខុសច្បាប់ ដែលស្ថិតក្នុងការពិចារណា ក្នុងការផ្តល់ជាគោលនយោយបាយទទួលបានដីឡូត៍ ឬក៏ត្រូវរុះរើចេញ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរជាតិអប្សរា គាត់នឹងពិចារណាថា តើសំណង់ណា ប្លុកណា ដែលជាហានិភ័យខ្ពស់ អាហ្នឹងគេនឹងមើលជាប្រភេទតំបន់ហើយ បានយើងធ្វើចលនា។ ជាក់ស្តែងយើងឃើញមាននៅតំបន់ដែលមានហានិភ័យខ្ពស់ស្ថិតក្រោមការទទួលស្គាល់របស់អង្គការយូណេស្កូតម្រូវឱ្យយើងធ្វើចលនារុះរើហ្នឹងមាន៣តំបន់ហើយ គឺនៅភូមិទក្សិណខាងត្បូង ភូមិវាល និងភូមិត្រពាំងសេះ។»
លោកបញ្ជាក់ថា ក្រៅពីតំបន់ទាំង ៣ ដែលបានលើកឡើងមកនេះ ក្រុមការងារតម្រង់ទិសនឹងពិនិត្យមើលជាក់ស្តែងបន្តទៀត ដើម្បីដឹងថា តំបន់ណាដែលមានហានិភ័យខ្ពស់ ខុសលក្ខខណ្ឌរបស់អង្គការយូណេស្កូ ហើយតម្រូវឱ្យមានការរុះរើចេញនោះ៕