
ជនពិការ ១ ក្រុមកំពុងស្មូត «បរាភវសូត្រ»។ រូបថត សហការី
ភ្នំពេញៈ នៅក្នុងឱកាសដែលពុទ្ធបរិស័ទកំពុងកាន់បិណ្ឌជនមានពិការភាព ១ ក្រុមបានលើកយកបទ «បរាភវសូត្រ» មកស្មូត ដើម្បីធ្វើការអប់រំនិងដាស់ស្មារតីយុវជនឱ្យចាប់អារម្មណ៍អំពីសេចក្ដីវិនាស ១២ប្រការ ក្នុងព្រះពុទ្ធសាសនា និងដើម្បីរួមចំណែកអភិរក្សព្រះពុទ្ធសាសនា ជាពិសេស គឺចំណេះដឹងដែលកើតចេញពីឱវាទព្រះពុទ្ធ។
មានគ្នា៧នាក់ពិការភាព២នាក់និង៥នាក់ទៀតហែហមលោក ណូន សុខ ដែលជាជនពិការភ្នែក និងជាអ្នកសម្របសម្រួលការសូត្រលើកឡើងថា លោកនិងក្រុមការងារដែលមានឈ្មោះថា «កេរ» បានផលិតជាវីដេអូអំពីការសូត្របរាភវសូត្រចំនួន ១២ ភាគ ឱ្យស្របនឹងសេចក្ដីវិនាសទាំង ១២ ប្រការ ក្នុងព្រះពុទ្ធសាសនា។
យោងតាមវីដេអូភាគទី១ ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក «កេរ» លោក ណូន សុខ បានប្រាប់ពីគោលបំណងក្នុងការសូត្របរាភវសូត្រយ៉ាងដូច្នេះ៖ «បរាភវសូត្រជាបទសូត្រមួយដែលនិយាយពីសេចក្ដីវិនាសទាំង ១២។ ដើមឡើយមានទេវតាជាច្រើនលានកោដ្ឋអង្គបានស្ដាប់មង្គល ៣៨ ប្រការរួច ទើបគិតនាំគ្នាស្វែងយល់ពីសភាវផ្ទុយពីមង្គល ៣៨ ប្រការ ក៏ចុះមកម្ដងទៀតសាកសួរអំពីសភាវផ្ទុយ ហើយព្រះអង្គសំដែងអំពីប្រធាននូវសេចក្ដីវិនាសទាំង ១២ យ៉ាង»។
ជាទូទៅគេតែងឮបទស្មូតបរាភវសូត្រ នារដូវកាន់បិណ្ឌនៅពេលទៀបភ្លឺ ចន្លោះម៉ោង៣កន្លះដល់ម៉ោង ៤ ព្រឹក អំឡុងពេលបោះបាយបិណ្ឌដើម្បីឱ្យអ្នកទៅចូលរួមបានស្ដាប់និងពិចារណា។ លោក ណូន សុខ បន្តថា៖ «គេក៏អាចយកធម៌បរាភវសូត្រនេះ ទៅស្មូត នៅក្នុងពិធីបុណ្យផ្សេងៗទៀតបានដែរតួយ៉ាងបុណ្យបច្ច័យ ៤ កឋិន ប៉ុន្តែគេគ្មានពេលស្ដាប់ធម៌នេះទេ។ អ៊ីចឹងអ្នកប្រាជ្ញក៏យល់ថា គួរសូត្រស្មូត្រនេះ ពេលបោះបាយបិណ្ឌ ព្រោះមនុស្សមកជុំគ្នានឹងបានស្ដាប់»។
លោក ណូន សុខ គូសបញ្ជាក់ទៀតថា ចង់បញ្ជ្រាបយុវជនឱ្យយល់កាន់តែច្បាស់ ពីពាក្យវិនាសទាំង ១២ ប្រការថា មានអ្វីខ្លះនិងឱ្យយុវជនចាប់អារម្មណ៍អំពីសេចក្ដីវិនាសទាំងឡាយ ក្រៅពីបរាថា មានធម៌ផ្សេងទៀតក្នុងព្រះពុទ្ធសាសនា។
លោកបន្ថែមថា៖ «យើងមិនរំពឹងថា មានការចាប់អារម្មណ៍ពីយុវជនទេ បើសូម្បីតែយើងរៀននៅសាលាធម្មតាក៏យើងអនុវត្តតាមអ្វីដែលគ្រូប្រាប់មកមិនអស់ផង ចុះទម្រាំសភាពតឹងតែងដូចខ្លឹមសារក្នុងបទបរាភវសូត្រមានវិនាសទី៣ អ្នកដេកគិតព្រួយ អត់គិតប្រឹងប្រែង អ្នកខ្ជិលច្រអូស មិនប្រឹងខ្នះខ្នែង»។
ប៉ុន្តែយ៉ាងណាមិញ លោក ណូន សុខ មិនអស់សង្ឃឹមឡើយ ដោយជឿលើកិច្ចប្រឹងប្រែងរបស់ខ្លួននិងក្រុមការងារយ៉ាងដូច្នេះថា៖ «ការចាប់ផ្ដើមធ្វើប្រសើរជាងមិនបានធ្វើអ្វីសោះ»។
លោក វិន វិចិត្រ ប្រធានក្រុមកេរថ្លែងថា ការស្វែងយល់ពីវិនាសទាំង ១២ សំខាន់និងចាំបាច់ ក្នុងនាមជាយុវជនព្រោះវិនាសទាំង ១២ នេះ មិនចំពោះតែមនុស្សចាស់ទេ ពោលសម្រាប់មនុស្សគ្រប់រូប។ លោកបន្ថែម៖ «បើសិនយើងជាយុវជនចង់ក្លាយជាធនធានមនុស្សល្អសម្រាប់ថ្ងៃក្រោយគួរចៀសវាងវិនាសទាំងអស់ហ្នឹង ឧទាហរណ៍មិនត្រូវប្រព្រឹត្តល្បែងស្រីស្រា មិនត្រូវត្រួសច្បាប់ ឬត្រួសធម៌ជាដើម»។
លោក វិចិត្រ ដែលពិការភ្នែកបានគូសបញ្ជាក់ទៀតថា តាមរយៈការស្មូតបរាភវសូត្រនេះឡើង ក្រុមកេរចង់បង្ហាញទៅយុវជន មួយចំនួន កុំត្រេកត្រអាលនឹងវប្បធម៌បរទេស ដែលនាំឱ្យប៉ះពាល់ដល់សង្គម ខ្លួនឯង និងគ្រួសារ ហើយគួរងាកមកសិក្សាអំពីវប្បធម៌ខ្លួនឯង ព្រោះព្រះពុទ្ធជាសាសនារបស់រដ្ឋដែលខ្មែរគោរពប្រតិបត្តិជាយូរមកហើយ។
សម្រាប់លោក វិន វិចិត្រ វិនាសទាំង ១២ ជាមេរៀនជីវិតដែលមនុស្សគ្រប់រូបគួរតែរៀនមិនថា ក្មេង ចាស់ ឬយុវជនឡើយ។
លោកថា៖ «ជីវិតមនុស្សទាំងពិការ និងមិនពិការ តែងភ្លេចខ្លួននឹងរឿងមួយចំនួន ដែលកើតឡើងប្រចាំថ្ងៃដូចជាការខ្ជិលច្រអូស វង្វេងនឹងការលេងល្បែងស៊ីសង។ វាជារឿងតូច ជារឿងសាមញ្ញ ក៏ប៉ុន្តែវាជាចំណែកមួយដែលអាចបំផ្លាញជីវិតយើងដោយមិនដឹងខ្លួន ហើយត្រូវចាំថា របស់ដែលបំផ្លាញយើង ដែលអត់ដឹងខ្លួន គឺជារឿងតូចតាចនេះឯង ព្រោះដោយសារអត់ដឹង និងគិតតែរឿងធំៗ»។
ចុងក្រោយលោកវិចិត្រចង់ឃើញ បទបរាភវសូត្រ ត្រូវគេលើកយកទៅសូត្រផ្សព្វផ្សាយឱ្យបានទូលំទូលាយ មិនចាំបាច់សូត្រតែក្នុងវត្តទេ ព្រោះលោកមើលឃើញថា អត្ថន័យនៃបទបរាភវសូត្រ អំពីវិនាសទាំង ១២ នេះ កំពុងកើតឡើងលើយុវជនខ្មែរនាពេលបច្ចុប្បន្ន។
ព្រះភិក្ខុ ញ៉េប តាត គង់ក្នុងវត្តឧណ្ណាលោម មានថេរដីកាថា គ្រប់គ្នាសុទ្ធតែអាចសូត្របរាភវសូត្របាន ដោយមិនប្រកាន់ថា ជាសង្ឃឬគ្រហស្ថឡើយ (ជនធម្មតា មិនឧត្តម មិនខ្ពង់ខ្ពស់) ឱ្យតែចេះអានអក្សរ។ ព្រះភិក្ខុមានថេរដីកាបន្តថា៖ «ធម្មបរាហ្នឹងអាត្មាឃើញយុវជនយល់បានច្រើនព្រោះងាយយល់ ងាយស្ដាប់ ដោយសារជាប់ទាក់ទងនឹងខ្សែជីវិតរស់នៅប្រចាំថ្ងៃថា តើអ្វីទៅដែលធ្វើឱ្យយើងលំបាកអន្តរាយ»៕