
កូនអ្នកភូមិកំពុងដើរឆ្លងកាត់ផ្លូវលិចទឹក នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី ១៧ កញ្ញា។ រូបថត ក្រសួងធនធានទឹក
បន្ទាយមានជ័យ/ឧត្តរមានជ័យៈ ជំនន់ទឹកភ្លៀងបានបង្កការជន់លិចនិងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន ២៥ គ្រួសារ នៅស្រុកចុងកាល់ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ខណៈនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជន់លិចប៉ះពាល់ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ។ នេះបើយោងតាម មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន។
លោក ញើន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែកញ្ញាថា ផ្ទះប្រជាពលរដ្ឋចំនួន ២៥ ខ្នង និងកំណាត់ផ្លូវលំមួយចំនួន ស្ថិតនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ និងឃុំព្រះប្រឡាយ ក្នុងស្រុកត្រពាំងប្រាសាទ បានរងការជន់លិចដោយជំនន់ទឹកភ្លៀង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២។
ការជន់លិចនេះ គឺបណ្ដាលមកពីប្រព័ន្ធលូតូចចង្អៀត ខណៈបរិមាណទឹកភ្លៀង ដែលបានធ្លាក់ក្នុងកម្រិតពី ១៣៥-២៤៤ មិល្លីម៉ែត្រ ។
លោកបានថ្លែងថា៖ «ដោយសារតំបន់នោះ ជាតំបន់ភ្នំនិងខ្ពង់រាប ការជន់លិចដោយជំនន់ទឹកភ្លៀងគឺ មិនយូរនោះទេ។ ឥឡូវនេះទឹកវាបានស្រកទៅវិញជាបណ្ដើរៗហើយ»។
ចំណែកលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី នៃខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទឹកដែលបានហូរធ្លាក់ពីស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបង្កឱ្យមានការជន់លិចផ្លូវនិងលំនៅឋានប្រជាពលរដ្ឋជាច្រើនគ្រួសារ។
លោកថ្លែងថា៖ «នៅពេលនេះទឹកបានជន់លិចប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណ ៥០ គ្រួសារ នៅក្នុងឃុំ ចំនួន ៣ គឺ ឃុំសឿ ឃុំរហាត់ទឹក និងឃុំចំណោម។ ប៉ុន្តែនៅមិនទាន់ធ្ងន់ធ្ងរ នៅឡើយទេ»។
បើតាមលោក ដាស៊ីណង់ នៅពេលនេះ ស្ថានភាពទឹកហាក់ដូចជានៅទ្រឹង ហើយអាកាសធាតុផ្ទៃមេឃស្រឡះ មិនមានភ្លៀងធ្លាក់នោះទេ៕