ភ្នំពេញៈ ការសិក្សា​របស់​អង្គការ​ Water Aid ​កម្ពុជា ​និង​សាកលវិទ្យាល័យ​អនាម័យ ​និង​វេជ្ជសាស្ត្រ​ត្រូ​ពិក​នៃ​ទីក្រុង​ឡុងដ៍​ (LSHTM) រកឃើញ​ថា ​ការលើកកម្ពស់​ទឹកស្អាត ​និង​អនាម័យ​ប្រកបដោយ​បរិយាប័ន្ន ​គឺជា​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​សម្រាប់​ជន​មាន​ពិការភាព ​ដោយ​រំពឹងថា ​លទ្ធផល​នេះ ​នឹង​ជំរុញ​បន្ថែម​ក្នុង​ការអនុវត្ត​គោល​នយោ​បាយ​ផ្គត់ផ្គង់​ទឹកស្អាត ​និង​ការលើក​កម្ពស់​អនាម័យ​ សម្រាប់​ជន​មាន​ពិការភាព​នៅ​កម្ពុជា។

នេះ​គឺជា​ការសិក្សា​បែប​គុណភាព​ ដែលមាន​រយៈពេល​២​ឆ្នាំ ​ចាប់ផ្តើម​ពី​ឆ្នាំ ២០២១ ​ដល់​ឆ្នាំ ២០២២។ ការសិក្សា​នេះ​ បាន​ជ្រើស​រើស​ជន​មាន​ពិការភាព​ផ្សេងៗ​គ្នា​ចំនួន​ ១៦ រូប ​អ្នក​ថែទាំ​ជន​មាន​ពិការភាព​ ៤ រូប​ នៅ​ខេត្ត​ស្វាយរៀង ​និង​ខេត្ត​កំពង់​ឆ្នាំង​ ព្រមទាំង​ជ្រើសរើស​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ ​និង​ថ្នាក់ក្រោម​ជាតិ​៧រូប ​និង​តំណាង​អង្គការ​ដៃគូ​ចំនួន​ ១០ ​ដែល​កំពុង​ធ្វើ​កិច្ចការ​លើក​កម្ពស់​បញ្ហា​ទឹកស្អាត ​អនាម័យ ​និង​ការងារ​ពិការភាព​នៅ​កម្ពុជា។

តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ១៥ ​កញ្ញា បាន​បង្ហាញថា ​២,១ ភាគរយ​នៃ​ប្រជាជន​កម្ពុជា ​ដែលមាន​អាយុ​លើស​ពី ​៥ ឆ្នាំ​ គឺ​មាន​ពិការភាព ​ខណៈ​ជន​មាន​ពិការភាព​ ជួប​ប្រទះ​នឹង​កម្រិត​ភាពក្រីក្រ​ខ្ពស់ជាង​ជន​ដែល​មិនមាន​ពិការភាព ​ហើយ​ជារឿយៗ ​ត្រូវបាន​ផាត់​ចេញពី​ការទទួល​បាន​ការអប់រំ ​និង​សេវា​សុខភាព។

ការសិក្សា​ដដែល​ឱ្យដឹងថា​ នៅ​ប្រទេស​កម្ពុជា ​ស្ទើរ​តែ ​១ ភាគ ៣ នៃ​ប្រជាជន​ទាំងអស់ ​មិន​ទទួលបាន​ការផ្គត់​ផ្គង់​ទឹក​ស្អាត ​និង​អនាម័យ​កម្រិត​មូលដ្ឋាន​ទេ ​ហើយ​ប្រជាជន​ ២៦ ភាគរយ ​មាន​កង្វះ​អនាម័យ​ជា​មូលដ្ឋាន។ លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ និង​អនាម័យ​សម្រាប់​ជន​មាន​ពិការភាព​ក្នុង​ប្រទេស​កម្ពុជា ​មាន​ការលំបាក ​ដោយសារ​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ លទ្ធភាព​មាន​កំណត់ ​និង​ចម្ងាយ​ទៅកាន់​ប្រភព​ទឹក ​និង​បង្គន់​អនាម័យ។

ការសិក្សា​បង្ហាញថា​៖ «ការអនុវត្ត​ការប្ដេជ្ញាចិត្ត​គោល​នយោបាយ ​ដែលមាន​បរិយាប័ន្ន​ពិការភាព ​តម្រូវឱ្យ​មាន​ជំហាន​ច្បាស់​លាស់ ​និង​ជាប់​លាប់។ ជន​មាន​ពិការភាព​ជួបប្រទះ​ការរើសអើង​ក្នុង​គ្រប់​វិស័យ​នៃ​ជីវិត។ ចំណុច​ខាង​ក្រោម​ចាំបាច់​ត្រូវ​យក​មក​ពិចារណា​ដោយ​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​ទឹកស្អាត​ និង​អនាម័យ ​ដើម្បី​ជួយ​ដោះស្រាយ​ការរើសអើង ​និង​ការផាត់​ចេញ​ជន​មាន​ពិការភាព»។

ការសិក្សា​នេះ​ ក៏បាន​លើក​អនុសាសន៍​ជាច្រើន ​ដោយ​ថា ​សកម្មភាព​សំខាន់ៗ​ទាំងនេះ​ចាំបាច់​ត្រូវ​កែសម្រួល​សម្រាប់​បរិបទ​នីមួយៗ ​និង​កំណត់​ដោយ​ការសហការ​ជាមួយ​អង្គការ​តំណាង​ជន​មាន​ពិការភាព ​និង​អង្គការ​ផ្តល់​សេវា​កម្ម​ផ្សេងៗ។ ដើម្បី​សម្រេចបាន​នូវ​សកម្មភាព​ទាំងនេះ ​ទាមទារ​ឱ្យមាន​ការសហការ​ធ្វើការ​ជា​ប្រព័ន្ធ។ វិធីសាស្ត្រ​ដែល​កាន់តែ​ក្បោះក្បាយ​ជាង​នេះ ​ត្រូវ​សម្រេចឱ្យ​បាន​ជាបណ្ដើរៗ​នូវ​សិទ្ធិ​ទទួលបាន​ទឹកស្អាត ​និង​អនាម័យ ​សម្រាប់​ជន​មាន​ពិការភាព ​ដែល​អាច​ធ្វើឱ្យ​ជីវិត​របស់​ជន​មាន​ពិការភាព​មាន​ភាពប្រសើរ​ឡើង។

លោក​ស្រី ​ផេង ​ប៉ារ៉ូហ្ស៊ីន ​ប្រធាន​គម្រោង​កម្មវិធី​លើកកម្ពស់​បរិយាប័ន្ន​ នៃ​អង្គការ ​Water Aid ​កម្ពុជា ​និយាយថា ​ការសិក្សា​ពី​ការផ្សារភ្ជាប់​គោលការណ៍​ណែនាំ​ថ្នាក់ជាតិ​ស្តីពី​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត ​និង​ការលើកកម្ពស់​អនាម័យ​សម្រាប់​ជន​មាន​ពិការ​ភាព​ជាមួយ​នឹង​ការអនុវត្ត​បទពិសោធ​កម្ពុជា ​បានធ្វើ​ឡើង​ក្នុង​គោលបំណង​ជួយ​កែលម្អ​ការរួមបញ្ចូល​ពិការភាព ​ការបង្កើត​គោល​នយោបាយ​ទឹកស្អាត ​និង​អនាម័យ​ ដែល​ផ្សារភ្ជាប់​នឹង​សមភាព​យេនឌ័រ​នៅ​ប្រទេស​មាន​ចំណូល​ទាប​ និង​មធ្យម​។ លោកស្រី ​បន្តថា ​ទន្ទឹម​នឹង​នេះ ​រដ្ឋាភិបាល​អាច​បញ្ជ្រាប​គោលការណ៍​ណែនាំ​ស្តីពី​ទឹកស្អាត ​និង​អនាម័យ​ប្រកបដោយ​បរិយា​ប័ន្ន​ក្នុង​ទ្រង់ទ្រាយ​ធំ។

លោកស្រី​ ផេង ​ប៉ារ៉ូហ្ស៊ីន ​បញ្ជាក់ថា​៖ «របក​គំហើញ​នៃ​ការសិក្សា​បានបង្ហាញ​ថា ​លទ្ធភាព​ប្រើប្រាស់​ហេដ្ឋា​រចនាសម្ព័ន្ធ ​ព្រម​ទាំង​សេវាកម្ម​ទឹកស្អាត​ និង​អនាម័យ​សម្រាប់​ជន​មាន​ពិការភាព​នៅ​មាន​កម្រិត​ទាប ​ហើយ​មានតែ​ព័ត៌មាន​តិចតួច​ប៉ុណ្ណោះ​ដែល​អ្នក​ថែទាំ​ជន​មាន​ពិការភាព​ទទួលបាន​ជំនួយ»។

លោកស្រី​បន្តថា​៖ «ការស្រាវជ្រាវ​បែប​គុណ​វិស័យនេះ ​មាន​គោល​បំណង​សិក្សា​ពី​ការអនុវត្ត​គោល​គំនិត​ស្នូល​ នៃ​សិទ្ធិមនុស្ស​តាមរយៈ​សេវា​ទឹកស្អាត​ និង​អនាម័យ​ពី​ទស្សនៈ​របស់​មន្ត្រី​រដ្ឋាភិបាល ​អ្នកផ្តល់​សេវា ​និង​សមាជិក​សហគមន៍​ដែល​ប្រើប្រាស់​ទឹកស្អាត​ និង​អនាម័យ»។

កញ្ញា ​ងួន សុភ​កណិកា ​ទីប្រឹក្សា​បច្ចេកទេស​ឯករាជ្យ​របស់​គម្រោង​សិក្សា ​លើកឡើង​ពី​លទ្ធផល​សិក្សា​ថា ​ជន​មាន​ពិការភាព​នៅតែ​ជួប​ការលំបាក​ក្នុង​ការទទួល​សេវា​ទឹកស្អាត​ និង​អនាម័យ​ក្នុង​គ្រួសារ។ ស្ត្រី​មាន​ពិការភាព​ នៅ​ជួប​បញ្ហា​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹកស្អាត ​និង​អនាម័យ ​ដែល​ចាត់ទុក​ជា​ជន​ងាយ​រងគ្រោះ​ ពិបាក​ប្រើប្រាស់​ហេដ្ឋា​រចនាសម្ព័ន្ធ​ទឹកស្អាត​ និង​អនាម័យ​។

កញ្ញា​បន្តថា ​ការសិក្សាក៏បាន​រកឃើញ​ដែរ​ថា​ ជន​មាន​ពិការភាព​ជាច្រើន​ មិនបាន​លាង​សម្អាត​រាង​កាយ​ឱ្យបាន​ញឹកញាប់​តាម​ពួកគេ​ចង់បាន​នោះទេ​ ជាពិសេស​ពឹងផ្អែក​លើ​អ្នក​ថែទាំ ​ដូចជាសកម្មភាព​ងូតទឹក​ ការប្រើប្រាស់​បន្ទប់ទឹក​ និង​ការបោកគក់​សម្លៀក​បំពាក់​ជាដើម។

កញ្ញា​និយាយថា​៖ «ក្រុម​គោលដៅ​ដែល​បានផ្តល់​សម្ភាស​បាន​លើកឡើងថា ​ពួកគេ​ចង់បាន​បង្គន់​ធំ​ជាង​នេះ ​ដើម្បីឱ្យ​រទេះ​រុញ​អាច​ចូលទៅ​ក្នុង​បន្ទប់ទឹក ​ហើយ​បន្ទប់ទឹក​ដែល​ប្រើប្រាស់​កន្លងទៅ ​ពុំទាន់​មាន​ជម្រាល​បង្ក​ភាពងាយ​ស្រួល។ មួយ​វិញ​ទៀត​ពាក់ព័ន្ធ​នឹង​បញ្ហា​កង្វះខាត​ថវិកា​ ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ»។

លោក ​លន់ ​សាយតេង ​ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​និយាយថា ​ការគាំទ្រ​ដល់​ជន​មាន​ពិការភាព​ក្នុង​វិស័យ​ទឹកស្អាត​ និង​អនាម័យ ​ពិតជា​សំខាន់ ​ដើម្បី​ឆ្លើយតប​ទៅនឹង​គោល​នយោបាយ​លើកកម្ពស់​ទឹក​ស្អាត ​និង​អនាម័យ​របស់​រាជ​រដ្ឋាភិបាល។

លោក​បញ្ជាក់ថា​៖ «បច្ចុប្បន្ន​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​កំពុង​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​លើ​បញ្ហា​ការដាក់​បញ្ចូល​ទឹកស្អាត​ និង​អនាម័យ​ប្រកប​ដោយ​បរិយាប័ន្ន​ សម្រាប់​ជន​មាន​ពិការភាព ​ដោយសារ​ជន​មាន​ពិការ​ភាព ជា​ក្រុម​មនុស្ស​ងាយ​រងគ្រោះ។ ​​អាទិភាព​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹកស្អាត​ និង​អនាម័យ ​គឺ​គ្រប់គ្នា​ត្រូវ​ចូលរួម​គាំទ្រ​ដ​ល់លទ្ធភាព​ទទួលបាន​ទឹក​ស្អាត​ និង​អនាម័យ​ប្រក​ដោយ​សមធម៌ ​យេនឌ័រ ​និង​បរិយាប័ន្ន»។

បើ​តាម​លោក ​លន់ សាយតេង ​បច្ចុប្បន្ន ​រដ្ឋាភិបាល ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើការ​ក្នុង​វិស័យ​ទឹកស្អាត​ និង​អនាម័យ​ កំពុង​ធ្វើការ​យ៉ាង​មមា​ញឹក​ ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ទឹកស្អាត​ និង​អនាម័យ​សម្រាប់​ប្រជាជន ​តាមរយៈ​កិច្ច​អន្តរាគមន៍​ផ្សេងៗ​គ្នា។

ក្រសួង​អភិវឌ្ឍន៍​ជនបទ ​ក៏បាន​អនុម័ត​គោលការណ៍​ណែនាំ​ជាតិ​ស្ដីពី​ការលើក​កម្ពស់​ការផ្គត់ផ្គង់​ទឹក​ស្អាត ​និង​អនាម័យ ​សម្រាប់​ជនពិការភាព​ និង​មនុស្ស​ចាស់​នៅ​ឆ្នាំ ២០១៧ ​ដោយបាន​ផ្សព្វផ្សាយ ​និង​ផ្ដល់​ការកសាង​សមត្ថភាព​ដល់​អ្នកអនុវត្ត​ក្នុង​វិស័យ​ទឹកស្អាត​ និង​អនាម័យ ​ដូចជា​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត ​និង​អង្គការ​ដែល​កំពុងធ្វើការ​ពាក់ព័ន្ធ​ជាមួយ​វិស័យ​ទឹកស្អាត​ និង​អនាម័យ​ផង​ដែរ៕