
លោក វេង សាខុន ក្រុមមន្ត្រី និងនិស្សិតទៅសិក្សានៅអ៊ីស្រាអែល។ រូប ក្រសួងកសិកម្ម
ភ្នំពេញៈ គិតតាំងពីឆ្នាំ ២០០៨ មកដល់ពេលបច្ចុប្បន្ន តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ដែលមានសាកលវិទ្យាល័យភូមិន្ទកសិកម្មជាមួយក្រុមហ៊ុន Agrostudies របស់អ៊ីស្រាអែល កម្ពុជាបានបញ្ជូននិស្សិតផ្នែកកសិកម្មទៅហាត់ការនៅប្រទេសអ៊ីស្រាអែល មានចំនួន ១ ៧១៩ នាក់ ខណៈកម្ពុជាត្រូវការធនធានមនុស្សផ្នែកវិស័យកសិកម្ម ដែលមានសក្តានុពលទាំងចំណេះជំនាញ និងបទពិសោធ។ នេះបើតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន បានលើកឡើងបែបនេះកាលពីថ្ងៃទី ១៦ កញ្ញា ក្នុងឱកាសលោកចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយនិស្សិតកសិកម្មចំនួន ២៥០ នាក់ ដែលនឹងទៅហាត់ការនៅប្រទេសអ៊ីស្រាអែល សម្រាប់ឆ្នាំ ២០២២-២០២៣។ លោក វេង សាខុន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា ការទៅហាត់ការនៅប្រទេសអ៊ីស្រាអែលនេះ គឺជាឱកាសល្អសម្រាប់សិស្សនិស្សិតក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យផលិតកម្មកែច្នៃ បង្កាត់ពូជ វារីវប្បកម្ម ផលិតកម្មសត្វ និងទឹកដោះ និងសាកវប្បកម្ម។
លោកបានណែនាំឱ្យនិស្សិតត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធ ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ត្រូវមានអំណត់ អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឱ្យក្លាយជានិស្សិតឆ្នើម និងមានតម្លៃរួចបំពេញប្រយោជន៍ឱ្យខ្លួនឯង ជាពិសេសសង្គមជាតិ ក្រោយពីត្រឡប់មកមាតុភូមិវិញ។
លោកថា៖ «ប្រទេសជាតិត្រូវការធនធានមនុស្សផ្នែកវិស័យកសិកម្ម ដែលមានសក្តានុពលទាំងចំណេះជំនាញ និងបទពិសោធដែលបានក្រេបជញ្ជក់ពីប្រទេសអ៊ីស្រាអែល ហើយពិតណាស់ក្មួយៗត្រូវឆ្លៀតយកឱកាសដ៏ល្អនេះ ខិតខំរៀនសូត្រ ស្រូបយកនូវរាល់ចំណេះ ជំនាញដែលជាទុនពុទ្ធិយ៉ាងរឹងមាំ ដើម្បីរួមគ្នាគិតគូរ ដោះស្រាយឱ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាពឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា»។
កម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែលនេះមានរយៈពេល ១១ ខែក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិត។
លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានប្រាប់អ្នកសារព័ត៌មានថា សិស្សនិស្សិតដែលបានបញ្ចប់ការហាត់ការនៅអ៊ីស្រាអែល ភាគច្រើនបានយកចំណេះជំនាញ និងបទពិសោធពីការធ្វើការកសិកម្មនៅអ៊ីស្រាអែលយកមកបង្កើតជាអាជីវកម្មដោយខ្លួនឯង។
«ពីដំបូងៗមិនសូវឃើញផលជះប៉ុន្មានទេ ប៉ុន្តែឥឡូវចាប់ផ្តើមមានផលវិជ្ជមានហើយ គឺមាននិស្សិតយើងមួយចំនួនគឺគាត់អាចបង្កើតអាជីវកម្មដោយខ្លួនឯងដូចជាគាត់ទៅអ៊ីស្រាអែល គាត់ធ្វើការងារផ្នែកបណ្តុះផ្សិត ដូច្នេះពេលគាត់មកវិញបង្កើតជាកសិដ្ឋានបណ្តុះផ្សិតដ៏ធំ ហើយមួយចំនួនទៀតគាត់ចិញ្ចឹមសត្វ មួយចំនួនទៀតគាត់ធ្វើអាជីវកម្មនាំបន្លែក្នុងផ្ទះសំណាញ់»។
គោលបំណងធំក្នុងការបញ្ជូនសិស្សនិស្សិតទៅបណ្តុះបណ្តាលនេះ គឺឆ្តោះទៅសហការជាមួយវិស័យឯកជន ដើម្បីឱ្យសិស្សមានឱកាសធ្វើការក្នុងក្រុមហ៊ុនផ្នែកកសិកម្មធំៗ និងឱ្យពួកគេក្លាយជាសហគ្រិនកសិកម្ម ដែលមានជំនាញច្បាស់លាស់។
លោកថា៖ «គោលដៅបណ្តុះបណ្តាល យើងចង់ចូលរួមបង្កើនសេដ្ឋកិច្ចយើងឱ្យលឿន គឺយើងបណ្តុះបណ្តាលកសិកម្មរបស់យើងឱ្យក្លាយជាសហគ្រិនភាពផ្នែកកសិកម្ម ដូច្នេះយើងងាកទៅកសិធុរកិច្ចឱ្យបានច្រើនតាមលទ្ធភាពដែលយើងអាចធ្វើបាន»។ លោកបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនធំៗដែលកំពុងធ្វើការងារផ្នែកកសិកម្មបានមកសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីផ្តល់ការងារដល់និស្សិតចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ទោះយ៉ាងណាលោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា និស្សិតដែលបានទៅហាត់ការនៅអ៊ីស្រាអែលហើយបានត្រឡប់មកកម្ពុជាវិញមិនទាន់ឃើញទទួលបានលទ្ធផលធំដុំអ្វីទេ។ «ខ្ញុំមិនទាន់ឃើញលទ្ធផលជាដុំកំភួននោះទេ តាមខ្ញុំសង្កេតឃើញ។ ប្អូនៗខ្លះត្រឡប់មកវិញ គាត់ធ្វើការជាលក្ខណៈឯកជនរបស់គាត់មិនទាន់ឃើញថា មកវិញគាត់ចងក្រងគ្នាជាក្រុមការងារមួយ ដើម្បីធ្វើអ្វីមួយដែលលេចធ្លោ ខ្ញុំដូចអត់ទាន់បានឃើញទេ»។
ក្នុងរយៈពេល ១១ ខែ និស្សិតត្រូវធ្វើការសិក្សានៅក្នុងថ្នាក់មានទ្រឹស្តី ហើយចំពោះមុខវិជ្ជាដែលត្រូវការសិក្សាមានដូចជា ស្តង់ដាកសិកម្មអន្តរជាតិ សេដ្ឋកិច្ចកសិកម្ម ការការពារដំណាំ គម្រោងស្រាវជ្រាវ អភិរក្សធនធានដី មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប បច្ចេកទេស ក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ការធ្វើកសិកម្មឈើហូបផ្លែ និងនិរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន ការចិញ្ចឹមមាន់ សាកវប្បកម្ម ការប្រមូលផល និងការវេចខ្ចប់ ដាំដំណាំផ្កា និងការបណ្តុះផ្សិត៕