ភ្នំពេញៈ អ្នក​ស្ម័គ្រ​ចិត្ត​ជាង​ ៦០០ ​នាក់ ​មកពី​ស្ថាប័ន​រដ្ឋាភិបាល វិស័យ​ឯក​ជន និង​បណ្តា​អង្គការ​សង្គម​ស៊ីវិល ជា​ពិសេស​ក្រុម​យុវជន​បាន​ប្រមូល​ផ្តុំ​គ្នា​ប្រារព្ធ​ទិវា​សម្អាត​ភព​ផែន​ដី ឬ World Cleanup Day កាលពី​ថ្ងៃ​១៧ ខែ​កញ្ញា ដើម្បី​រំឭក​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​សំរាម​ ដែល​កំពុង​ប៉ះ​ពាល់​ភព​ផែន​ដី​។

ទិវា​សម្អាត​ភព​ផែន​ដី ត្រូវ​បាន​កម្ពុជា​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃទី១៧ ខែ​កញ្ញា ចាប់ពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ បន្ទាប់ពី​ទិវា​សម្អាត​ភព​ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង​ដោយ​អង្គការ LET’S DO IT WORLD ដែល​មាន​ទីតាំង​នៅ​ប្រទេស​អេស្តូនី ហើយ​មាន​ប្រទេស​ចំនួន​ ១៨០ ​ចូល​រួម។ អង្គការ​សម្អាត​ទន្លេ​សមុទ្រ បាន​ប្រកាស​ពី​ថ្ងៃ​ទី ១៧ ​កញ្ញា​ថា​ សម្រាប់​ការ​ប្រារព្ធ​អបអរ​ទិវា​នៅ​ក្នុង​ឆ្នាំ​នេះ​ គឺ​មាន​អ្នក​ចូលរួម​ជាង​ ៦០០ ​នាក់ ​ដើម្បី​រួមគ្នា​សម្អាត​អនា​ម័យ​តាម​មាត់​ទន្លេ​ស្ថិត​នៅ​តំបន់​ជ្រោយ​ចង្វារ​ជិត​សណ្ឋាគារ​សុខា​ភ្នំពេញ​និង​ក្នុង​ទន្លេ តាម​រយៈ​ទូក​ប្រមូល​សំរាម​ជា​ជំនួយ​របស់​អាល្លឺ​ម៉ង់​។

អង្គការ​នេះ បាន​បញ្ជាក់​ថា៖ «សូម​អរគុណ​ចំពោះ​ការ​ចូលរួម​របស់​អ្នក​ទាំង​អស់​គ្នា​ហើយ​ការ​ចូលរួម​នេះ​គឺជា​ផ្នែក​មួយ ដើម្បី​អនាគត​ភព​ផែន​ដី​យើង។ មាន​អ្នក​ចូលរួម​ជាង​ ៦០០ ​នាក់ ក្នុង​ថ្ងៃ​ទិវា​សម្អាត​ពិភព​លោក​ ដ៏​អស្ចារ្យ​នៅ​កម្ពុជា។ សូម​អរគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​ MAERSK Prudential Bolloré Cambrew, អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់​មកពី​ស្ថា​ប័ន​ផ្សេងៗ»​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា ការ​ចូលរួម​ប្រារព្ធ​ទិវា​នេះ​ជាមួយ​ពិភពលោក​គឺ​ដើម្បី​រំឭក​ឱ្យ​ពលរដ្ឋ​ចាំបាច់​ត្រូវ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​។

លោក​បន្ត​ថា៖«ការ​សម្អាត​ភព​ផែន​ដី សម្អាត​បរិស្ថាន និង​ទីក្រុង​អីហ្នឹង គឺ​យើង​បាន​ធ្វើ​ឡើង​ជា​ប្រចាំ (រៀង​រាល់​ថ្ងៃ)។ គ្រាន់​តែ​ការ​កំណត់​យក​ថ្ងៃទី​១៧ ​ខែ​កញ្ញា​ជា​ទិវា​សម្អាត​ភព​ផែនដី​ដើម្បី​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​បន្ថែម​ទៀត។ (ទិវា​នេះ) ក៏​រំឭក​ឱ្យ​ពលរដ្ឋ​ចាំបាច់​ត្រូវ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ដើម្បី​ធ្វើឱ្យ​ភព​ផែន​ដី​យើង​ស្អាត និង​មាន​ផាសុកភាព​ក្នុង​ការ​រស់នៅ»​។

ជុំវិញ​ការ​សម្អាត​អនាម័យ​បរិស្ថាន​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ក្រសួង​ទេសចរណ៍​ក៏បាន​រៀបចំ​យុទ្ធនាការ “កម្ពុជា​ស្អាត​កម្ពុជា​បៃតង​អបអរសាទរ​ទិវា​ពិភពលោក​ស្អាត” ដោយ​មាន​ការចូលរួម​ពី​ក្រសួង​បរិស្ថាន និង​ភាគី​ពាក់ព័ន្ធ​ប្រមាណ​ ៣០០ ​នាក់​ផង​ដែរ​។

តាម​ការ​ប្រកាស ​យុទ្ធនាការ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​គ្រប់​ភាគី​ពាក់ព័ន្ធ​ឱ្យ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន ឱ្យ​បាន​ស្អាត គឺ​កម្ពុជា​បៃតង ដើម្បី​ឆ្ពោះ​ទៅ​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម អាស៊ាន​បារ៉ាហ្គេម ២០២៣​ ។

លោក​កែន សេរី ​រដ្ឋា អគ្គនាយក​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នោះ​បាន​លើក​ឡើង​ថា កំណើន​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ការ​អភិវឌ្ឍ​សង្គម​ ធ្វើឱ្យ​ជីវភាព​របស់​ពលរដ្ឋ​កាន់តែ​រីកចម្រើន​ដែល​ទាមទារ​ឱ្យ​មាន​សង្គម​មួយ​ផូរ​ផង់​ ស៊ីវិល័យ បរិស្ថាន​ស្អាត និង​បៃតង។

ជាមួយ​គ្នា​នោះ លោក​បាន​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​បាន​ និង​កំពុង​រៀបចំ​កម្មវិធី​ចលនា​ប្រឡង​ប្រណាំង ”ភូមិ ឃុំ-សង្កាត់​មាន​សុវត្ថិ​ភាព” លើ​វិស័យ​បរិស្ថាន​ដើម្បី​«ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​មាន​ការ​យល់​ដឹង ​និង​ចូលរួម​ប្រតិបត្តិ​មេត្រី​បរិស្ថាន​»។

ការដើរ​ប្រមូល​សំរាម​នៅ​ជ្រោយចង្វារ​ពី​ថ្ងៃ​១៧ កញ្ញា។ រូបថត River Ocean Cleanup page

លោក​បាន​បន្ថែម​ថា កម្មវិធី​នេះ​ក៏​នឹង​ជំរុញ​ឱ្យ​អាជ្ញាធរ​ភូមិ ឃុំ-សង្កាត់ យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ក្នុង​ការ​រៀបចំ​ភូមិ ឃុំ-សង្កាត់​របស់​ខ្លួន​ឱ្យ​មាន​អនាម័យ សោភណភាព និង​បរិស្ថាន​ល្អ​ប្រសើរ​ក្នុង​សហគមន៍​មួយ​ដែល​មាន​ភាព​សុខដុម​ស្រប​តាម​បរិស្ថាន​របស់​ខ្លួន ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ដែលជា​​ការរួម​ចំណែក​ក្នុង "យុទ្ធនាការ​កម្ពុជា​ស្អាត​កម្ពុជា​បៃតង" ធ្វើឱ្យ​មាតុ​ភូមិ​កម្ពុជា​យើង​ទទួល​បាន​ភាព​ស្អាត និង​បៃតង​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «ដូចនេះ​សង្គមជាតិ​មួយ​មាន​ភាព​រីកចម្រើន​មាន​អនាម័យ​ល្អ មាន​សោភណភាព និង​បរិស្ថាន​ស្អាត​ផូរផង់​គឺជា​ភារកិច្ច ការទទួល​ខុសត្រូវ និង​ការ​ចូលរួម​របស់​យើង​ទាំងអស់​គ្នា ទាំង​វិស័យ​សាធារណៈ​ វិស័យ​ឯកជន ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ»។

យោង​តាម​របាយ​ការណ៍​របស់​អង្គការ UNESCO បាន​បង្ហាញ​ថា សត្វ​សមុទ្រ​ប្រមាណ ១ លាន​ក្បាល ដែល​ក្នុង​នោះ​រួម​មាន​ថនិក​សត្វ ត្រី​ចម្រុះ​នានា ត្រី​ឆ្លាម​ សត្វ​អណ្តើក និង​បក្សី ត្រូវបាន​បាត់បង់​ជីវិត​ជា​រៀងរាល់​ឆ្នាំ ក្រោយ​ការ​លេប ឬ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​សំរាម​ប្លាស្ទិក​លើ​ផ្ទៃ​ និង​ក្នុង​សមុទ្រ​ផ្ទាល់​។

ប្លាស្ទិក ត្រូវបាន​អះអាង​ថា​ជា​វត្ថុ​ធាតុ​ ដែល​មិន​រលាយ​ទៅ​ក្នុង​ដី​ងាយៗ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ ហើយ​ស្ទើរ​គ្រប់​ប្លាស្ទិក​ដែល​បាន​ផលិត​ទាំង​ប៉ុន្មាន​កន្លង​មក នៅតែ​មាន​វត្តមាន​លើ​ពិភពលោក​យើង​ដដែល ដោយ​គ្រាន់តែ​​វា​មិន​ស្ថិត​នៅក្នុង​ទម្រង់​ និង​កន្លែង​ដើម​ទាំង​ស្រុង​នោះ​ទេ ព្រោះ​តាម​រយៈ​ខ្យល់ ជា​ពិសេស​ភ្លៀង​បាន​ពាំនាំ​ប្លាស្ទិក​ទាំង​នោះ ពី​កន្លែង​ដែល​មនុស្ស​បោះ​ចោល ចូលទៅ​ក្នុង​សមុទ្រ ឬ​ទន្លេ​នានា។ នេះ​បើតាម​ការ​អះ​អាង​របស់​អង្គ​ការ​ទាំង​នោះ។

បច្ចុប្បន្ន​សំរាម​ដែល​បង្កើត​នៅ​កម្ពុជា​រាល់​ថ្ងៃ​គឺ​មាន​ជាង ​១ ម៉ឺន​តោន​ ក្នុង​ ១ ថ្ងៃ ហើយ​ក្នុង ១ ឆ្នាំ​មាន​ជាង ៤ លាន​តោន ក្នុង​នោះ​ពី ៦៥ ទៅ ៦៨ ភាគរយ ជា​សំណល់​សរីរាង្គ ដែល​អាច​ច្នៃ​ជា​ជី​កំប៉ុស និង​សំរាម​ជាង ២០ ភាគរយ ជា​សំណល់​ប្លាស្ទិក ដែល​អាច​ច្នៃ​ប្រើ​ឡើង​វិញ​បាន ខណៈ​ ១០ ​ភាគរយ​ជា​សំណល់​រឹង​៕