
ធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅខេត្តក្រចេះ។ រូបថត សហការី
ភ្នំពេញៈ ស្របពេលដែលឧស្សាហកម្មទេសចរណ៍នៅកម្ពុជាកំពុងរីកចម្រើនឡើងវិញជាបណ្តើរៗ ក្រោយរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរាជរដ្ឋាភិបាលបានបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញកាលពីចុងឆ្នាំ ២០២១ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងគ្រូបង្គោលសំដៅលើកកម្ពស់ធនធានមនុស្សក្នុងវិស័យទេសចរណ៍គឺជារឿងចាំបាច់ ដើម្បីជំរុញឱ្យវិស័យនេះមានសម្ទុះលឿន។
ដោយមើលឃើញពីសារៈសំខាន់នេះ ក្រសួងទេសចរណ៍ ក្រោមការគាំទ្រពីអង្គការជាតិ និងអន្តរជាតិបានបណ្តុះបណ្តាលបដិសណ្ឋារកិច្ចជូនដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍នៅតាមរាជធានីខេត្តនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច ចុងភៅ សហគមន៍ទេសចរណ៍/អេកូទេសចរណ៍ និងជំនាញឆុងកាហ្វេ និងជំនាញផ្សេងទៀតជាច្រើន។
ជាក់ស្តែងក្នុងឆមាសទី ១ ឆ្នាំ ២០២២ កម្មវិធីហូកានៃគម្រោងអភិវឌ្ឍន៍ជំនាញ Hoka of the Skill Development Programme នៃក្រសួងទេសចរណ៍សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) បានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន ៨៨៤ រូបក្នុងនោះស្ត្រីចំនួន ៥៩៦ រូប។
ដំណើរការអនុវត្តផែនការសកម្មភាពបណ្តុះបណ្តាល ហូកា ការដាក់ទិសដៅអាទិភាពនៅខេត្តចំនួន ៥ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី និងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចទៅកាន់ខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលវិស័យទេសចរណ៍។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងគ្រូបណ្តុះបណ្តាលជំនាញទេសចរណ៍ថ្លែងថា សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យទេសចរណ៍ផ្តោតទៅលើច្រើនមុំសំខាន់ៗ ក្នុងនោះក៏មានជំនាញស្តង់ដាទេសចរណ៍អាស៊ាន ដែលអនុវត្តដោយគណៈកម្មការជំនាញក្រសួងទេសចរណ៍ និងការបណ្តុះជំនាញទេសចរណ៍តាមអនឡាញជាដើម ដែលរហូតមកទល់ពេលនេះ មានមនុស្សរាប់ម៉ឺននាក់បានចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់នោះ។
លោកបន្តថា ដោយឡែកគម្រោងអភិវឌ្ឍន៍ជំនាញ Hoka of the Skill Development Programme នៃក្រសួងទេសចរណ៍ក៏បានចូលរួមបណ្តុះបណ្តាលជាច្រើនវគ្គ និងទីតាំងផងដែរ ក្រោមការគាំទ្រដោយស្វ៊ីសខន់ថាក់ (Swisscontact)។ កន្លងមកនេះ គម្រោងនេះបានអនុវត្តនៅក្នុង ៥ ខេត្ត រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី ដែលវគ្គបណ្តុះបណ្តាលនេះ ផ្តោតលើបុគ្គល និងអ្នកកំពុងបម្រើការការងារផ្ទាល់ក្នុងវិស័យទេសចរណ៍។
ជំនាញទាំងនេះ មានគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារភេសជ្ជៈ មគ្គុទ្ទេសក៍ទេសចរណ៍ សហគមន៍ និងមានជំនាញឆុងកាហ្វេជាដើម។ កិច្ចការងារត្រូវបានអនុវត្តដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អប្រសើរ ព្រោះវគ្គបណ្តុះបណ្តាលនេះផ្តោតលើគុណភាពជាចម្បងដោយមានអ្នកចូលរួម ១០ ឬ ២០ នាក់ក្នុង ១ វគ្គៗដែលមានការផ្តោតលើទ្រឹស្តី និងការអនុវត្ត។
លោកបានបន្តថា បច្ចុប្បន្ន គម្រោងនេះត្រូវបានពង្រីកមក ៥ ខេត្តទៀតគឺខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យដោយអនុវត្តចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០២៤។ គិតមកទល់បច្ចុប្បន្ននេះ មានអ្នកចូលរួមទទួលយកការបណ្តុះបណ្តាលប្រមាណជាង ២ ពាន់នាក់មកហើយ។
លោកថ្លែងថា៖ «ការបណ្តុះបណ្តាលជំនាញទេសចរណ៍នេះ ឆ្លើយតបទៅនឹងកម្ពុជាជួបបញ្ហាជំងឺកូវីដ ១៩ ២ ឆ្នាំមកនេះបានធ្វើឱ្យអាជីវកម្មមួយនេះបាត់បង់អ្នកជំនាញ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ»។
លោក ឡាង ពិសី គ្រូបង្គោលបណ្តុះបណ្តាលទេសចរណ៍ខេត្តក្រចេះ ដែលបានបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងនៅក្នុងសហគមន៍ និងអាជីវករប្រចាំខេត្តក្រចេះបានថ្លែងថា វគ្គបណ្តុះបណ្តាលកន្លងមកនេះត្រូវបានធ្វើនៅតាមគោលដៅស្រុក ប៉ុន្តែក្នុងមួយរយៈនេះបានធ្វើក្នុងក្រុងក្រចេះដោយផ្តោតលើម្ហូបអាហារ និងភេសជ្ជៈ ក៏ដូចជា ជំនាញការិយាល័យជួរមុខ រួមជាមួយជំនាញរៀបចំបន្ទប់ផងដែរជាច្រើនទីតាំងនៅក្នុងក្រុង។
លោកបន្តថា ក្រោយពីទទួលបានការបណ្តុះបណ្តាល ម្ចាស់អាជីវកម្ម ឬសហគមន៍ទេសចរណ៍នីមួយៗបានយកមេរៀនទៅបណ្តុះបណ្តាលបន្តទៅកាន់បុគ្គលិកខ្លួន ហើយអាជីវកម្មទេសចរណ៍មួយទៀតក៏មានការកែប្រែទៅតាមអ្វីដែលបានបណ្តុះបណ្តាល។ ប៉ុន្តែ អាជីវកម្មមួយចំនួនហាក់មិនទាន់មានការកែប្រែច្រើន ដោយសារតែមានបុគ្គលិកថ្មីរហូត។
លោកថ្លែងថា៖ «យើងសង្កេតឃើញមួយចំនួនធំដែលគាត់បានចូលរៀនជាមួយយើង គាត់យកទៅធ្វើនៅកន្លែងរបស់គាត់ទទួលបានជោគជ័យ ប៉ុន្តែអ្វីដែលសំខាន់គាត់យកអ្វីដែលរៀនជាមួយយើងហើយយកទៅបណ្តុះបណ្តាលអ្នកនៅជាមួយគាត់បន្តទៀត»។
អ្នកស្រី លី វាន់ធូ ម្ចាស់ផ្ទះសំណាក់ និងកាហ្វេ សហគមន៍ទេសចរណ៍កោះទ្រង់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍កន្លងមកនេះ បានថ្លែងថា អ្នកស្រីបានយល់ដឹងច្រើនពីការរៀបចំឱ្យមានរបៀបរៀបរយ និងស្តង់ដាខ្ពស់។ លោកស្រីបញ្ជាក់ថា មុនពេលចូលរួមវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍គឺអ្នកស្រីតែងតែរៀបចំតាមបែបលក្ខណៈគ្រួសារដែលមិនឆ្លើយតបទៅនឹងស្តង់ដាទេសចរណ៍នោះទេ។
អ្នកស្រីបន្តថា ភ្ញៀវដែលបានចូលស្នាក់នៅ និងញាំអាហារនៅទីតាំងរបស់អ្នកស្រី តែងតែកោតសរសើរពីការរៀបចំទុកដាក់ក្នុងហាងអ្នកស្រី ថា ស្អាត មានរបៀបរៀបរយ និងស្តង់ដាខ្ពស់មិនចាញ់សណ្ឋាគារ លំដាប់ផ្កាយនោះទេ។
អ្នកស្រី ស្នើដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ចូលរៀនវគ្គបណ្តុះបណ្តាលឱ្យបានគ្រប់គ្នា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឱ្យមានការរីកចម្រើន និងតាមឱ្យទាន់សភាពការណ៍តំបន់ និងពិភពលោកលើការរីកចម្រើនវិស័យទេសចរណ៍ និងសេដ្ឋកិច្ចទោះមានភ្ញៀវ ឬមិនមានក៏ដោយ។
អ្នកស្រីថ្លែងថា៖ «យើងត្រូវចូលរៀនវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍យើងនឹងដឹងពីអ្វីដែលយើងមិនដែលធ្លាប់ដឹងពីមុនមក ហើយយកមកអនុវត្ត វានឹងធ្វើឱ្យអាជីវកម្មយើងកាន់តែទាក់ទាញ»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សមាគមទេសចរណ៍កម្ពុជាកាលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចដល់មគ្គុទ្ទេសក៍ទេសចរណ៍ បុគ្គលិកទីភ្នាក់ងារទេសចរណ៍ និងផ្នែកបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប ដែលក្នុងនោះមានសិក្ខាកាមចូលរៀនសរុប ១ ១២៤ នាក់។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាថ្លែងថា កម្មវិធីបណ្តុះបណ្តាលធ្វើឡើងដោយសង្កត់ធ្ងន់ទៅលើការពង្រឹងជំនាញ ដែលមានស្រាប់ និងរំឭកឡើងវិញ សម្រាប់បុគ្គលិកកំពុងបម្រើការងារ ឬត្រូវបានបាត់បង់ការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងសកម្មភាពស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ ១៩។
លោកស្រីបន្តថា កម្មវិធីសិក្សា និងមេរៀនបណ្តុះបណ្តាលត្រូវបានរៀបចំឡើងដោយផ្អែកលើសមត្ថភាពនៃជំនាញនីមួយៗ សម្រាប់បុគ្គលិកបម្រើការផ្នែកសណ្ឋាគារ និងភោជនីយដ្ឋានចំនួន ៧០០ នាក់ ផ្នែកទីភ្នាក់ងារ និងការីទេសចរណ៍ចំនួន ១៧៥ នាក់ និងផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន ២០០ នាក់។
លោកស្រីថ្លែងថា៖ «ដើម្បីធានាការបណ្តុះបណ្តាលជំនាញគម្រោងបានធ្វើការបណ្តុះបណ្តាលគ្រូបង្គោលចំនួន ៤៩ រូបដោយភ្នាក់ងារប្រឹក្សាយោបល់ជំនាញទេសចរណ៍អេធីភី (ATPConsultant) ដើម្បីចូលរួមអនុវត្តការបណ្តុះបណ្តាលទៅកាន់សិក្ខាកាមជាង ១ ពាន់នាក់ ក្នុងរយៈពេលចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ ២០២២ នេះ»។
លោកស្រី ឆាយ ស៊ីវលីន បានហៅសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការជំរុញអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចគឺជាជំហានថ្មីមួយទៀតនៃការសហការរួមគ្នាពីសមាគមទេសចរណ៍កម្ពុជា (CATA), ទីភ្នាក់ងារប្រឹក្សាយោបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) និង CHT ក្នុងការចូលរួមសម្រេចនូវផែនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្រោយវិបត្តិកូវីដ ១៩ តាមរយៈការបណ្តុះបណ្តាលពង្រឹងជំនាញដែលមានស្រាប់សម្រាប់ខេត្តសៀមរាប និងត្រៀមសម្រាប់ទទួលទេសចរឡើងវិញនាពេលខាងមុខ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគម-ទេសចរណ៍កម្ពុជា ក៏ដូចភាគីពាក់ព័ន្ធដែលបង្កើតឱ្យមានវគ្គពង្រឹងសមត្ថភាពជំនាញនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងបញ្ហានាពេលបច្ចុប្បន្ន។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ជាការពិតណាស់ វិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យអ្នកជំនាញទេសចរណ៍ជាច្រើនចាកឆ្ងាយពីអាជីពរបស់ពួកគេ ដូច្នេះជាការចាំបាច់ណាស់ដែលពួកគេគួរត្រូវបានពង្រឹងជំនាញឡើងវិញ ក្រោយពេលសម្រាកអស់មួយរយៈក្នុងអំឡុងពេលគ្មានភ្ញៀវ៕