ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ជួន ណារ៉ុន កាលពី​ថ្ងៃទី​ ១៧ កញ្ញា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​បរិវត្តកម្ម​ប្រព័ន្ធ​អប់រំ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ក្រោម​ប្រធានបទ ភាព​ជា​ដៃគូ​អប់រំ​បរិស្ថាន​បៃតង​ការប្រែប្រួល​អាកាសធាតុ ក្នុង​វិស័យ​អប់រំ (Greening Education Partnership: Climate Change Education)​។ នេះ​បើតាម​ក្រសួង​អប់រំ​។

ក្រសួង​អប់រំ​បាន​ឱ្យ​ដឹងថា កិច្ចប្រជុំ​កំពូល​ស្ដីពី​ បរិវត្តកម្ម​ប្រព័ន្ធ​អប់រំ​នៅ​អង្គការ​សហប្រជាជាតិ (Transforming Education Summit)​នេះ មាន​គោលបំណង ពិភាក្សា​លើ​ដំណោះស្រាយ និង​ផ្តល់​អនុសាសន៍​ដោយ​ផ្នែក​លើ​ភ័ស្តុតាង នវានុវត្តន៍ និង​ការកំណត់​សកម្មភាព​អាទិភាព សម្រាប់​ធ្វើ​បរិវត្តកម្ម​ប្រព័ន្ធ​អប់រំ​។ ក្រសួង​ថា​៖ «​អនុសាសន៍​សំខាន់ៗ​នេះ​រួមមាន ការផ្តល់​ឱកាស​សម្រាប់​ការសិក្សា​រៀនសូត្រ​របស់​សិស្ស​ប្រកប​ដោយ​សមធម៌ និង​បរិយាប័ន្ន បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ ការចូលរួម​របស់​យុវជន​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​អប់រំ និង​ឆន្ទៈ​នយោបាយ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ស្តីពី​ការអប់រំ​ឆ្នាំ​ ២០៣០»​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ លោក ហង់ជួន ណារ៉ុន បាន​ធ្វើ​បទអន្តរាគមន៍​ដោយ​ផ្តោត​លើ​ការអនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។ លោក​បាន​ថ្លែងថា​៖ «​ក្នុងនាម​ជា​ប្រធាន​អាស៊ាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​បង្កើត​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន (ASEAN Green Deal) ក្នុង​គោលដៅ​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង និង​ការបង្កើន​ការប្រកួត​ប្រជែង​សេដ្ឋកិច្ច​ដែល​មាន​ភាពធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​»​។ លើស​ពីនេះ​កម្ពុជា​បាន​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជាពិសេស​បាន​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ និង​ការបង្កើន​ភាពធន់​នៅក្នុង​វិស័យ​អប់រំ​។

លោក ណារ៉ុន បាន​បញ្ជាក់​ថា ក្រសួង​អប់រំ​ក៏បាន​សហការ​ជាមួយ​សម្ព័ន្ធភាព​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា ក្រសួង​បរិស្ថាន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ផលិត​សៀវភៅ​សិក្សាគោល និង​សៀវភៅ​អប់រំ​សុខភាព ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា ដើម្បី​បង្កើន​ការយល់ដឹង​ស្តីពី​ការប្រែប្រួល​អាកាស​ធាតុ​ក្នុង​វិស័យ​អប់រំ​ដល់​​នាយក​សាលារៀន គ្រូបង្រៀន និង​លើកទឹកចិត្ត​ឱ្យ​យុវជន​ក្នុង​ការចូលរួម និង​យល់ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ​។

លោក​បាន​ថ្លែងថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការផ្សព្វផ្សាយ​ស្តីពី​ភាពជា​ដៃគូ​អប់រំ​បរិស្ថាន​បៃតង ការប្រែប្រួល​អាកាសធាតុ​ក្នុង​វិស័យ​អប់រំ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ ដើម្បី​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​»​។

ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​បរិវត្តកម្ម​ប្រព័ន្ធ​អប់រំ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា​នេះដែរ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ ចូលរួម​កម្មវិធី Youth Mobilization Day ដែល​ជា​ព្រឹត្តិការណ៍​អម កិច្ចប្រជុំ​កំពូល​ដោយ​មាន​ការចូលរួម​ពី​គណៈប្រតិភូ​នៃ​បណ្តា​ប្រទេស​ជាច្រើន​។

លោក ស សុខា បាន​ថ្លែងថា​៖ ​​«​កិច្ចប្រជុំ​នេះ ផ្តល់ឱកាស​ដល់​យុវជន​ប្រមូល​នូវ​ក្តីកង្វល់ និង​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ក្នុង​ការដាក់ចេញ​នូវ​អនុសាសន៍​ឆ្លើយតប ក្នុង​ការធានា​បាន​នូវ​ការអប់រំ​ប្រកប​ដោយ​សមធម៌ និង​គុណភាព​»៕