សៀមរាបៈ ថ្នាក់​ដឹកនាំ​កម្ពុជា​មកពី​ក្រសួង​ចំនួន​ ៣​ ជួប​ពិភាក្សា​ជាមួយ​គណៈ​ប្រតិភូ​ប្រទេស​អូស្ត្រាលី និង​ក្រុម​ការងារ​កសាង​កម្រង​ព័ត៌មាន​ជាតិ​ស្ដីពី​សារធាតុ​អាសបេស្តុស ដើម្បី​ជជែក​គ្នា​ក្នុង​ការ​កំណត់​ និង​ការគ្រប់គ្រង​សារធាតុ​អាសបេស្តុស​នៅ​កម្ពុជា​។ កិច្ច​ពិភាក្សា​ស្ដីពី​សារធាតុ​អាសបេស្តុស​នៅ​កម្ពុជា​នេះ​ត្រូវ​បាន​ធ្វើឡើង​ កាលពី​ថ្ងៃ​ទី ១៧ កញ្ញា នៅ​សណ្ឋាគារ FCC Angkor ខេត្ត​សៀម​រាប ស្រប​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ លើក​ទី៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដោយ​មាន​តំណាង​ពាក់ព័ន្ធ​កម្ពុជា​មកពី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ តំណាង​ក្រសួង​ពាណិជ្ជកម្ម តំណាង​ក្រសួង​រៀបចំ​ដែនដី រួមនិង​សហជីព​ក្នុង​វិស័យ​សំណង់​។

លោក​ ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ ​កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប.»បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៨ កញ្ញា​ថា ថ្នាក់​ដឹកនាំ​កម្ពុជា ដោយ​មាន​ទាំង​រូប​លោក​ផង​នោះ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី ​និង​តំណាង​អង្គការ​អាហ្វីដា ​ដើម្បី​ជជែក​ពី​បញ្ហា​អាសបេស្តុស​។ លោក​បាន​បន្ត​ថា ការ​ជួប​គ្នា​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​លើ​សេចក្តី​ព្រាង​ផែនទី​បង្ហាញ​ផ្លូវ​ដែល​រៀបចំ​ឡើង​ដោយ​អង្គ​ការ​អាហ្វីដា ដើម្បី​ឈាន​ទៅ​សម្រេច​ជា​ផ្លូវការ​ក្នុង​កម្រិត​ថ្នាក់​ជាតិ​តាមរយៈ​គណៈកម្មការ​កម្រង​ព័ត៌មាន​ជាតិ​ស្ដីពី​សារធាតុ​អាសបេស្តុស។

លោក ផាន អូន បាន​បញ្ជាក់​ថា៖​ «នៅក្នុង​កម្រិត​បច្ចេកទេស គឺ​មាន​បំណង​កំណត់​ដែន​អាសបេស្តុស​ទៅលើ​ផលិតផល​មួយ​ចំនួន​។ បើ​និយាយ​ពី​ផលិតផល​គ្រឿង​សម្អាង គឺ​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន គឺ​ត្រូវ​បាន​ហាមឃាត់​ទៅ​ហើយ​ក្នុង​ការ​ប្រើប្រាស់​សារធាតុ​អាបេស្តុស​នេះ​នៅ​ក្នុង​ផលិតផល​គ្រឿង​សម្អាង។ ចំណែក​ផលិតផល​ផ្សេងៗ​ទៀត​ក៏​មាន​ការស្នើសុំ​ឱ្យ​ធ្វើការ​ហាមឃាត់​ដែរ ជា​ពិសេស​នៅលើ​ផលិតផល​គ្រឿង​សំណង់។ ដូច្នេះ យើង​កំពុង​ពិនិត្យ​ពិចារណា​គ្នា​មើល​ដើម្បី​កុំឱ្យ​មាន​ភាព​ផ្ទុយគ្នា​ជា​មួយ​នឹង​កិច្ចសន្យា​អាស៊ាន»។

របាយការណ៍​អន្តរជាតិ​ស្តីពី​សារធាតុ​អាសបេស្តុស​របស់​អង្គការ​អាហ្វីដា បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២១ មាន​សរសៃ​អាសបេស្តុស​គ្រីសូថាយ៍​ជិត ៣០០ តោន និង​សម្ភារ ឬ​ផលិតផល​មាន​ផ្ទុក​អាសបេស្តុស (ACMs)ជាង ៥ ០០០ តោន ត្រូវបាន​នាំចូល​មក​កម្ពុជា បន្ទាប់ពី​ការស្រាវជ្រាវ​ចុងក្រោយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺ​អាសបេស្តុស អូស្ត្រាលី​ បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០១៩ ពលរដ្ឋ​កម្ពុជា​ចំនួន ១៧០ នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​បណ្តាល​មកពី​សារធាតុ​នេះ។

ការ​រកឃើញ​នេះ ត្រូវបាន​អង្គការ​អាហ្វីដា បង្ហាញ​ជា​ផ្លូវការ​​ពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ ២០២២ នៅក្នុង​របាយការណ៍ ដែល​មាន​ចំណង​ជើង​ថា សេចក្តី​ព្រាង​ផែនទី​បង្ហាញ​ផ្លូវ​ស្តីពី​ការ​កាត់បន្ថយ​ផលប៉ះពាល់ ​និង​ហានិភ័យ​នៃ​ជំងឺ​ដោយសារ​សារធាតុ​អាសបេស្តុស​នៅ​កម្ពុជា​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា បាន​និយាយ​ថា សម្រាប់​កម្ពុជា គឺ​ដល់​ពេល​ ដែល​ត្រូវឱ្យ​មាន​ការ​ហាម​ឃាត់​ការប្រើប្រាស់​សារធាតុ​អាសបេស្តុស​នៅក្នុង​សម្ភារ​សំណង់​ ព្រោះ​សារធាតុ​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស ​ដែល​ភាគ​ច្រើន​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​នេះ។

លោក​ថា៖«ភាគី​ពាក់ព័ន្ធ​បាន​យល់​ច្បាស់​ហើយ​ថា សារធាតុ​អាសបេស្តុស មាន​ផល​ប៉ះពាល់​បង្ក​ជា​ជំងឺ​មហារីក។ ដូច្នេះ​ យើង​ក៏​អាច​ប្រើ​សម្ភារ​ផ្សេងៗ​ដោយ​មិនមាន​សារធាតុ​អាសបេស្តុស​ក្នុង​នោះ​ជំនួស​បាន។ ប្រសិនបើ​ចេតនា​របស់​រាជរដ្ឋាភិបាល គាត់​ចង់​លុប​បំបាត់ (ការប្រើប្រាស់​ផលិតផល​មាន​សារធាតុ​អាសបេស្តុស) គឺ​អាច​លុប​បំបាត់​បាន ហើយ​អាច​ហាម​នាំ​ចូល​សារធាតុ​អាសបេស្តុស​បាន​»។

គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​ពុំទាន់​មាន​ច្បាប់​ហាម​ឃាត់​ការប្រើប្រាស់​ និង​ការ​នាំចូល​ផលិតផល​ ដែល​មាន​ផ្ទុក​សារធាតុ​អាសបេស្តុស​នៅ​ឡើយ​ទេ។ ដើម្បី​ស្រាវជ្រាវ​សារធាតុ​អាសបេស្តុស​នេះ​នៅ​កម្ពុជា រដ្ឋាភិបាល​អូស្ត្រាលី ​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ជា​មន្ទីរ​ពិសោធន៍​ក្នុងការ​វិភាគរក​សារធាតុ​អាសបេស្តុស​ជា​លើក​ដំបូង​មក​កាន់​អគ្គនាយកដ្ឋាន​ក.ប.ប. កាលពី ពេល​ថ្មីៗ​នេះ។ លោក ​ផាន អូន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា មន្ទីរ​ពិសោធន៍​នេះ មាន​សមត្ថភាព​វិភាគ​រក​សារធាតុ​អាសបេស្តុស ដែល​ជា​សារធាតុ​រ៉ែ​តូច​ល្អិត​ត្រូវ​បាន​យក​ចេញ​ពី​ក្រោម​ដី​។

លោក​បាន​បញ្ជាក់​ថា៖ «អគ្គនាយកដ្ឋាន ក.ប.ប.បាន​ផ្សព្វផ្សាយ​ និង​លើក​ទឹកចិត្ត​ដល់​ធុរជន​ដែល​ផលិត​ និង​នាំចូល​ផលិតផល​គ្រឿង​សំណង់​យក​ផលិតផល​ខ្លួន​មក​វិភាគ​រក​វត្តមាន​សារធាតុ​អាសបេស្តុស​នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន ក.ប.ប. តាម​គោលការណ៍​ស្ម័គ្រចិត្ត​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នកប្រើប្រាស់​ថា ​ផលិតផល​ដែល​បាន​ចែកចាយ​មិនមាន​វត្តមាន​សារធាតុ​អាសបេស្តុស»។

កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​នេះ ​មន្ទីរ​ពិសោធន៍​បរិស្ថាន និង​សុវត្ថិភាព​ចំណី​អាហារ (LEFS) របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (IPC) ត្រូវបាន​ទទួលស្គាល់​គុណភាព​ជា​អន្តរជាតិ​លើ​ការធ្វើ​តេស្ត​ផ្នែក​មីក្រូ​ជីវសាស្រ្ត​ម្ហូប​អាហារ​ជា​ផ្លូវកា​រ។

តាម​សេចក្តី​ប្រកាស​របស់ UNIDO បាន​ឱ្យដឹង​ថា សមិទ្ធផល​គួរឱ្យ​កត់​សម្គាល់​នៃ​មន្ទីរពិសោធន៍​របស់ IPC នេះ គឺជា​លទ្ធផល​ពី​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​ផ្លូវការ​រវាង​គម្រោង CAPFish-Capture និង IPC ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ភាគី​ទាំង​ ២ តាំងពី​ខែ​មិថុនា ​ឆ្នាំ ២០២២​។

សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​ថា៖ «មន្ទីរ​ពិសោធន៍​ដែល​មាន​ការ​ទទួលស្គាល់​ដូចជា LEFS ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ដាក់​បញ្ចូល​ផលិតផល​ម្ហូបអាហារ​កម្ពុជា​ទៅក្នុង​ខ្សែ​ចង្វាក់​តម្លៃ​សកល។ បច្ចុប្បន្ន កន្លែង​ធ្វើ​តេស្ត​ដែល​ទទួលស្គាល់​ក្នុងប្រទេស​នៅមាន​កម្រិត​នៅ​ឡើយ ហើយ​កម្ពុជា​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​មន្ទីរ​ពិសោធន៍​ដែល​មាន​ការ​ទទួលស្គាល់​នៅក្នុង​ប្រទេស​ជិតខាង​សម្រាប់​ការ​ធ្វើ​តេស្ត​អាហារ​ដែល​ចំណាយ​ពេលវេលា និង​ថ្លៃដើម»៕