
សកម្មភាពបុគ្គលិកផ្អើលរត់ចេញពីកាស៊ីណូម៉ុកបាយពីថ្ងៃទី១៧ កញ្ញា ។ រូបថត ហ្វេសប៊ុក
ស្វាយរៀងៈ នគរបាលក្រុងបាវិតនៅថ្ងៃទី ១៩ កញ្ញា បាននិងកំពុងសាកសួរបុគ្គលិកប្រុសស្រីជាតិវៀតណាមមួយចំនួនដែលបម្រើការនៅកាស៊ីណូម៉ុកបាយក្នុងសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងចំណោមពួកគេជាង ៥០ នាក់ ដើម្បីស្វែងរកមូលហេតុពិត បន្ទាប់ពីមានករណីផ្អើលរត់ចេញពីកាស៊ីណូនេះ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២។
លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ កញ្ញាថា សមត្ថកិច្ចក្រុងបាវិតកំពុងបន្តហៅជនជាតិវៀតណាមប្រុសស្រីមួយចំនួនក្នុងចំណោមមនុស្សជាង ៥០ នាក់មកសាកសួរ បន្ទាប់ពីពួកគេបាននាំគ្នាផ្អើលរត់ចេញពីក្នុងអគារកាស៊ីណូម៉ុកបាយ ក្នុងក្រុងបាវិត កាលពីថ្ងៃទី ១៧ កញ្ញា ឆ្នាំ ២០២២។ ចំពោះមូលហេតុនៃការរត់ចេញនេះសមត្ថកិច្ចរបស់លោកកំពុងស្រាវជ្រាវបន្ថែមទៀត ដើម្បីរកការពិត។ ប៉ុន្តែព័ត៌មានបឋមដែលសមត្ថកិច្ចបានសាកសួរពួកគេខ្លះក្នុងចំណោមជាង ៥០ នាក់នោះ បានប្រាប់ថា មកពីក្រុមហ៊ុនក្ស័យធន ហើយពួកគេឮតៗគ្នាថាសមត្ថកិច្ចចូលចាប់ខ្លួន។
លោកថ្លែងថា៖ «ខ្ញុំសាកសួរត្រួសៗទៅអ្នកបះបោរគេប្រាប់ថាដោយសារក្រុមហ៊ុនក្ស័យធន និងខ្លាចនគរបាលចាប់ខ្លួន។ ប៉ុន្តែខ្ញុំក៏មិនទាន់យកជាការពិតដែរ ពីព្រោះខ្ញុំនៅហៅពួកគេមកសាកសួរបន្តទៀត ព្រោះនៅច្រើនគ្នាណាស់ដែលមិនទាន់សួរលុះត្រាតែសួរឱ្យអស់គ្នាសិនទើបដឹងច្បាស់»។
បើតាមលោក សុវណ្ណារិទ្ធ បុគ្គលិកដែលរត់ចេញពីអគារកាស៊ីណូបាននិយាយថា មូលហេតុដែលពួកគេរត់ចេញដោយសារតែឮតៗគ្នាមកថាក្រុមហ៊ុនក្ស័យធន ហើយថៅកែបានរត់អស់។ ហេតុដូច្នេះហើយពួកគេមានការភិតភ័យមិនដឹងជាទៅបើកប្រាក់ខែពីអ្នកណាក៏នាំគ្នារត់ចេញតែម្តងទៅ។ ម្យ៉ាងទៀតមានគ្នីគ្នាជាជនជាតិវៀតណាមនៅខាងក្រៅកាស៊ីណូបានឆាតប្រាប់អ្នកនៅខាងក្នុងកាស៊ីណូថា មានសមត្ថកិច្ចនគរបាលចូលចាប់មនុស្សនៅក្នុងកាស៊ីណូដែលជាហេតុធ្វើឱ្យពួកគាត់ភ័យហើយក៏នាំគ្នាផ្អើលរត់ចេញមកក្រៅ។
លោកបានបញ្ជាក់ថា អគារកាស៊ីណូម៉ុកបាយនៅថ្ងៃនេះ (ថ្ងៃទី ១៩ កញ្ញា) សមត្ថកិច្ចរបស់លោកកំពុងតែឆែកមើលថា តើក្នុងចំណោមពួកគេទាំងជាង ៥០ នាក់នោះ មានជនណាខ្លះមានអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនរបស់ប្រទេសវៀតណាម និងជនណាខ្លះគ្មានលិខិតឆ្លងដែន។
ករណីស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី ១៨ សីហា ឆ្នាំ ២០២២ ក៏មានបុគ្គលិកជនជាតិវៀតណាមជាង ៤០ នាក់ បាននាំគ្នារត់ចេញពីអគារកាស៊ីណូមួយឈ្មោះ Golden Phonix Entertainment នៅឃុំជ្រៃធំ ស្រុកកោះធំ ជាប់ព្រំប្រទល់វៀតណាមផងដែរ។
ករណីនោះបើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា បាតុភាពបណ្តាលឱ្យមានបុគ្គលិកសម្រុករត់ចេញនោះដោយសារមានវិវាទការងារកើតឡើងរវាងថៅកែ និងបុគ្គលិកនិយាយមិនត្រូវគ្នា៕
វីដេអូ៖