ភ្នំពេញៈក្រសួង​សុខាភិ​បាល​កម្ពុជា​ និង​មូល​និធិ GX របស់​ប្រទេស​ចិន​ នៅ​ពីថ្ងៃទី​ ១៩ ខែ​កញ្ញា​​ បាន​ចុះ​ហត្ថ​​លេខា​លើអនុស្ស​រណៈនៃការ​យោគ​យល់​គ្នាស្ដីពី​គម្រោង​លុប​បំបាត់​ភាព​ពិការ​ភ្នែកដោយជំងឺ​ភ្នែក​ឡើង​បាយ ដើម្បី​ផ្ដល់​ការ​ព្យា​បាល​ជំងឺ​ភ្នែក​នេះ​ដល់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រៃវែង បន្ទាប់​ពី​គម្រោង​ទី១ អនុវត្ត​​​នៅខេត្ត​កំពង់​ចាម​ពីឆ្នាំ​ ២០១៩​ ​បានជោគ​ជ័យដោយ​វះកាត់​ព្យា​បាល​ជូន​ពល​រដ្ឋ​ឥតគិ​តថ្លៃ​បាន​ជាង ​៦ ពាន់​នាក់​​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល​ស្ដីពី​ពិធី​ចុះ​ហត្ថ​​លេខា​លើ​អនុស្សរណៈ​នៃការ​យោគ​យល់​​គ្នា​នេះធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោក ​ម៉ម ប៊ុន​ហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិ​បាល​និង​លោក លឿង ជុង យីង ​អនុ​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិនៃ​ក្រុម​ប្រឹក្សានយោ​បាយ​ប្រជា​ជន​សាធារ​ណ​រដ្ឋប្រជា​មានិត​ចិន​និង​ជា​ប្រធាន​មូល​និធិ GX និង​មាន​ការ​ចូល​រួម​ពី​លោក ​វ៉ាង វិន​ធៀន ឯក​អគ្គរដ្ឋ​ទូត​វិសា​មញ្ញ​និ​ង​ពេញ​សមត្ថ​ភាព​នៃ​សាធា​

រណ​រដ្ឋ​ប្រជា​មានិត​ចិនប្រចាំ​កម្ពុជា នៅ​សណ្ឋា​គារ​ Rose​wood​ រាជ​ធានី​ភ្នំពេញ​។

​​«ការ​ចុះ​អនុស្ស​រណៈនេះ​ដោយ​យោង​តាម​គំនិត​ផ្គួច​ផ្ដើម​ខ្សែក្រវាត់​ និង​ផ្លូវ និង​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​ភាព​ជាដៃគូយុទ្ធ​សាស្រ្ដ​គ្រប់​ជ្រុង​ជ្រោយ ​កម្ពុជា-ចិន»។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

លោក​ ម៉ម ប៊ុនហេង ថ្លែង​ក្នុង​ពិធីនោះថា អនុស្ស​រណៈ​នៃការ​យោគ​យល់​គ្នាស្តីពី​គម្រោង​លុប​បំបាត់​ភាព​ពិការ​ភ្នែក​ដោយ​ជំងឺ​ភ្នែក​ឡើង​បាយ​នៅ​ខេត្ដ​ព្រៃវែងគឺត្រូវបាន​ចុះហត្ថ​លេខា​កាល​ពីខែ​តុលា ឆ្នាំ ២០១៩ ​ប៉ុន្តែ​ត្រូវ​បាន​ពន្យា​រ

ពេល​អនុ​វត្តដោយ​សារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ ​នៅ​ទូទាំង​ពិភព​លោក​។

លោក​បញ្ជាក់​ថា៖​ «គម្រោង​នេះ ​រួម​មានការ​ផ្ដល់​គ្លីនិក​ចល័ត​សម្រាប់​វះកាត់​ភ្នែក​ឡើង​បាយដោយ​មាន​បំពាក់​សម្ភារ​បរិក្ខារ​វះកាត់​ភ្នែកចំនួន ២ គ្រឿង និង​រថយន្ត​សម្រាប់​ដឹក​អ្នកជំងឺទំ​ហំ ៣៥ កៅអី​ ចំនួន ១ គ្រឿង។ បញ្ជូន​​គ្រូ​ពេទ្យ​ឯក​ទេស​ចក្ខុ​រោគ​ទៅបណ្ដុះ​បណ្ដាល​បន្ថែម​នៅប្រទេស​ចិន និងក្រុម​គ្រូ​ពេទ្យ​ចិន​នឹង​សហ​ការជា​មួយ​​គ្រូ​ពេទ្យ​កម្ពុជា​ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ផ្ដល់​សេវាវះ​កាត់​ភ្នែក​ឡើង​បាយ ឬប​ញ្ហា​ភ្នែក​ផ្សេង​ៗ​នៅ​ខេត្ដ​​ព្រៃ​វែ​ង ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​»។

លោក​ ប៊ុន​ហេង បាន​ឱ្យដឹង​ថា ការ​ចុះ​អនុស្ស​រណៈនេះ គឺជា​គម្រោងទី​​២ ហើយ។ កាល​ពី​គម្រោង​ទី១​ ត្រូវ​បាន​អនុវត្ដ​ដោយ​ជោគ​ជ័យ​នៅ​ខេត្ដ​កំពង់​ចាមក្នុងឆ្នាំ​ ២០១៩ ​ក្រោម​កិច្ច​សហ​ការរ​វាងក្រសួង​សុខា​ភិបាល និង​មូល​និធិ​អាស៊ី​​សម្រាប់​បង្ការ​ភាព​ពិការ​ភ្នែក ឧបត្ថម្ភ​ដោយ​មជ្ឈ​មណ្ឌល​ខ្សែក្រវាត់​និង​ផ្លូវនៃ​ទីក្រុង​ហុង​កុង​។

លោក​បន្តថា ​ក្នុង​គម្រោង​ទី១ ក្រុម​គ្រូ​ពេទ្យ​ឯកទេស ​បា​ន​វះ​កាត់​​ជំងឺភ្នែកឡើ​ងបាយជូន​ប្រជា​ជន​ដោយ​ឥត​គិត​ថ្លៃ​បាន​ជាង ​៦ ០០០ នាក់ ដែល​អាច​ឱ្យ​ពលរដ្ឋ​​បន្ត​ជីវិត​រស់​នៅ​ដោយ​ភាព​សប្បាយ​រីករាយ។​

លោក ប៊ុនហេ​ង បញ្ជាក់់​ថា​ ក្នុង​កាលៈទេ​សៈដែល​ប្រទេស​កម្ពុជា និង​ពិភព​លោក​ទាំង​មូល​ប្រយុទ្ធ​នឹង​ជំងឺកូ​វីដ​ ១៩ ​មូល​និធិ GX នៃ​សា​ធារណរដ្ឋ​ប្រជា​មានិត​ចិន​ក៏បាន​ផ្តល់​ជំនួយ​ជា​ឧបករណ៍​បរិក្ខារ​វេជ្ជ​សាស្រ្ត ​ជូន​រាជ​រដ្ឋា​ភិបាល​នៃ​កម្ពុជា រួម​មាន​ ម៉ាស៊ីន​អុក​ស៊ីហ៊្សែន ចំនួន​ ៣០០ ​គ្រឿង,ម៉ាស់​វះកាត់​ចំនួន​ ១​ លាន​ម៉ាស់, អាវ​បំពង់ចំនួន​៣​ម៉ឺន​អាវ, ស្រោម​ដៃ​ចំនួន​ ១៦ ​ម៉ឺន​គូ,​ វ៉ែនតា​សុវត្ថិ​ភាព​ចំនួន១ម៉ឺន និង​របាំង​មុខ​ចំនួន ​១ ​ម៉ឺន​ផង​ដែរ។

លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិ​បាល និង​ប្រជា​ជន​ចិន ដែល​បាន​ផ្តល់​ជំនួយ​ជូន​រាជរដ្ឋាភិ​បាល និង​ប្រជា​ជន​កម្ពុជា​ជា​ច្រើន​នា​ពេល​កន្លង​មក​នេះ ​រួម​មាន​ ហេដ្ឋា​រចនា​សម្ព័ន្ធសុខាភិ​បាល ការ​អភិ​វឌ្ឍ​ធនធា​ន​មនុស្ស ​ការ​ផ្តល់​ឧបករណ៍​បរិក្ខារ​វេជ្ជ​សាស្រ្តនិង​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ព្រម​ទាំង​ក្រុម​វេជ្ជ​សាស្រ្ត​ ដើម្បី​រួម​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សេវា​សុខាភិ​បាល​ ជា​ពិសេស​ក្នុង​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ ​១៩​។

លោក ​លឿង ​ជុន យីង បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា៖ «ខ្ញុំពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ ចំពោះ​ការ​ចុះហ​ត្ថ​លេខា​លើ​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នាស្តី​ពីគម្រោង​លុប​បំបាត់​ភាព​ពិការ​ភ្នែកដោយ​ជំងឺ​ភ្នែក​ឡើង​បាយ​នៅ​ខេត្ដ​ព្រៃ​វែង​នៅ​ពេល​នេះ។បន្ទាប់​ពីមូល​និធិ​របស់​យើង​បាន​សម្រេច​ជោគ​ជ័យក្នុង​ការវះ​កាត់​ជំងឺ​ភ្នែក​ឡើង​បាយ​ជូន​ប្រជា​ជន​កម្ពុជា​ដែល​រស់នៅ​ខេត្ដ​កំពង់​ចាម ​ចំនួន​ ៦ ២០០​ នាក់​ កាល​ពី​កន្លង​ទៅ»​។

លោក​បន្ដ​ថា ​សម្រាប់​គម្រោង​នៅ​ខេត្ដ​ព្រៃ​វែង​នេះគ្លីនិក​ចល័ត​សម្រាប់​វះកាត់​ភ្នែក​ឡើង​បាយ​ដោយ​មាន​បំពាក់​សម្ភារ​បរិក្ខារ​វះ​កាត់​ភ្នែក​ចំនួន​ ២​ គ្រឿង រថយន្ត​សម្រាប់​ដឹក​អ្នក​ជំងឺ​ទំហំ ​៣៥​ កៅ​អី ​ចំនួន​ ១ គ្រឿង នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ខែ​តុលា ឆ្នាំ​ ២០២២ ​​ខាង​មុខ​នេះ​។

លោក​បញ្ជាក់​ថា ក្រុម​គ្រូ​ពេទ្យេ​ឯក​ទេស​របស់​លោក​នឹង​នៅ​ជាប់​ជា​មួយ​ពលរដ្ឋ​កម្ពុជា ​មិន​មែន​តែ​ពេទ្យ​វះកាត់​ភ្នែក​ជាង​ ២០​ នាទី​នោះ​ទេ ប៉ុន្ដែ​នឹង​នៅ​បន្ត​រយៈ​ពេល​ ៣ ឆ្នាំ ដើម្បី​ចាំជួយ​ព្យា​បាល​ឬវះ​កាត់​ភ្នែក​ឡើង​បាយ​ជូន​ប្រជា​ពល​រដ្ឋ​ឱ្យ​អស់​នៅ​ទូទាំង​ខេត្ត​ព្រៃវែង ​ប្រកប​ដោយ​ប្រសិទ្ធ​ភាពនិង​សុវត្ថិ​ភាពដូច​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ចាម ដែល​បាន​វះ​កាត់​ជោគ​ជ័យ​ជាង​ ៦ ០០០ ​នាក់​ នោះ​ដែរ​៕