
លោក យ៉ង សាំងកុមារ និងលោក សុន ឆ័យ នៅក្នុងសន្និសីទមួយកាលពីខែកក្កដា ឆ្នាំ ២០២២។ ហុង មិនា
ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានប្រកាសសម្របសម្រួលជាមួយគណបក្ស ៧ ផ្សេងទៀត ឱ្យរួមសហការគ្នាដោយជ្រកក្រោមឆត្រគណបក្ស ២ ឬ ៣ ដើម្បីរកសំឡេងឱ្យបានច្រើនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ ដើម្បីការពារកុំឱ្យមានការដឹកនាំសភាជាតិ និងរដ្ឋាភិបាលបែបឯកបក្សដូចបច្ចុប្បន្ន។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយករបស់គណបក្សនេះកាលពីថ្ងៃទី ១៨ កញ្ញាថា គណបក្សនឹងខំព្យាយាយឱ្យមានការសហការគ្នារវាងក្រុមផ្សេងៗយ៉ាងតិចបំផុតចំនួន ៧ ដែលមិនអាចនៅក្នុងបក្សតែមួយជាមួយគ្នាបាន តែមានគោលដៅរួមក្នុងការរកសំឡេងឱ្យបានច្រើន ដើម្បីការពារកុំឱ្យមានការដឹកនាំសភាជាតិ និងរដ្ឋាភិបាលបែបឯកបក្ស។
លោកបន្តថា មានបក្សនិងក្រុមយ៉ាងតិច ៧ ដែលកំពុងប្រកួតជាមួយបក្សកាន់អំណាច។ (គបម) នឹងបន្តព្យាយាមសម្របសម្រួលឱ្យមានការសហការគ្នារវាងទាំង ៧ ក្រុមនេះ ដោយឈរឈ្មោះក្រោមឆត្រ ២ ឬយ៉ាងច្រើនបំផុត ៣ តាមគោលការណ៍ចែកមណ្ឌលគ្នាដើម្បីប្រមូលសំឡេងឆ្នោតដោយក្រុមនីមួយនឹងបានសំឡេងច្រើនជាងនៅតែឯង។
លោកលើកជាឧហរណ៍ថា តាមលទ្ធផលឃុំសង្កាត់ ២០២២ គណបក្សភ្លើងទៀនទទួលបាន ២១ អាសន: ហើយបើសហការគ្នានៅ ២០២៣ (គភទ) អាចនឹងបានកើនដល់ ២៩ អាសន: ហើយគណបក្សផ្សេងៗទៀតអាចបានអាសន:មួយចំនួនថែមទៀត ដែលសរុបចូលគ្នាអាចក្លាយជាកម្លាំងរួមដ៏ធំមួយនៅសភាជាតិ។ តែបើគ្មានការសហការគ្នា គណបក្សនីមួយៗ ទោះបានអាសន:ក៏បានតិចតួចពេកដែលមិនគ្រប់គ្រាន់ក្នុងការទប់ទល់នឹងអំណាចឯកបក្សឡើយ។
លោកបានចោទជាសំណួរថា៖ «តើយើងធ្វើនយោបាយដើម្បីគ្រាន់តែយកកៅអី ឬដើម្បីលើកស្ទួយអំណាចប្រជាធិបតេយ្យសេរីពហុបក្ស? បើធ្វើនយោបាយដើម្បីបានកៅអីខ្លះ មិនចាំបាច់មានសម្ព័ន្ធភាពបោះឆ្នោត ២០២៣ ទេ»។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ កញ្ញាថា គណបក្សរបស់លោកនៅតែបន្តកៀរគរនិងជំរុញចលនារួបរួម ដោយគណបក្សបានមើលឃើញគណបក្សនយោបាយចំនួន៧ដែលមាននិន្នាការដូចគ្នាបានបង្ហាញឆន្ទៈចូលរួម។ ប៉ុន្តែ គណបក្សនៅតែយល់ថា ការរួបរួមគ្នានេះគឺជាការលំបាក ។
ទោះជាយ៉ាងណា លោកបន្តថា ក្នុងចំណោមគណបក្សទាំង ៧ នេះ មានដូចជា គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សកែទម្រង់កម្ពុជា ជាដើមបានយល់ស្របគ្នាថា មានតែរួបរួមគ្នាទេ ទើបទទួលបានជ័យជំម្នះ ប៉ុន្តែការរួបរួមគ្នានៅក្នុងទម្រង់ណាមួយនោះគឺជារឿងលំបាក និងត្រូវមានពេលវេលាជជែកគ្នាឱ្យបានស៊ីជម្រៅនិងឱ្យបានច្រើនទៀត។
បើតាម លោក ឡឹក សុធារ ការស្វែងរកការរួបរួមគ្នានេះបំណងសំខាន់គឺដើម្បីទទួលបានសំឡេងច្រើននៅក្នុងរដ្ឋសភា ដើម្បីតតាំងជាមួយគណបក្សប្រជាជនកម្ពុជា។ លោកថ្លែងថា៖ «មកទល់ពេលនេះគណបក្សកំពុងតែជជែកជាមួយសមភាគីបន្តទៀតឱ្យបានយល់គ្នាសិន ស្គាល់ចិត្តស្គាល់ថ្លើមគ្នាសិន ទន្ទឹមហ្នឹង យើងនឹងធ្វើការបន្តជាមួយគ្នា។ចំណុចសំខាន់បំផុត យើងចង់ធ្វើការជាមួយគ្នា រៀនសូត្រពីគ្នាទៅវិញទៅមក»។
លោករំពឹងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ការរួបរួមគណបក្សក្រៅរដ្ឋាភិបាល នឹងអាចចេញជារូបរាងក្នុងទម្រង់ណាមួយ ។
លោក គង់ មូនិកា ប្រធានគណបក្សឆន្ទៈខ្មែរប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែកញ្ញាថា ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតចង់ឱ្យអ្នកនិយមប្រជាធិបតេយ្យរួបរួមគ្នាឱ្យទៅជាកម្លាំងរួមមួយដើម្បីអាចប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាចដូចទៅនឹងអតីតគណបក្សសង្គ្រោះជាតិ។បើអ្នកប្រជាធិបតេយ្យនៅតែបន្តបែកខ្ញែកគ្នានោះមិនមែនជាជម្រើសល្អទេ ព្រោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនឹងរារែកក្នុងការជ្រើសរើសនិងមិនទៅបោះឆ្នោត ។
លោកថ្លែងថា៖ «ខ្ញុំគិតថាជម្រើសសំខាន់គឺធ្វើយ៉ាងណាអ្នកប្រជាធិបតេយ្យត្រូវតែមានចិត្តទូលាយហើយទទួលយកគ្រប់អ្វីដែលជាជម្រើសដើម្បីឱ្យជាកម្លាំងរួមមួយនោះទើបជាការប្រសើរ មានប្រយោជន៍ដល់ប្រជាពលរដ្ឋ និងដំណើការប្រជាធិបតេយ្យ »។
បើតាមលោក គង់ មូនីកា បច្ចុប្បន្ននេះគណបក្សរបស់លោកកំពុងជជែកជាមួយនឹងគណបក្សភ្លើងទៀនដើម្បីរួបរួមគ្នាក្នុងទម្រង់ណាមួយ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែកញ្ញាថា ការកៀរគរ គណបក្សផ្សេងទៀតដើម្បីសហការគ្នាឬរួបរួមគ្នា ដើម្បីទទួលបានសំឡេងគាំទ្រច្រើ ក្នុងពេលបោះឆ្នោត ឆ្នាំ ២០២៣ គឺជាសិទ្ធិរបស់គណបក្សប្រជាធិតេយ្យមូលដ្ឋាន ព្រោះមិនមានច្បាប់ណាមួយហាមឃាត់នោះទេ ប៉ុន្តែបើគណបក្សនេះមិនមានសំឡេង ឬអាសនៈនៅក្នុងរដ្ឋសភាទៅប្រមែប្រមូលឱ្យចូលរួមជាមួយខ្លួន គឺមិនអាចទៅរួចនោះទេ ។
លោកថ្លែងថា៖ «ជាគំនិតខ្ញុំទេ បើរួបរួមគ្នាវាកាន់តែបែកបាក់ ពីព្រោះភាគហ៊ុនវាមិនស្មើគ្នា ដល់ពេលអ៊ីចឹងវាកាន់តែបែកបាក់ទេ។ បើអត់រួមរួមគ្នា វាល្អជាង»៕
វីដេអូ៖