
សកម្មភាពរៀបចំទីលានចាក់សំរាមថ្មីនៅក្រុងកំពង់ឆ្នាំងកាលពីឆ្នាំមុន ។ រូបថត សហការី
កំពង់ឆ្នាំងៈ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា នៅថ្ងៃទី ២១ ខែកញ្ញា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាននិងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងចុះមកប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងស្ថាប័នពាក់ព័ន្ធសំដៅសម្រេចបែងចែកការទទួលខុសត្រូវ និងប្រគល់ទទួលការគ្រប់គ្រងលើទីលានចាក់សំរាមថ្មីក្រុងកំពង់ឆ្នាំង មានទីតាំងនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ។
លោកអភិបាលខេត្តកំពង់ឆ្នាំងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែកញ្ញាថា មុនថ្នាក់ក្រសួង និង ADB ចុះមក លោកបានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុគម្រោងទីលានចាក់សំរាមក្រុងកំពង់ឆ្នាំង ដែលបានធ្វើរួចរាល់ក្នុងខែកញ្ញានេះ។ លោកថា កិច្ចប្រជុំនេះក៏ដើម្បីខេត្តអាចមានផែនការត្រូវអនុវត្តបែបណានៅពេលជួបប្រជុំជាមួយក្រសួងផងដែរ។
លោកថ្លែងថា៖ «យើងប្រជុំម្សិលមិញដើម្បីត្រៀមបម្រុងនៅពេលខេត្តចូលប្រជុំជាមួយក្រសួង ខេត្តនឹងមានផែនការត្រូវអនុវត្តបែបណាអ៊ីចឹងទៅ។ ប៉ុន្តែអ្វីដែលយើងធ្វើហើយពេលនេះគឺយើងធ្វើទីលានចាក់សំរាមរបស់យើងរួចហើយ នៅចាំតែការបែងចែកការទទួលខុសត្រូវ ដើម្បីធ្វើកិច្ចការងារ»។
លោក ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា ដើម្បីឱ្យការគ្រប់គ្រងទីលានចាក់សំរាមមានគុណភាព ប្រសិទ្ធភាព រដ្ឋបាលខេត្តនឹងស្នើសុំការគ្រប់គ្រង ១ ឆ្នាំ ឬ ២ ឆ្នាំជាមុនសិនពីថ្នាក់ក្រសួង ហើយបន្ទាប់ពីដំណើរការល្អហើយ ទីលានចាក់សំរាមផ្ទាល់ គឺត្រូវប្រគល់ជូនទៅមន្ទីរបរិស្ថាន។ លោកបញ្ជាក់ថា៖«គ្រាន់តែជាគំនិតរបស់ខេត្តទេ ប៉ុន្តែចាំមើលក្រសួងសម្រេចយ៉ាងម៉េច។ យើងក៏ស្នើសុំទីប្រឹក្សាខាងបរិស្ថាន និងបច្ចេកទេស ដែលមានការជួយឧបត្ថម្ភផ្សេងៗពីក្រសួងបរិស្ថាន»។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែកញ្ញាថា ការប្រមូលសំរាមនៅស្រុករលាប្អៀរក្នុងពេលបច្ចុប្បន្នមានមិនច្រើនប៉ុន្មានទេ។ជាមធ្យមសំរាមដែលប្រមូលបានមានប្រមាណ ៥ តោន ដែលក្រុមហ៊ុនឯកជននិងភាស៊ីផ្សារបានសហការប្រមូលយកទៅចាក់ចោលលើដីឯកជនរបស់ខ្លួន ចំណែកប្រជាពលរដ្ឋមួយភាគធំបានប្រមូលដុតចោលដោយខ្លួនឯង។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងសំរាមយើងមានទីប្រជុំជនផ្សារ២ដែលបច្ចុប្បន្នយើងប្រមូលបានគួរសមដែរ តែមិនច្រើនពេកទេ ដោយសារការប្រមូលឥឡូវយើងមានក្រុមហ៊ុនឯកជន ១ ម៉ៅការពីការប្រមូលជាមួយភាស៊ីផ្សារ មានផ្សារព្រៃខ្មែរ និងផ្សារពង្រ ប៉ុន្តែសំរាមយើងមិនទាន់ដាក់នៅកន្លែងរណ្ដៅថ្មីនោះទេ ដោយសារមិនទាន់មានការប្រគល់ទទួល»។
ចំពោះទីតាំងចាក់សំរាមថ្មីនៅក្រុងកំពង់ឆ្នាំងនេះដែរ លោក អភិបាលខេត្តកំពង់ឆ្នាំងប្រាប់ថា ទីលានចាក់សំរាមនេះ សាងសង់លើផ្ទៃដីប្រមាណជាង ១២ ហិកតា គឺជាគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមគម្រោងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ ២០២០។
លោកបន្តថា ទីលានចាក់សំរាមនេះនឹងអាចផ្ទុកសំរាមបានរយៈពេល ៣០ ឆ្នាំទៅមុខ ហើយអាចគ្របដណ្តប់ក្នុងការផ្ទុកសំរាមដែលប្រមូលបានទូទាំងក្រុងកំពង់ឆ្នាំង។ លោកបានបញ្ជាក់ថា៖ «គម្រោងទាំងមូលរួមមាន ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាល អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាម បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូបង្ហូរទឹកភ្លៀង របងព័ទ្ធជុំវិញទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត»។
បើតាមលោកអភិបាលខេត្តកំពង់ឆ្នាំង ទីលានសំរាមនេះជាទីលានគំរូល្អមួយសម្រាប់ខេត្តព្រោះការរៀបចំ គឺគោរពតាមស្តង់ដាល្អ។ លោកថា ទីលានចាក់សំរាមថ្មីនេះ នឹងចូលរួមផ្ដល់សារៈសំខាន់ដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សោភណភាព អនាម័យ បរិស្ថានទីក្រុង ទីប្រជុំជន់ ធានាបានសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក ស៊ុន សុវណ្ណារិទ្ធិ ប្រាប់ទៀតថា គម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមគម្រោងកែលម្អបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបនេះ គឺមានទឹកប្រាក់ប្រមាណ ៣០ លានដុល្លារដោយក្នុងនោះរាប់បញ្ចូលទាំងការសាងសង់ទីលានចាក់សំរាមថ្មី និងការសាងសង់ទំនប់ទឹកក្នុងតំបន់នោះផងដែរ៕