
ទូកត្រៀមសង្គ្រោះពលរដ្ឋពីមូលដ្ឋានលិចទឹកមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ។ រូបថត សហការី
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម លោក លឹម គានហោ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជាឱ្យក្រុមមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានរួមសហការគ្នា ជីកកាយពង្រីកមាត់អូរនិងប្រឡាយនានា ដើម្បីដោះទឹកចេញពីមូលដ្ឋានផ្ទះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងជន់លិច។
លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមថ្លែងថា ក្រុមមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន កំពុងសហការគ្នាជីកស្ដារអូរដូនឪ និងអូរម្កាក់ ដើម្បីបើកមុខទឹកឱ្យហូរចាក់ទៅកាន់បឹងទន្លេសាប តាមរយៈសំណង់ធារាសាស្ត្រអូរចារ។
លោកថ្លែងថា៖ «នៅពេលយើងស្ដារប្រព័ន្ធអូរទាំង ២ នេះរួច វានឹងរួមចំណែកជួយកាត់បន្ថយនូវបញ្ហាគ្រោះទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ បានមួយកម្រិតបន្ថែមទៀត»។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែកញ្ញានេះ មានប្រជាពលរដ្ឋចំនួន ១៣ គ្រួសារហើយ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និង ១៥០គ្រួសារទៀត កំពុងរងផលប៉ះពាល់ដោយទឹកបានជន់លិចចូលដល់ក្រោមផ្ទះរបស់ពួកគេត្រឹមចង្កេះ។
លោកបានបញ្ជាក់ថា៖ «នៅពេលនេះក្រុមការងារ កំពុងបន្តចុះឃ្លាំមើល និងជួយអន្តរាគមន៍ជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកស្ទឹងកំពុងបន្តជន់ឡើងសាជាថ្មីម្ដងទៀត»។
លោក ដាស៊ីណង់ ថ្លែងថា គិតត្រឹមវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃទី ១៩ ខែកញ្ញា ឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំបត់ត្រង់ បានរងការជន់លិចច្រើនជាងគេ។ ការជន់លិចនេះ គឺបណ្ដាលមកពីមានការបាក់ទំនប់សំណង់បង្ហៀរទឹកមួយនៅស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់តាមប្រព័ន្ធស្ទឹង ព្រែក និងអូរធម្មជាតិនានា ពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម ២ យប់ផ្ទួនៗគ្នាមកនេះ។
លោក ហោរ៍ សំណាង មេឃុំរហាត់ទឹក នៃស្រុកមង្គលបុរី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទឹកបានជន់លិចកំណាត់ផ្លូវលំនៅក្នុងឃុំចំនួន ៦ កន្លែង មានប្រវែងសរុប ១ ៤២០ ម៉ែត្រ និងប៉ះពាល់ដល់ដំណាំស្រូវ សរុប ៧៩១ ហិកតា និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៥០៩ ខ្នង។
លោក សំណាង ថ្លែងថា៖ «សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើងខ្ញុំ ការជន់លិចក្នុងកម្រិត ៤-៥ តឹកបែបនេះ គឺមិនជាបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ព្រោះវាបានកើតឡើងស្ទើររាល់ឆ្នាំ»។
ចំណែកនៅឯខេត្តឧត្តរមានជ័យវិញ កម្ពស់ទឹកនៅទំនប់អាងទឹកតាម៉ុក ក្នុងស្រុកអន្លង់វែង ទឹកក៏បានឡើងដល់ ៣,៨២ ម៉ែត្រ លើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ប៉ុន្តែស្ថានភាពទឹកនៅអាចគ្រប់គ្រងបាន។
លោក ញើន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលពីយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតមធ្យម បានបង្កឱ្យទឹកនៅក្នុងទំនប់អាងទឹកតាម៉ុក ដែលពេញប្រៀបទៅហើយនោះ បានជន់ឡើងលើសពីកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ២ សង់ទីម៉ែត្រ។ ប៉ុន្តែជំនន់ទឹកភ្លៀងនៅតំបន់ស្រុកចុងកាល់ ស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ទឹកបានចាប់ផ្ដើមស្រកជាបណ្ដើៗឡើងវិញហើយ។
លោកថ្លែងថា៖ «កម្ពស់ទឹកត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន សម្រាប់តំបន់ទំនប់អាងទឹកតាម៉ុក ក្នុងឃុំ-ស្រុកអន្លង់វែង នៅព្រឹកថ្ងៃទី ១៩ កញ្ញា គឺ ៣,៨០ ម៉ែត្រ ចំណែកកម្រិតប្រកាសអាសន្ន ទឹកមានកម្ពស់ ៤,៥០ ម៉ែត្រ។ អ៊ីចឹងទេ ស្ថានភាពទឹក គឺយើង នៅអាចគ្រប់គ្រងបាននៅឡើយ»។
បើតាមលោក កួន កាលពីយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយម បានចល័តគ្រឿងចក្រចុះកាយដីទប់ទឹក ដែលហូរកាត់ពីលើខ្នងទំនប់ត្រពាំងវែង ស្ថិតក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង និងទំនប់ចុងកាល់នៅឃុំ-ស្រុកចុងកាល់។ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ក្រុមការងារបានបន្តចុះជីកកាយដីទប់ខ្នងទំនប់ប្រឡាយ និងអូរមួយចំនួនទៀត នៅក្នុងឃុំព្រះប្រឡាយ នៃស្រុកត្រពាំងប្រាសាទ។
ដោយឡែកកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅក្នុងសប្ដាហ៍នេះ បានបន្តជន់ឡើងគួរឱ្យកត់សម្គាល់ ដែលទាមទារឱ្យពលរដ្ឋដែលរស់នៅអមសងខាងស្របតាមដងទន្លេទាំងនេះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ និងការបាក់ច្រាំងទន្លេ។ នេះបើយោងព្រឹត្តិបត្រព្យាករណ៍ស្ថានភាពកម្ពស់ទឹកទន្លេរបស់ក្រសួងធនធានទឹក និងឧតុនិយមដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២។
តាមរយៈព្រឹត្តិបត្រព្យាករណ៍កម្ពស់ទឹកទន្លេនោះ កម្ពស់ទឹកនៅស្ថានីយជលសាស្ត្រស្ទឹងត្រែង គិតត្រឹមថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ទឹកទន្លេមេគង្គនឹងបន្តជន់ឡើងដល់កម្រិតកម្ពស់ ៨,០៧ ម៉ែត្រ ខណៈកម្រិតកម្ពស់ត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ។ នៅស្ថានីយកោះខែល ទឹកទន្លេបាសាក់នឹងបន្តឡើងដល់ ៧,០១ ម៉ែត្រ ខណៈកម្រិតកម្ពស់ត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ៩,៩០ ម៉ែត្រ និងនៅស្ថានីយព្រែកក្ដាម ទឹកទន្លេសាបនឹងបន្តជន់ឡើងដល់៧,២០ ម៉ែត្រ ខណៈកម្រិតកម្ពស់ត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ៩,៥០ ម៉ែត្រ៕