ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​លោក​ ស ខេង​ ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​លើក​ទី​១៦ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ​ចាប់ពី​ថ្ងៃទី​ ២១-២២ ​ខែកញ្ញា ​តាម​ប្រព័ន្ធ​វីដេអូ​។​

កិច្ចប្រជុំ​នេះ​ គឺជា​វេទិកាសម្រាប់​រដ្ឋមន្ត្រី​មកពី​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​ធ្វើការ​ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​បច្ចុប្បន្នភាព​អំពី​និន្នាការ​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្នុង​តំបន់ និង​សកល​ ជាពិសេស​លើ​ប្រភេទ​នៃ​ឧក្រិដ្ឋកម្ម​ទាំង​ ១០​ ដែល​បានកំណត់​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហ​ប្រតិបត្តិការ​របស់​អាស៊ាន​។​

​ប្រភេទ​នៃ​ឧក្រិដ្ឋកម្ម​ទាំង ​១០​ នោះ​ រួមមាន​ ការរត់ពន្ធ​អាវុធ អំពើ​ភេរវកម្ម ​ការសម្អាត​ប្រាក់​ អំពើ​ប្លន់​លើ​ផ្ទៃសមុទ្រ ​ការរត់ពន្ធ​មនុស្ស ​ការជួញដូរ​មនុស្ស​ បទល្មើស​សេដ្ឋកិច្ច​អន្តរជាតិ ​បទល្មើស​បច្ចេកវិទ្យា ​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ​និង​ការជួញដូរ​សត្វព្រៃ និង​ឈើ​ខុសច្បាប់​។

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី ​១៩ ខែកញ្ញា​ថា​៖ «កិច្ចប្រជុំ ក៏​នឹង​ពិនិត្យ ពិភាក្សា​លើ​កម្មវិធី​ការងារ និង​ផែនការ​សកម្មភាព​ ដែល​បាន​ដាក់ចេញ​កន្លងមក​ ដើម្បី​ឈានទៅ​កំណត់​ទិសដៅ​អនុវត្ត​បន្ត​»​។​

ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចប្រជុំ​នេះដែរ​ ក្រសួង​មហាផ្ទៃ​ ក៏​នឹង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ ​ពិគ្រោះ​យោបល់​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​ដៃគូ​សន្ទនា បូក​ ៣ រួមមាន ចិន ​ជប៉ុន ​និង​កូរ៉េខាងត្បូង ​លើក​ទី១២​។​

កាលពី​ថ្ងៃទី​ ១៤ ​ខែកញ្ញា អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) សហការ​ជាមួយ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​(គជបជ)​ បានរៀបចំ​សិក្ខាសាលា ​ដើម្បី​ប្រមូល​មតិយោបល់ ​និង​ធាតុ​ចូល​ពី​ក្រសួង​រដ្ឋាភិបាល​សំខាន់ៗ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ដើម្បី​បង្កើត​នីតិវិធី​បទដ្ឋាន នៃ​យន្តការ​បញ្ជូន​ថ្នាក់ជាតិ ​សម្រាប់​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ​និង​ជន​ទេ​សន្តរ​ប្រវេសក៍​ដែល​ងាយ​រងគ្រោះ​។

លោកស្រី ​Kristin Parco ​ប្រធាន​បេសកកម្ម​អង្គការ ​IOM ថ្លែងថា​៖«អំពើ​ជួញដូរ​មនុស្ស គឺជា​ទម្រង់​នៃ​ទាសភាព​សម័យ​ទំនើប ជា​បទល្មើស​ធ្ងន់ធ្ងរ ដែល​ជះ​ផលប៉ះពាល់​ជា​អវិជ្ជមាន​រយៈពេល​វែង ទៅលើ​ជនរងគ្រោះ និង​សង្គមជាតិ​ទាំងមូល​»។​

កាលពី​ខែកក្កដា ​កម្ពុជា​ក៏បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ (SOMTC) លើក​ទី​២២ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​រយៈពេល​៣​ថ្ងៃ​តាម​ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំ​នេះ​គឺជា​វេទិកា​សម្រាប់​មន្ត្រី​ជាន់ខ្ពស់​មកពី​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​ ជួប​ពិភាក្សា​លើ​កម្មវិធី​ការងារ និង​ពិនិត្យ​ឡើងវិញ​នូវ​ផែនការ​សកម្មភាព ដែល​បាន​ដាក់ចេញ​កន្លងមក​ ដើម្បី​ឈានទៅ​កំណត់​ទិសដៅ​អនុវត្ត​បន្ត​៕