ភ្នំពេញៈ ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​) នឹង​ប្រកាស​សាលដីកា​ក្នុង​សំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង ខៀវ សំផន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២២ ខាងមុខ ដែលជា​សាលដីកា​ចុងក្រោយ​បិទផ្លូវ​តវ៉ា ហើយ​ឈានទៅ​បញ្ចប់​ដំណើរការ​កាត់ក្តី​លើ​សំណុំរឿង​ខ្មែរក្រហម បន្ទាប់ពី​សំណុំរឿង ០០៣ និង ០០៤ ត្រូវ​រំសាយ​ ពោលគឺ​សាលាក្តី​ខ្មែរក្រហម​នឹង​បិទ​បញ្ចប់​ដំណើរការ​រប​ស់​ខ្លួន ដែល​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាង ១៦ ​ឆ្នាំ និង​ចំណាយ​ថវិកា​អស់​ប្រមាណ ៣៣៧​ លាន​ដុល្លារ​។​

កាលពី​ថ្ងៃទី​ ២៥ ខែសីហា ឆ្នាំ​ ២០២២ សាលាក្តី​ខ្មែរក្រហម បានចេញ​សេចក្តីប្រកាស​ពី​គម្រោង​ប្រកាស​សាលដីកា​សំណុំរឿង​ ០០២/០២ ពាក់ព័ន្ធ​នឹង ខៀវ សំផន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២២ ឆ្លើយតប​ទៅនឹង​បណ្តឹងសារទុក្ខ​របស់លោក ខៀវ សំផន ក្រោយ​មិន​សុខចិត្ត​ទៅនឹង​សេចក្តីសម្រេច​របស់​តុលាការ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​លើ​សំណុំរឿង ០០២/០២​។ សេចក្ដីសម្រេច​លើ​សំណុំរឿង​ ០០២ វគ្គ​ ២ ដែល​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្រោម​បទ​ចោទ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ ខណៈ​ខ្លួន​នៅ​កាន់អំណាច​។ តុលាការ​បានដាក់​បញ្ចូល​ទោស​នេះ​ជាមួយ​ទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ដែល​បានប្រកាស​នៅក្នុង​សំណុំរឿង ០០២/០១​។​

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បានបង្ហាញ​ភាព​វិជ្ជមាន​ចំពោះ​ការបិទ​បញ្ចប់​ជា​ស្ថាពរ​នៃ​សំណុំរឿង ០០២/០២ នេះ បើទោះបីជា​ជនជាប់ចោទ នៅសល់តែ​លោក​ ខៀវ សំផន តែ​ម្នាក់​ក៏ដោយ​។ លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បច្ចុប្បន្ន​មាន​អាយុ ៩១ ​ឆ្នាំ​ គឺ​ជនជាប់ចោទ​តែ​ម្នាក់​គត់​ដែល​នៅ​រស់រានមានជីវិត​ក្នុងចំណោម​ជនជាប់ចោទ ៤ ​រូប នៅក្នុង​សំណុំរឿង ​០០២​។

យ៉ាងណាក៏ដោយ សម្រាប់​លោក នេត្រ ភក្ត្រា នេះ​គឺជា​សមិទ្ធផល​វិជ្ជមាន​នៃ​សាលាក្តី​ខ្មែរក្រហម​ក្នុងការ​ដាក់ទោស​ឧក្រិដ្ឋ​ជន​ប្រវត្តិសាស្ត្រ​លើ​ការសម្លាប់​រង្គាល និង​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ជាពិសេស​គឺ​ស្វែងរក​ការពិត និង​យុត្តិធម៌ ជូន​ដល់​ជនរងគ្រោះ​នារ​បប​ខ្មែរក្រហម និង​សម្រាប់​ប្រព័ន្ធយុត្តិធម៌​អន្តរជាតិ​។

លោក នេត្រ ភក្ត្រា បន្តថា​៖ «​វា​មាន​សារប្រយោជន៍​ក្នុងការ​បង្ហាញ​ប្រាប់​ទៅដល់​សាធា​រណ​ជន​ថា ហេតុអ្វី​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​? ហេតុអ្វី​ចាប់បង្ខំ​ឲ្យ​រៀប​អា​ពា​ហ៍ពិពាហ៍​? ហេតុអ្វី​ត្រូវបង្កើត​សហ​ករណ៍ ការសម្អាត​ផ្ទៃក្នុង និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត​? ជាការ​បង្ហាញ​ការពិត​សម្រាប់​ជនរងគ្រោះ​ទាំង​អ្នក​ដែល​បាន​បាត់បង់​ជីវិត និង​នៅ​រស់រានមានជីវិត ព្រមទាំង​ជាការ​ស្តារ​កិត្តិយស​និង​ផ្សះផ្សាផ្លូវចិត្ត ជាពិសេស​បំផុត គឺ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​»។

អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​រូបនេះ បន្ថែមថា ទាំង​សាលក្រម​សំណុំរឿង ០០២/២ នេះ និង​ការ​ជំនុំ​ជម្រះ​កន្លងមក គឺជា​មេរៀន​មួយ​សម្រាប់​ពិភពលោក ជាពិសេស​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ថា ការប្រព្រឹត្តអំពើ​សម្លាប់​រង្គាល​មនុស្ស​ជិត ២ ​លាន​នាក់​នោះ លទ្ធផល​ចុងក្រោយ​គឺ​ត្រូវ​ទទួលទោស​ចំពោះមុខ​ច្បាប់​ដូចនេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏បាន​ឆ្លុះបញ្ចាំង​ពី​កំហុស​របស់​មេដឹកនាំ​ប្រទេសមួយ​ដែល​បាន​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​គ្រោះមហន្តរាយ​។​

លោក​ នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ដំណើរការ​ក្តី​របស់​សាលា​ក្តី​ខ្មែរក្រហម​ជាង ១៦ ​ឆ្នាំ ដែល​ចំណាយ​កញ្ចប់​ថវិការ​ជិត ៣៣៧​ លាន​ដុល្លារ​មកនេះ គឺមាន​ស្មារតី​ស្វែងរក​ការពិត និង​យុត្តិធម៌ មិនមែន​បង្កើតឡើង​ដើម្បី​សងសឹក​នោះឡើយ​ និង​ថា នេះ​ជាគោលការណ៍​បង្រួបប​ង្រួ​ម​ជាតិ ដើម្បី​សុខសន្តិភាព​។​

ស្រដៀង​គ្នា​នេះ លោក​មេធាវី​ សុក សំអឿន ជា​មេធាវី​ការពារ​សិទ្ធិមនុស្ស​ចាស់វស្សា ​និង​ជា​អ្នកតាមដាន​ដំណើរការ​ក្តី​របស់​សាលាក្តី​ខ្មែរក្រហម​ ១ រូប​ដែរនោះ​ យល់ថា ការបិទ​បញ្ចប់​សំណុំរឿង ០០២ ត្រឹមនេះ គឺជា​ការល្អ ហើយ​លោក​យល់ថា ​តុលាការ​កូនកាត់​នេះ ដំណើរ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ទៅហើយ​។ ចំណែក​ជនជាប់ចោទ​វិញ​ក៏មាន​សិទ្ធិ​គ្រប់គ្រាន់​ដែរ ដែល​វា​ល្អ​ជាង​តុលាការ​ធម្មតា​ទៅទៀត​។​

លោក សុក សំអឿន ដែលជា​មេធាវី​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ បន្ថែមថា សាលាក្តី​ខ្មែរក្រហម​បាន​ចូលរួមចំណែក​ច្រើន​ក្នុង​ការផ្តល់​ការសិក្សា​រៀនសូត្រ​សម្រាប់​កូន​ខ្មែរ ព្រមទាំង​បានផ្តល់​ការងារ​ជូន​បុគ្គលិក​ខ្មែរ​ដែល​អាចមាន​សមត្ថ​ភាព​ជ្រោមជ្រែង​ផ្នែក​យុត្តិធម៌​សម្រាប់​ជាតិ ហើយ​អាចជា​គំរូ​សម្រាប់​ប្រព័ន្ធតុលាការ​កម្ពុជា​ផង​។

ក្រៅពីនេះ លោក​មេធាវី​ សុក សំអឿន សង្កត់ធ្ងន់ថា​៖«​លទ្ធផល​នៃ​ដំណើរការ​កាត់ក្តី​នេះ ជា​សញ្ញា​ប្រាប់​ពិភពលោក ជាពិសេស​មេដឹកនាំ​ប្រទេស​នានា​ថា ពួកគេ​មិនអាច​គេច​ផុតពី​ផ្លូវច្បាប់​ឡើយ​។ ចូរ​កុំ​ប្រព្រឹត្ត​អំពើ​ផ្តេសផ្តាស​។ ចំណែក​ដំណើរការ​កាត់ក្ដី​វិញ វា​ជា​ថ្នាំ​ព្យាបាល​ជំងឺផ្លូវចិត្ត​សម្រាប់​ជនរងគ្រោះ​ទាំងអស់​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។​

សម្រាប់​លោក​បណ្ឌិត Timothy Williams ជា​អ្នកស្រាវជ្រាវ​លើ​បញ្ហា​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​និង​ធ្លាប់​សិក្សា​ពី​បញ្ហា​ខ្មែរក្រហម​ផងដែរ​នោះ យល់ថា ដំណើរ​កាត់ក្តី​របស់រ​បស់​សាលាក្តី​ខ្មែរក្រហម​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ទោះបី​ធ្លាប់មាន​នយោបាយ​លើកលែងទោស​ដល់​មេដឹកនាំ​ខ្មែរក្រហម​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ក្តី ប៉ុន្តែ​វា​ជាការ​ដាក់បន្ទុក​ទទួល​ខុសត្រូវ​របស់​កំហុស​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​។​

​លោក​បាន​បន្តថា​៖ «​វា​ជា​ដំណើរការ​កាត់ក្ដី​ដែលមាន​កម្រិត​។ មាន​មនុស្ស​តិច​ណាស់​ដែល​តុលាការ​ចាត់ទុកថា ជា​អ្នកទទួលខុសត្រូវ​លើ​សោកនាដកម្ម​នៃ​របប​ខ្មែរក្រហម​។ ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នក​រស់រានមានជីវិត​ពី​របប​នេះ​ភាគច្រើន ហើយ​ពួកគេ​មាន​អារម្មណ៍​ថា​វា​មិនទាន់​គ្រប់គ្រាន់​ពេញលេញ​នៅឡើយ​ទេ»។​

លោក​សាស្ត្រាចារ្យ Timothy Williams បង្ហាញ​ឆន្ទៈ​មួយ​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ និង​ជាពិសេស​រដ្ឋាភិបាល​កម្ពុ​ជា បង្កើត​គណៈ​កម្ម​ធិ​ការ​មួយ​ដាច់ដោយឡែក ដើម្បី​ស្វែងរក​ការពិត ជុំវិញ​បញ្ហា​ខ្មែរក្រហម បើទោះបី​លោក​ថា វា​ប្រហែល​នឹង​ពិបាក​សម្រេចបាន​ព្រោះ​លក្ខខណ្ឌ​ស្ថានការណ៍​នយោបាយ​។ បន្ថែម​ពីលើ​នេះ លោក​ក៏​អំពាវនាវ​ឲ្យ​មាន​មូលនិធិ​កាន់តែច្រើន​ក្នុងប្រទេស ដើម្បី​ផ្តល់ជូន​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត លើ​ការចងចាំ​ចំពោះ​របប​ខ្មែរក្រហម​មួយ​នេះ​៕