ភ្នំពេញៈ អ្នកស្ម័គ្រ​ចិត្ត​មកពី​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯក​ជន រួមគ្នា​ធ្វើ​យុទ្ធនាការ «ជំរុញ​ការអាន​នៅ​កម្ពុជា ២៥ រាជធានី-ខេត្ត រួមគ្នា​លើកកម្ពស់​ការអាន​នៅតាម​សហគមន៍» ដើម្បី​ប្រមូល​ការគាំទ្រ​សម្រាប់​ឈាន​ទៅ​អនុវត្ត​គម្រោង សៀវភៅ ​១ សហ​គមន៍​ ១ នៅ​ដើមឆ្នាំ​ ២០២៣ ​ខាង​មុខ។

តាម​ការប្រកាស​របស់​គម្រោង​សៀវ​ភៅ​ ១ សហគមន៍​ ១ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុកបានឱ្យ​ដឹង​ថា «យុទ្ធនាការ ​ជំរុញ​ការអាន​នៅ​កម្ពុជា ២៥ រាជធានី ខេត្ត​ រួមគ្នា​លើកកម្ពស់​ការអាន​នៅតាម​សហគមន៍» គឺជា​ផ្នែក​មួយ​ដើម្បី​ស្វែងរក​ការចូលរួម​បរិច្ចាគ​ជា​ថវិកា និង​ការគាំទ្រ​តាម​សកម្ម​ភាព​ផ្សេងៗទៅ​តាម​លទ្ធភាព ដើម្បី​រួមគ្នា​លើកកម្ពស់​ការអាន​នៅតាម​សហគមន៍​​នៅ​ទូទាំង​ ២៥ រាជ​ធានី​ ខេត្ត។

កញ្ញា ហ៊ាង វ​ត្ថី ម្ចាស់​អាជីវកម្ម Riel Tiger Solutions Co.,LTD ដែលជា​សហ​ស្ថាប័ន​ម្នាក់​ក្នុង​គម្រោងសៀវភៅ​ ១ សហគ​មន៍ ១ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៩ កញ្ញា​ថា ដើម្បី​ឈានទៅ​អនុវត្ត​គម្រោង សៀវភៅ​ ១ សហគមន៍ ​១ ក្នុង​ពេល​ខាង​មុខ ក្រុម​ការងារ ក៏ដូចជា​សហ​ស្ថាបនិក បាន​រួមគ្នា​បង្កើតជា​ព្រឹ​ត្តិការណ៍ និង​យុទ្ធនាការ​មួយចំនួន ដើម្បី​ប្រមែ​​ប្រមូល​ថវិកា ក៏ដូច​ជា​ការ​គាំទ្រ​នានា ពី​បណ្តា​សាធា​រណ​ជន ដៃគូ​អភិវឌ្ឍន៍​និង​ស្ថាប័ន​រដ្ឋ​នានា។

កញ្ញាបាន​បន្តថា គម្រោង​សៀវភៅ ​១ សហគ​មន៍​ ១ គ្រោង​នឹង​ប្រកាស​អនុវត្ត​នៅ​ដើមឆ្នាំ​ ២០២៣ ចាប់ពី​ថ្ងៃទី ១ ខែ​មករា ឆ្នាំ​ ២០២៣ រហូត​ដល់​បញ្ចប់​ឆ្នាំ ២០២៤ ខាងមុខ។

ដោយ​សារ​តែ​គម្រោង​នេះ គឺ​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត នៅក្នុង​វិស័យ​ឯក​ជន និង​សង្គម​ស៊ីវិល ជាពិសេស គឺ​អ្នក​ដែល​ស្រឡាញ់​ការអាន ក​ញ្ញ​បាន​បន្តថា នៅ​ចំពោះ​មុខ គឺ​ចាំបាច់​ណាស់ ត្រូវការ​ការគាំទ្រ​បន្ថែម​ពី​សាធា​រណ​ជន ជាពិសេស​ស្ថា​ប័ន​ពាក់​ព័ន្ធ។

កញ្ញាបាន​បញ្ជាក់​ថា៖ «មក​ដល់​ពេល​នេះ យើង​បាន​ទទួល​ការគាំ​ទ្រ ពី​ស្ថាប័ន​នានា គឺ​ជាង ៣០ ហើយ។ ស្ថាប័ន​ទាំង​នោះ គឺ​មកពី​វិស័យ​ឯកជន បណ្ណា​ល័យ ពី​សាធារណ​ជន ក៏ដូចជា​មក​ពី​ផ្នែក​អ្នកនិពន្ធ។ ម្នាក់ៗ គឺអាច​ចូលរួម​គាំទ្រ​ជាការ​​បរិច្ចាគ​សៀវភៅ ជាការ​ចូលរួម ជាការ​មក​រៀបចំ​កម្ម​វិធី ឬក៏​ការចែក​រំលែក​នូវ​ថវិកា​តិច​តួច ​ដើម្បីឱ្យ​គម្រោង​នេះ អាច​ដំណើរ​ការ​ទៅ​បាន»។

យោងតាម​ការស្ទង់​មតិ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ឆ្នាំ ២០១៤ ប្រទេស​កម្ពុ​ជា មាន​អត្រា​អក្ខរកម្ម​ទាប​បំផុត​ទី​២​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន បន្ទាប់ពី​ប្រទេស​ឡាវ និងប្រហែល ​២៩​ ភាគរយ នៃ​ប្រជា​ជន​សរុប គឺ​ខ្វះ​ជំនាញ​អាន និង​សរសេរ​ជា​មូលដ្ឋាន។

ចំណែក​ការរក​ឃើញ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​យុវជន​ជាតិ (NYDC 2021) នៅ​កម្ពុជា បាន​បង្ហាញ​ថា កម្ពុជា ជា​ប្រទេស​ដែល​មាន​យុវជន​ ៣២​ ភាគរយ​ដែល​មាន​អាយុ​ពី ១០ ដល់ ២៤ ឆ្នាំ និង ៧១ ភាគរ​យ នៃ​យុវជន​មិន​បាន​សិក្សា​ជា​ផ្លូវ​ការ។

កញ្ញា ហ៊ាង វ​ត្ថី បាន​អះ​អាងថា កត្តា​នេះហើយ ដែល​ធ្វើ​ឱ្យ​ក្រុម​ការងារ និង​អ្នកស្ម័គ្រ​ចិត្ត រួមគ្នា​បង្កើត​គម្រោង​នេះ​ឡើង ដើម្បី​ជំរុញ​ការអាន និង​លើកកម្ពស់​ការ​អាន​នៅតាម​សហគ​មន៍ តាមរយៈ​ការ​បង្កើត​ការ​ប្រកួត​ប្រជែង​ការអាន ការចែក​សៀវ​ភៅ ការ​បង្កើត​បណ្ណា​ល័យ​ចល័ត ការ​អ​ភិវ​ឌ្ឍ​បណ្ណា​ល័យ និង​ផ្សារ​ណាត់​ឱ្យបាន​ ២៥ រាជ​ធានី ​ខេត្ត។

កញ្ញាបាន​បញ្ជាក់​បន្ថែម​ថា៖ «​ការ​បង្កើន​បច្ចេក​វិទ្យា និង​ឧបករណ៍​ឆ្លាត​វៃ បានជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​កុមារ និង​យុវជ​ន​។ ការចំណាយ​ពេលវេលា​ច្រើនពេក​ លើ​ឧបករណ៍​ឆ្លាត​វៃ និង​អ៊ី​ន​ធឺ​ណិត​ដែល​ពួកគេ​ចូល​ប្រើ គឺ​បង្កបញ្ហា​ជាពិសេស​ការអភិវឌ្ឍ​របស់​កុមារ រួមទាំង​បញ្ហា​ដំណេក ឬ​ការ​គេង​មិន​លក់ សុខភាព​រាងកាយ​ជាដើម។ ​គម្រោង​នេះ គឺ​ជាសកម្ម​ភាព​មួយ​ជួយ​ដល់​សង្គម និង​ចូល​រួម​ចំណែក​កាត់​បន្ថយ​បញ្ហា​ទាំង​នេះ នៅក្នុង​សង្គម​កម្ពុជា»។

តាម​ឯកសារ​គម្រោង​សៀវភៅ​ ១ សហគមន៍​ ១ ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន កាលពី​ថ្ងៃទី ១៩ កញ្ញា បាន​អះអាង​ថា គម្រោង​នេះ នឹងចូល​រួម​ជំរុញ​ឱ្យ​ស្ថាប័ន​មួយ​ចំនួន​ ទទួលយក​វប្បធម៌​អាន និង​ចំណេះដឹង​ក្នុង​ប្រតិបត្តិការ​របស់​ពួកគេ ខណៈ​សៀវភៅ ២៥ ០០០ ក្បាល និង​បណ្ណា​ល័យ​ចំនួន ២៥ ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្តល់​ទៅ​ដល់​អ្នកអាន​ចន្លោះ​ពី ៥ ម៉ឺន ទៅ ៧ ម៉ឺន​នាក់​នៅ​ទូទាំង​ ២៥​ រាជ​ធានី ​ខេត្ត។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជ​ន និង​កីឡា បាន​លើក​ឡើង​ថា ក្រសួង​អប់រំ ស្វាគ​មន៍ និង​លើកទឹក​ចិត្ត​​​ចំពោះ​កិច្ច​សហការ​វិជ្ជមានរ​បស់​ស្ថាប័នពាក់ព័ន្ធ​ក្នុងការ​លើកកម្ពស់​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​យុវជន និង​កម្មវិធី​សិក្សា​ផ្សេង​ទៀត ក្នុងន័យ​ចូល​រួម​លើក​កម្ពស់​គុណ​ភាព​យុវជន​សម្រាប់​ការចូល​រួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

លោកបាន​បញ្ជាក់​ថា៖ «យុវ​ជន​សតវត្សរ៍​ទី២១ ជា​យុវជន​បន្តវេន និង​ជា​សសរទ្រូង​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋ​កិច្ច​កម្ពុជា ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ​ ២០៣០ និង ២០៥០។ ដូចនេះ យុវជន ត្រូវ​បន្ត​ទទួលបាន​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​ទិដ្ឋភាព និង​តាម​គ្រប់​រូបភាព»។

បើតាម​លោក​ រស់ សុវាចា ស្ថិត​ក្នុង​គោល​បំណង​បណ្តុះ​ទម្លាប់​អាន​ ជំរុញវប្បធម៌​អាន​ លើក​កម្ពស់​សម​ត្ថ​ភាព​អាន​ និង​តែង​និពន្ធ​ រាជ​រដ្ឋាភិបាល​ បាន​កំណត់​យក​ថ្ងៃទី​ ១១​ មីនា ជាថ្ងៃ​ប្រារព្ធទិ​វាជាតិ​អំណាន​ជារៀង​រាល់​ឆ្នាំ។

បន្ថែម​ពី​នេះ លោក​ថា ក្រសួងក៏បាន​រៀបចំ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​ជារៀង​រាល់​ឆ្នាំ​តាំង​ពីឆ្នាំ​ ២០១៦ រហូត​ម​ក​ដល់​បច្ចុប្បន្ន ដែល​មាន​ការ​រៀបចំ​ការ​អាន​ជាសកល​ និង​ការប្រកួត​ប្រជែង​លើ៣​វិញ្ញាសា គឺការអានអត្ថបទ​ ការស្មូត​កំណាព្យ និង​ការ​តែង​និពន្ធ ដើម្បី​ទទួល​ពាន​រង្វាន់​«សម្តេច​តេជោ​ហ៊ុន សែន» រួមទាំង​កម្មវិធីសិក្សា​នៅតាម​សាលា និង​តាម​បណ្ណា​ល័យ​​ជាច្រើន៕