ភ្នំពេញៈ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ចូល​រួម​មហា​សន្និបាត​អង្គការ​​សហ​ប្រជា​ជាតិ នៅ​ទីក្រុង​ញូវ​យ៉ក សហរដ្ឋ​អាមេ​រិក បំពេញ​ទស្សនកិច្ច​នៅ​គុយបា និង​ចូល​រួម​ពិធី​បុណ្យ​សព​ លោក ស៊ីនហ្សូ អាបេ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន នៅ​ប្រទេស​ជប៉ុន ក្នុង​រយៈ​ពេល ​៩ ​ថ្ងៃ ចាប់​ពីថ្ងៃ​ទី​ ២១-២៨ ខែ​កញ្ញា។

គណៈ​ប្រតិភូ​ដែល​នឹង​អម​ដំណើរ​លោក ហ៊ុន សែន ​រួម​មាន លោកប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ លោក ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា និង​លោក ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល ព្រម​ទាំង​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់ របស់​រដ្ឋាភិបាល​ផ្សេង​ទៀត​។

លោក ហ៊ុន សែន នឹង​ចូល​រួម​សម័យ​ប្រជុំលើក​ទី៧៧ នៃកិច្ច​ពិភាក្សា​ទូទៅ​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ ក្រោម​ប្រធាន​បទ «ចំណុច​របត់​សំខាន់​នៃ​ការ​ផ្លាស់​ប្តូរ​មិន​អាច​ត្រឡប់​ក្រោយ​បាន​៖ ដំណោះស្រាយ​បរិវត្ត​កម្ម​ចំពោះ​បញ្ហា​ប្រឈម​ប្រទាក់​ក្រឡា​គ្នា» ចាប់ពី​ថ្ងៃទី ២​១-២៣ ខែ​កញ្ញា​។

សេចក្តី​ប្រកាសព័ត៌​មាន​ក្រសួង​ការបរ​ទេស​ បញ្ជាក់​ពីថ្ងៃទី ​១៩ ខែក​ញ្ញាថា លោក​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ជាតិ​របស់​កម្ពុជា នៅ​ក្នុង​កិ​ច្ច​ពិភា​ក្សាទូទៅ​របស់ម​ហាសន្និ​បាត​នេះ។

បទ​អន្តរាគម​ន៍​នេះ នឹង​ផ្តោត​លើតួនាទី​ស្ថាបនា​របស់​កម្ពុជា ​ក្នុង​ការគាំទ្រ​ពហុភាគី​និយម​ផ្អែក​លើ​គោលការណ៍​ច្បាប់ ការ​រួម​សហការ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ផ្នែក​សុខភាព​ជាសកល​ដែល​កំពុង​បន្តកើត​មាន ការ​ប្រែប្រួល​អាកាស​ធាតុ ការ​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជ​កម្ម ពហុភា​គី គោល​នយោ​បាយ​ឌីជីថល​ និង​សេដ្ឋ​កិច្ច​បៃ​តង ព្រម​ទាំង​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ផ​លប៉ះពាល់​នៃជំងឺ​រាតត្បាត​​កូវីដ​ ១៩ និង​ការ​រក្សាបាន​នូវ​និរន្តរភាព​នៃកំណើន​សេដ្ឋ​កិច្ច-សង្គម​យូរ​អង្វែង។​

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ស្នាក់​នៅទីក្រុង​ញូវ​យ៉ក លោក​ ហ៊ុន សែន ក៏នឹង​មាន​ជំនួប​បន្ត​បន្ទាប់​គ្នា​ជាមួយ​ លោក អាន់តូ​នីញ៉ូ ហ្គូតឺរ៉េ​ស អគ្គលេខាធិ​ការ​អង្គការ​សហប្រជា​ជាតិ លោក​ ឆាលស៍ មីឆែល ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប លោក​ស្រី សេក្ខ ហាស៊ី​ណា នាយក​រដ្ឋ​មន្ត្រី​បង់​ក្លាដែ​ស លោក​ ចូហ្សេ ម៉ានូ​អែល​ រ៉ាមូស អរតា ប្រធានាធិ​បតីទីម័រ​ខាង​កើត ហើយ​និង​ថ្នាក់​ដឹក​នាំផ្សេង​ទៀត​​។

ខណៈពេ​លអម​ដំណើរ​លោក ហ៊ុន សែន ចូល​រួមក្នុង​មហាសន្និ​បាត​នេះ​លោក ប្រាក់ សុខុន នឹង​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវ​ការ​របស់​រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន ​ដែល​នឹង​រៀប​ចំឡើង​នៅ​ក្នុង​ឱកាស​នៃ​មហាសន្និបាត​នេះ ហើយ​លោក​នឹង​មាន​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​មួយ​ចំនួន និង​តំណាង​ស្ថាប័ន​អភិវឌ្ឍន៍​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មានបាន​ឱ្យដឹង​ថា លោក ហ៊ុន សែន នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​ពីថ្ងៃ​ទី ២៣-២៥ ខែ​កញ្ញា តប​តាម​ការ​អញ្ជើញ​របស់​លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូ​ដេស។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​​ឯក​ឧត្តម ប្រធានាធិប​តី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេ​ស ពិភាក្សា​អំពីមធ្យោ​បាយ ដើម្បី​បន្ត​ពង្រឹង​ចំណង​មិត្ត​ភាព​ដ៏រឹងមាំ​រវាង​កម្ពុជា​និង​គុយបា និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេង​ៗ​»។

បន្ទាប់​ពីជំនួប​នេះ មេដឹកនាំ​ទាំង​ ២​ នឹង​ធ្វើជា​អធិបតី​ក្នុងពិធី​ចុះហត្ថ​លេខា​លើឯកសារ​ចំនួន​ ៥ រួមមា​ន ១. កម្មវិធី​នៃកិច្ច​សហប្រតិបត្តិ​ការ និង​ការផ្លាស់​ប្តូរវ​ប្បធម៌​ ២. អនុស្ស​រណៈ​យោគ​យល់ គ្នា ស្តីពីកិច្ច​សហប្រតិបត្តិ​ការរ​វាងវិទ្យាស្ថា​នកា​រ​ទូត​នៃប្រទេស​ទាំង ២, ៣. អនុស្សរ​ណៈយោគ​យល់​គ្នា ស្តីពី​កិច្ច​សហប្រ​តិបត្តិការ​លើការ​អភិវឌ្ឍ​កីឡា ​៤. គម្រោង​កិច្ចស​ហប្រតិបត្តិ​ការ​រវាង​ក្រសួង​ការ​បរទេស​នៃប្រទេស​ទាំង​ ២ និង​ ៥. អនុស្ស​រណៈយោគ​យល់​គ្នា​រវាង​ក្រសួង​សុខា​ភិបាល​កម្ពុជា-គុយបា។

លោក ហ៊ុន សែន នឹង​មានជំនួប​ជាមួយ​លោក អេស្តេបា​ន ឡាហ្សូ ហឺណាន់​ដេស ប្រធាន​រដ្ឋសភា​នៃ​អំណាច​ប្រជាជន​គុយបា។

លោកក៏រំពឹង​ថា នឹង​មាន​ជំនួប​ជាមួយលោ​ក រ៉ាអ៊ូល កាស​ស្រ្តូ អតីត​ប្រធានា​ធិបតី​គុយ​បាផងដែ​រ។

ប្រភព​ដដែល​បន្ត​ថា នៅរដ្ឋធានី​ហាវ៉ា​ណា លោកនឹងទៅ​ទស្សនា​មជ្ឈ​មណ្ឌល ហ្វីដែល​ កាស្ត្រូ (Fidel Castro) និង​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្ស៊េន និង​បច្ចេក​វិទ្យា​ជីវៈ និង​ដាក់​កម្រង​ផ្កាគោ​រព​វិញ្ញាណក្ខន្ធ​នៅវិមាន​អនុស្សាវ​រីយ៍ ចូហ្សេ ម៉ាទី (José Martí)។

លោក​ក៏នឹង​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​និង​រស់​នៅ​ក្នុង​ប្រទេស​គុយបា​ ផង​ដែរ។

លោក​ ហ៊ុន សែន នឹង​ចាក​ចេញ​ពីទីក្រុង​ហាវ៉ា​ណា ឆ្ពោះទៅ​កាន់​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ដើម្បីចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​ថ្នាក់​ជាតិ​របស់​លោក ស៊ីន​ហ្សូ អាបេ​ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​ ២៧ ខែ​កញ្ញា។​

សេចក្តី​ប្រកាស​ព័ត៌​មាន​បញ្ជាក់​ថា៖ «អតីត​នាយក​រដ្ឋមន្ត្រី ​ឯកឧ​ត្តម អាបេ ស៊ីន​ហ្សូ គឺជាមិត្ត​ដ៏ល្អយូរ​អង្វែង​របស់​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​និង​កម្ពុជា​។ នៅក្នុង​អាណត្តិ​ជានាយក​រដ្ឋ​មន្ត្រី​របស់​ឯក​ឧត្ដម ​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​នោះ​រួម​ទាំង ការ​លើក​កម្រិត​កិច្ចសហ​ប្រតិបត្តិ​ការ​ទ្វេភាគី​ឱ្យ​ក្លាយ​ទៅ​ជាភាព​ជាដៃ​គូយុទ្ធ​សាស្ត្រ នៅ​ឆ្នាំ ២០​១៣»​។

សេច​ក្តីប្រកាស​ព័ត៌​មាន​លើក​ឡើង​ថា លោក ​អាបេ ត្រូវ​បានគេ​ទទួលស្គា​ល់ និងកោ​តសរសើរ​យ៉ាង​ទូលំទូលាយ​ចំពោះ​ភាព​ជាអ្នកដឹក​នាំប្រកប​ដោយ​សមត្ថភា​ព ក្នុង​ការជំរុ​ញវឌ្ឍន​ភាព​របស់​ជប៉ុន និង​ការ​ចូល​រួមចំណែក​យ៉ាង​សកម្ម​ដល់ស​ន្តិភាព ស្ថិរ​ភាព និង​វិបុល​ភាព​នៅក្នុង​តំបន់ និង​ពិភព​លោក​ទាំង​មូល​។

ក្នុង​អំឡុង​ពេលស្នាក់​នៅ​ទីក្រុង​តូក្យូ លោក ហ៊ុន សែន ក៏រំពឹង​នឹង​ជួប​ជាមួយ​សមភាគី​បរទេស​របស់​លោក និង​ឥស្សរជន​ជប៉ុន​ផ្សេងទៀតផងដែរ។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃរាជ​បណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា បេសស​កម្មទាំង​៣នេះ​គឺជាកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោក ហ៊ុន សែន នៅក្នុ​ងការ​ធ្វើ​ពិពិធកម្ម​ការ​ទូត​របស់​ប្រទេស​កម្ពុជា គឺមាន​ន័យថា​ ជាសកម្ម​ភាព​នៃការ​ពង្រី​ក​ទំនាក់​ទំនង និង​កិច្ច​សហការ​របស់ក​ម្ពុជា​ក្នុង​ទម្រង់​ជាទ្វេភាគី​ផង និង​ជាពហុភាគី​ផង​។

លោក​ថ្លែង​ថា៖ «ដំណើរ​ទស្សន​កិច្ច​នេះ គឺ​មានអត្ថន័យ​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ធ្វើពិពិធ​កម្មការ​ទូត​របស់ខ្លួ​ន ពង្រឹង​តួនាទី​របស់​កម្ពុជា​ទាំង​ក្នុង​ក្រប​ខ័ណ្ឌតំបន់​និង​ពិភព​លោក​ក៏ដូចជា​ការលើ​កកម្ពស់នូ​វគោល​ការណ៍​ពហុភា​គីនិយ​ម»​៕